នាយករដ្ឋមន្ត្រីអ៊ីតាលីព្រមានថា សហភាពអាចដួលរលំបើប្លុកនេះខកខានជួយប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុតដោយមេរោគកូរ៉ូណា

138
ចែករម្លែក

នាយករដ្ឋមន្រ្តីអ៊ីតាលីបានព្រមានថាសហភាពអឺរ៉ុបអាចនឹងដួលរលំប្រសិនបើប្លុកនេះខកខានក្នុងការជួយរកវិធីជួយប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយវីរុសកូវីដ១៩។

លោក ឌ្យូសេបប៉េ កុងតេ បាននិយាយថា សហភាពអឺរ៉ុបចាំបាច់ត្រូវតែងើបឡើង “ប្រឈមមុខនឹងបញ្ហាធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២” ឬ ហានិភ័យផ្សេងទៀត ដែលត្រូវបានព្រមព្រៀងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

លោកបានថ្លែងបែបនេះ ខណៈកិច្ចចរចាដែលជាប់គាំងលើកញ្ចប់ជំនួយហិរញ្ញវត្ថុទូទាំងអឺរ៉ុបបានគ្រោងបន្តធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ក្រោយបរាជ័យកាលពីដើមសប្តាហ៍។

អឺរ៉ុបត្រូវគេរំពឹងថានឹងទទួលរងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រាលជ្រៅនៅឆ្នាំនេះបន្ទាប់ពីវិធានការបិទប្រទេសយ៉ាងតឹងរ៉ឹងត្រូវបានដាក់នៅនឹងកន្លែងដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩ដ៏សាហាវបំផុតនៅលើពិភពលោក។

ក្រុមអ្នកការទូតបានចាប់ផ្តើមដាក់សម្ពាធលើហូឡង់ដើម្បីឱ្យគាំទ្រលើផែនការបញ្ចេញថវិកាទ្រទ្រង់សេដ្ឋកិច្ចចំនួន ៥០០ លានអឺរ៉ូ។

នេះជាការខ្វែងគំនិតគ្នារវាងបណ្តារដ្ឋរិះថាំនៅអឺរ៉ុបខាងជើង ដែលរងគ្រោះតិចតួចពីកូវីដ១៩ និង បណ្តារដ្ឋចាយឥតប្រណីដៃនៅអឺរ៉ុបភាគខាងត្បូង ដូចជា អ៊ីតាលីនិងអេស្ប៉ាញ ដែលរងគ្រោះខ្លាំងជាងគេ។

ប្លុកដែលមាន២៧ប្រទេសនេះត្រៀមរួចរាល់នូវវិធានការដើម្បីជួយរដ្ឋាភិបាល ក្រុមហ៊ុន និងបុគ្គលនីមួយៗឆ្លងកាត់វិបត្តិសេដ្ឋកិច្ច។

កិច្ចប្រជុំតាមវីដេអូ១៦ម៉ោងអំពីកញ្ចប់ថវិកាសង្គ្រោះពីល្ងាចថ្ងៃអង្គារត្រូវបានពន្យារពេលរហូតដល់ថ្ងៃព្រហស្បតិ៍ ព្រោះពួករដ្ឋមន្ត្រីហិរញ្ញវត្ថុជាប់គាំងលើចំណុចលម្អិតទាក់ទងនឹងរបៀបចែករំលែកបំណុលគ្នា។

លោកនាយករដ្ឋមន្ត្រីកុងតេបានប្រាប់ BBC ថា “វាជាការប្រឈមធំបំផុតចំពោះការរស់រាននៃតំបន់អឺរ៉ុប។ បើអឺរ៉ុបខកខានបំពេញនូវគោលនយោបាយរូបិយវត្ថុនិងហិរញ្ញវត្ថុមិនបានគ្រប់គ្រាន់សម្រាប់ការប្រឈមធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ នោះមិនគ្រាន់តែជនជាតិអ៊ីតាលីប៉ុណ្ណោះទេតែថែមទាំងពលរដ្ឋអឺរ៉ុបទាំងមូលនឹងខកចិត្តយ៉ាងជ្រាលជ្រៅ”។

កញ្ចប់ថវិកា ដែលនឹងនាំមកទ្វីបអឺរ៉ុបនូវការឆ្លើយតបសារពើពន្ធសរុបចំពោះជំងឺរាតត្បាតចំនួន ៣,២ លានលានអឺរ៉ូ ដែលជាចំនួនទឹកប្រាក់ធំបំផុតលើពិភពលោក នឹងរួមបញ្ចូលជំហានជាដំណាក់កាលជាច្រើន ដែលនឹងធ្វើឡើងឥឡូវ និង ផែនការជាច្រើនដើម្បីគាំទ្រនាពេលក្រោយទៀតនៅពេលសេដ្ឋកិច្ចចាប់ផ្តើមរើបឡើងវិញ៕ ដោយ៖ កញ្ញាដាលីស

លោក ឌ្យូសេបប៉េ កុងតេ នាយករដ្ឋមន្ត្រីអ៊ីតាលី