នារី​រងគ្រោះ​ដោយ​ការ​ជះ​ទឹក​អាស៊ីត​ប្តឹង​អតីត​មិត្ត​ប្រុស​ទៅ​តុលាការ​

1080
ចែករម្លែក

​នារី​រងគ្រោះ​នៃ​ការ​ជះ​ទឹក​អាស៊ីត កំពុង​ប្តឹងផ្តល់​អតីត​មិត្ត​ប្រុស​របស់​នាង​ទៅ​តុលាការ ដើម្បី​ទារ សំណង​ជំងឺ​ចិត្ត​ប្រមាណ ២៨៥.០០០ ដុល្លារ បន្ទាប់ពី​នាង​មាន​ស្លាកស្នាម​គួរឱ្យខ្លាច​មួយជីវិត​។ ចំណែកឯ​ភ្នែក​ឆ្វេង​របស់​នាង​មើល​ឃើញតែ ១០ ភាគរយ ក្រោយពី​ជនល្មើស​ជះ​អាស៊ីត​ដាក់​នាង នៅតាម​ផ្លូវ​។

​នាង វ៉ា​ណេ​សា មុន​ស្ទើ​ម៉ាន់ (Vanessa Münstermann) វ័យ ២៩​ឆ្នាំ ដែល​រស់នៅក្នុង​ទីក្រុង ហែ​ន​ណូ​វើ (Hannover) ប្រទេស​អាល្លឺម៉ង់ បានដាក់​រហស្សនាម​ខ្លួន​ឯង​ថា​នាង​មុខ​ពីរ​( Two Face)​ហើយ​ថែមទាំង​បាន​ចាក់​សាក់​ពាក្យ​នេះ​លើ​ដើមទ្រូង​របស់​នាង​ទៀតផង​។​

​ជនល្មើស​ឈ្មោះ ដា​នី​ញែ​ល អេ​ហ្វ (Daniel F) បាន​ជាប់ពន្ធនាគា​រកា​លពី​ឆ្នាំ​២០១៦ រយៈពេល ១២ ឆ្នាំ បន្ទាប់ពី​ជះ​ទឹក​អាស៊ីត​លើ​មុខ​របស់​នាង​។​

​មេធាវី​តំណាងឱ្យ​ជនល្មើស​វ័យ ៣៣ ឆ្នាំ​ខាងលើ​និយាយថា កូនក្តី​របស់គាត់​គ្មាន​លទ្ធភាព​បង់ សំណង​ជំងឺ​ចិត្ត​នេះ​ទេ ព្រោះ​វា​ច្រើនពេក​។​

​កាលពី​ថ្ងៃទី​១៦ ខែសីហា តុលាការ​អាល្លឺម៉ង់ បាន​ទទួលស្គាល់ថា ចំនួន​ប្រាក់​សំណង​ជំងឺ​ចិត្ត ដែល​ជនរងគ្រោះ​ទាមទារ​ខ្ពស់​លើស​កម្រិតស្តង់ដារ​រប​ស់​អាល្លឺម៉ង់ ប៉ុន្តែ​និយាយថា វា “​ស័ក្តិសម​” ចំពោះ​ទង្វើ​ដ៏​ឃោរឃៅ​ប្រព្រឹត្ត​ដោយ​ជនល្មើស​។

​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា កន្លងមក​ឪពុកម្តាយ​របស់​ជនល្មើស​សុខចិត្ត​ផ្តល់​សំណង ជំងឺ​ចិត្ត​ចំនួន ១១៥.០០០ ដុល្លារ ប៉ុន្តែ​នារី​រងគ្រោះ​មិន​ព្រម​ទទួលយក​។

​ទោះជា​យ៉ាងណា តុលាការ​មិនទាន់​សម្រេច​នៅឡើយ​ទេ​ជុំវិញ​ចំនួន​ប្រាក់​សំណង​ជំងឺ​ចិត្ត​នេះ​៕ ប្រែ​សម្រួល​: ខុម​