នាវាមុជទឹក​អង់គ្លេស​ច្រើន​គ្រឿង ត្រូវបាន​បញ្ជូន​ទៅ​ជិត​ស៊ី​រី​ដើម្បី​ត្រៀម​វាយប្រហារ​

1238
ចែករម្លែក

​កាសែត Daily Telegraph របស់​អង់គ្លេស បាន​និយាយថា នាវាមុជទឹក​អង់គ្លេស​ច្រើន​គ្រឿង ត្រូវបាន​បញ្ជូន​ទៅ​ជិត​ប្រទេស​ស៊ី​រី ដើម្បី​ងាយស្រួល​ក្នុង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ជិត​​ស្របពេល ការវាយប្រហារ​ប្រឆាំង​របប​ស៊ី ដែល​ដឹកនាំ​ដោយ បា​សា អាល់ អា​ស្សាត ត្រូវបាន​រំពឹងថា​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ (​ទី​១២​ខែ​មេសា​)​។​

​កាសែត​នេះ​បាន​រាយការណ៍​ថា បទបញ្ជា​បញ្ជូន​នាវាមុជទឹក​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​ដោយ​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី​Theresa May ហើយ​ថា​លោកស្រី​បាន​ហៅ​កោះប្រជុំ​ក្រុម​រដ្ឋមន្ត្រី​របស់​លោកស្រី ជា​បន្ទាន់​ដើម្បី​​ដើម្បី​ពិភាក្សា​អំពី​ថា​តើ​អង់គ្លេស​នឹង​ឆ្លើយតប​យ៉ាងណា​ចំពោះ​ការវាយប្រហារ​ដោយ​អាវុធ​គីមី​​កាលពី​ចុង​សប្តាហ៍​មុន លើ​ទីក្រុង​Douma ប្រទេស​ស៊ី​រី ។​

​សារព័ត៌មាន Sky News បាន​រាយការណ៍​ថា លោកស្រី Theresa May នឹង​ស្នើ​ឱ្យ​គណៈរដ្ឋមន្ត្រី​របស់​លោក​ស្រី អនុម័ត​ការចូលរួម​របស់​អង់គ្លេស​នៅក្នុង​ការវាយប្រហារ​ដែលដឹ​ក​នាំ​ដោយ​អាមេរិក​និង​បារាំង ប្រឆាំង​ទីតាំង​ដាក់អាវុធ​គីមី​របស់​ស៊ី​រី​។

​អ្នកនាំពាក្យ​របស់​លោក​ស្រី Theresa May បាន​និយាយថា គណៈរដ្ឋមន្ត្រី នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​សេចក្តីរាយការណ៍​អំពី​ការបញ្ជូន​នាវាមុជទឹក​អង់គ្លេស​នេះ បាន​កើតឡើង បន្ទាប់ពី​មាន​ការព្រមាន​ពី​​ប្រធានាធិបតី​អា​មេ​រិ លោក ដូ​ណា​ល់ ត្រាំ ចំពោះ​រុស្ស៊ី​និង​ស៊ី​រី ឱ្យ​ត្រៀមខ្លួន​ចំពោះ​​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​។ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា មី​ស៊ី​ល​ថ្មី​និង​ទំនើប​របស់​អាមេរិក​នឹង​ប្រើ​ក្នុង​ការវាយប្រហារ​នេះ​។

​កាលពី​ខែ​មេសា ឆ្នាំ​២០១៧ កងទ័ព​អាមេរិក បាន​បាញ់​មី​ស៊ី​ល​Tomahawk ជា​ច្រើន​គ្រាប់​ទៅលើ​ប្រទេស​ស៊ី​រី​​ក្នុង​ការឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ឧស្ម័ន​ពុល​សារី​ន នៅ​ទីក្រុង​Khan Sheikhoun ប្រទេស​ស៊ី​រី​៕​ដោយ​៖​សុខា​/sn


​នាវាមុជទឹក​អង់គ្លេស​