នាយករដ្ឋមន្ត្រីអង់គ្លេសកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ ខណៈ ចំនួនអ្នកស្លាប់នៅតែកើនឡើង

214
ចែករម្លែក

នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន ត្រូវបានផ្ទេរទៅកាន់បន្ទប់សង្គ្រោះ បន្ទាន់ កាលពីថ្ងៃចន្ទទី៦មេសា នៅពេលស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅៗ ក្នុងការប្រយុទ្ធជាមួយនឹងវីរុសកូរ៉ូណា ខណៈចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតនេះ បានឈានដល់កម្រិតខ្ពស់ថ្មីនៅអឺរ៉ុបនិងសហរដ្ឋអាម៉េរិក។

យោងតាមវិមានរដ្ឋាភិបាលបានឱ្យដឹងថា លោកចនសុន ដែលជាឥស្សរជនលេចធ្លោ បំផុតរងគ្រោះដោយសារកូវីដ១៩ បានតែងតាំងរដ្ឋមន្ត្រីក្រសួងការបរទេស លោកដូមីនិក រ៉ាអាប ឱ្យជំនួសតំណែងគាត់បណ្តោះអាសន្ន ប៉ុន្តែនៅដឹងខ្លួនធម្មតា។

ដំណឹងនេះកើតឡើងនៅពេលដែលចំនួនអ្នកស្លាប់ដោយសារវីរុសនេះបានលោតឡើងខ្ពស់នៅអឺរ៉ុបខាងលិចនិងបានកើនឡើងដល់ ១ ម៉ឺននាក់នៅសហរដ្ឋអាម៉េរិក ដោយធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងពិភពលោកកើនដល់ ៧៣.០០០ នាក់ក្នុងចំណោមករណីដែលបានបញ្ជាក់ជាង ១,៣២ លាននាក់។

នៅក្នុងការព្រមានយ៉ាងខ្លាំងក្លាពីភាគីទាំងសងខាងនៃមហាសមុទ្រអាត្លង់ទិក អធិការបតីអាល្លឺម៉ង់លោកស្រី អ៊ែនជេឡា មឺគែល បាននិយាយថា សហភាពអឺរ៉ុបកំពុងប្រឈមមុខនឹងការសាកល្បងដ៏ធំបំផុតរបស់ខ្លួន ខណៈក្រុមមន្រ្តីអាម៉េរិកបាននិយាយថា ពលរដ្ឋអាម៉េរិកគួរតែត្រៀមលក្ខណៈ ប្រៀបធៀបរឿងអាក្រក់បំផុតនេះទៅនឹងការវាយប្រហារក្នុងឆ្នាំ ១៩៤១ លើកំពង់ផែ ភៀលហាបឺ។

សញ្ញានៃការស្រាកស្រាន្ត ដែលអាចនឹងកើតមាននៅអឺរ៉ុប កន្លែងដែលចំនួន អ្នកស្លាប់ដោយសារវីរុសប្រចាំថ្ងៃបានថយចុះនោះ ត្រូវបានបំផ្លាញទៅវិញ ដោយចំនួនអ្នកស្លាប់កើនឡើងខ្ពស់ដល់ទៅ ៨៣៣ នាក់នៅបារាំងនិង ៦៣៦ នាក់នៅអ៊ីតាលីកាលពីថ្ងៃចន្ទ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង លោក អូលីវើ វើរ៉ាន់ និយាយថា “យើងមិនទាន់ ឈានដល់ទីបញ្ចប់នៅឡើយទេ”។

លោកចនសុនត្រូវបានផ្ទេរទៅបន្ទប់សង្គ្រោះបន្ទាន់ ខណៈចំនួនអ្នកស្លាប់នៅអង់គ្លេស បានកើនឡើងដល់ខ្ទង់ ៥.០០០ នាក់ ក្នុងនោះមានអ្នកស្លាប់ខ្ទង់ ៤០០ ប្រចាំថ្ងៃ។

វិមានរដ្ឋាភិបាលបានប្រកាសថា “នៅអំឡុងរសៀលនេះ ស្ថានភាពរបស់លោក នាយករដ្ឋមន្ត្រីកាន់តែអាក្រក់ទៅ និង តាមដំបូន្មានរបស់ក្រុមវេជ្ជបណ្ឌិតរបស់គាត់ គាត់ត្រូវបានផ្ទេរទៅបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ”៕ ដោយ៖ កញ្ញាដាលីស/Ha