នាយករដ្ឋមន្ត្រីអង់គ្លេសចាកចេញពីបន្ទប់សង្គ្រោះបន្ទាន់ ក្រោយ អាការជំងឺធូរស្បើយ

225
ចែករម្លែក

នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន ត្រូវបានផ្ទេរចេញពីបន្ទប់សង្គ្រោះបន្ទាន់ កាលពីថ្ងៃព្រហស្បតិ៍ទី៩មេសា នៅឯមន្ទីរពេទ្យទីក្រុងឡុងដ៍ កន្លែងដែលគាត់កំពុង សម្រាកព្យាបាលជំងឺកូវីដ១៩ ខណៈរដ្ឋាភិបាលរបស់គាត់បានប្រាប់ជនជាតិអង់គ្លេស ឱ្យត្រៀមខ្លួនសម្រាប់ការបិទប្រទេសច្រើនសប្តាហ៍ទៅមុខទៀត។

លោកចនសុន បានស្ថិតនៅបន្ទប់ ICU នៅឯមន្ទីរពេទ្យ St. Thomas´ ចាប់តាំងពីថ្ងៃចន្ទ បន្ទាប់ពីរោគសញ្ញារបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗ។

ការិយាល័យរបស់លោកចនសុននិយាយថា គាត់ត្រូវបានផ្ទេរនៅល្ងាចថ្ងៃ ព្រហស្បតិ៍ពីបន្ទប់ ICU ត្រឡប់ទៅបន្ទប់ធម្មតា កន្លែងដែលគាត់នឹងទទួលបានការ ត្រួតពិនិត្យយ៉ាងដិតដល់ក្នុងដំណាក់កាលដំបូងនៃការជាសះស្បើយរបស់គាត់។

ការិយាល័យរបស់គាត់និយាយថា លោកចនសុនមាន “ស្មារតីល្អណាស់”។

មេដឹកនាំអង់គ្លេសរូបនេះបានធ្វើតេស្តវិជ្ជមានកូវីដ១៩កាលពីពីរសប្តាហ៍មុន ហើយពីដំបូងមានរោគសញ្ញា “ស្រាល” ប៉ុណ្ណោះ។ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពី ថ្ងៃអាទិត្យនិងត្រូវបាននាំទៅបន្ទប់ ICU នៅមួយថ្ងៃក្រោយមក។ លោកចនសុនបានទទួលអុកស៊ីសែនដោយមិនត្រូវបានគេដាក់ឱ្យដកដង្ហើមតាមម៉ាស៊ីនដកដង្ហើមនោះទេ។

អាការរបស់គាត់ហាក់បានធូរស្រាលច្រើនកាលពីថ្ងៃព្រហស្បតិ៍។ កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេសលោក ដូមីនិក រ៉ាអាប ដែលធ្វើជានាយករដ្ឋមន្រ្តី ស្តីទីក្នុងអំឡុងកិច្ចប្រជុំសំខាន់ៗ បាននិយាយថា លោកចនសុនកំពុង “បោះជំហាន ទៅមុខជាវិជ្ជមាន”។

ដំណឹងនៃការធូរស្បើយរបស់លោកចនសុនត្រូវបានស្វាគមន៍ពីគ្រប់មជ្ឈដ្ឋាន នយោបាយអង់គ្លេស និងពីប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំផងដែរ ដោយលោកសរសេរនៅលើ Twitter ថា “ដំណឹងអស្ចារ្យ នាយករដ្ឋមន្ត្រីបូរីស ចនសុន ទើបចេកចេញពីបន្ទប់សង្គ្រោះបន្ទាន់។ ឆាប់ជាសះស្បើយបូរីស!!!”៕ ដោយ៖ កញ្ញាដាលីស/Ha

លោក បូរីស ចនសុន មានសភាពធូរស្បើយវិញហើយពីកូវីដ១៩