នៅ​កន្លែង​ប៉ូលិស គួរតែមាន​សុវត្ថិភាព និង​ការទទួលខុសត្រូវ​ជាង​នេះ​!

214
ចែករម្លែក

កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ លោក ហុក តាំង​ហុង បាន​បង្ហោះ​វិ​ដេ​អូ​ឃ្លី​ប តាម ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ឈ្មោះ Hok Tanghong អមដោយ​សារ​ជា​អក្សរ វីដេអូ និង​រូបភាព​មួយចំនួន ស្តីពី​ការបាត់បង់​សម្ភារ​ឡាន​ដែល​ត្រូវបាន​ប៉ូលិស ចាប់​ឃាត់ទុក ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​១៣ ខែមេសា​។​

​ការថត​បង្ហោះ​នោះ ត្រូវបាន​លោក ហុក តាំង​ហុង លើកឡើងថា ដោយមាន​ការសោក ស្តាយ និង​ឈឺចាប់​នូវ​ការបាត់បង់​សម្ភារៈ​របស់​រថយន្ត (​គ្រឿង​រថយន្ត​) នៅ​បរិវេណ​អធិការដ្ឋាន​នគរបាល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក​នោះ លោក ហុក តាំង​ហុង បានសរសេរថា «​នេះហើយ​ឡាន​ខ្ញុំ​ដែល​បាន រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល ស្រុក​អង្គស្នួល ខេត្តកណ្តាល ហើយ ពេល​មក​គ្រឿង​ពេញ ដល់ពេល​មក​ដក​ឡាន​វិញ ស៊ី​គ្រឿង​អស់ សុំ​ខ្លាច​ហើយ​លោក​ប៉ូលិស​…»​។​

​ភ្លាមៗ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ក៏បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ ខ្លួន​ជូន ដំណឹង​ដល់​សាធារណជន​ថា ពាក់ព័ន្ធ​ជាមួយ​ករណី​រថយន្ត​បា​ឡែ​ន (ពណ៌​ស ) ដែល​ជួប​គ្រោះ ថ្នាក់​ចរាចរណ៍ ហើយ​ត្រូវបាន​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ហើយ​បាន​បាត់ សម្ភារៈ​មួយចំនួន ដូចជា ធុង​ទឹក ម៉ាញ៉េ ចង្កៀង​មុខ​មួយគូ​។ បញ្ហា​ខាងលើនេះ​អង្គភាព​អធិការដ្ឋាន នគរបាល​ស្រុក​អង្គស្នួល ទទួលស្គាល់​កំហុស លើ​កង្វះខាត​នៃ​ការគ្រប់គ្រង​។ ចំណែក​សម្ភារ​មួយ ចំនួន ដែល​បាត់បង់ អធិការដ្ឋាន​នគរបាល ស្រុក​អង្គស្នួល នឹង​ដោះស្រាយ​ជាមួយ​ម្ចាស់​រថយន្ត​»​។​

​នៅ​រសៀល​ថ្ងៃទី​១៤ ខែឧសភា ម្ចាស់​រថយន្ត លោក ហុក តាំង​ហុង​ក៏បាន​ចូលខ្លួន​ដោះស្រាយ ជាមួយ​ប៉ូលិស លោក​អនុសេនីយ៍ឯក សុខ សំណាង នាយផ្នែក​សណ្តាប់ ធ្នាប់​នៃ​អធិការដ្ឋាន នគរបាល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ប៉ូលិស បាន​ជួយ​សម្រួល​ជា​សំណង​ថវិកា ១២០០ ដុល្លារ​សង​ចំពោះ​ការបាត់បង់​សម្ភារ​រថយន្ត​របស់ លោក ហុក តាំង​ហុង ដើម្បី​បញ្ចប់រឿង​។​

​លោក ហុក តាំង​ហុង ក៏បាន​យល់ព្រម លុបចោល​វីដេអូ រូបថត និង​សារ​លើ​ហ្វេ​ស​ប៊ុ​ក ដែល​ខ្លួន បាន​បង្ហោះ កាលពី​ថ្ងៃទី​១៣ ខែឧសភា ហើយ​បាន​សរសេរ​បង្ហោះ​សារ​ថ្មី​នៅ​ថ្ងៃទី​១៤​ខែឧសភា ពី​ការជួប​ដោះស្រាយ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ដោយបាន​ប្រកាស​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ជាន់ថ្នាក់ ដែល​បាន​ជួយ​អន្តរាគមន៍​ទាន់ពេល លើ​បញ្ហា​ដែល​កើត ឡើង​នេះ ហើយក៏​សូម​អរគុណ​ដល់​មហាជន លើ​បណ្ដាញ​សង្គម​ហ្វេ​ស​បុក និង​បណ្តាសារ ព័ត៌មាន​ទាំងអស់ ដែល​បាន​ជួយ Like & share បន្ត​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ដើម្បី​ផ្តល់ ភាពយុត្តិធម៌​ដល់​រូបលោក​។​
​ ​
​ការបញ្ចប់​រឿងនេះ មាន​ថតរូប និង​ធ្វើលិខិត ផ្តិតមេដៃ រវាង​ម្ចាស់​រថយន្ត និង​ប៉ូលិស​នៅ​ស្រុក អង្គស្នួល ខេត្តកណ្តាល ផងដែរ​។​
​ ​
​កន្លងមក មហាជន​ក៏​តែងតែ​លើកឡើង​ករណី​បាត់​គ្រឿង​ម៉ូតូ​ឡាន នៅពេល​ប៉ូលិស​ចាប់​អូស យក​ឡាន​ម៉ូតូ ដែល​ល្មើសច្បាប់ ឬក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​យកទៅ​រក្សាទុក​នៅ​កន្លែង​ប៉ូលិស​។ ប៉ុន្តែ​បញ្ហា​ស៊ី​គ្រឿង​ម៉ូតូ​ឡាន​នេះ ក៏​ត្រូវបាន​ថ្នាក់ដឹកនាំ​ប៉ូលិស ដាក់បទបញ្ជា​រឹតបន្តឹង​ថែមទាំង កំណត់​ក្នុង​ច្បាប់​ចរាចរណ៍ ដើម្បី​ដាក់ទោស​លើ​មន្ត្រីប៉ូលិស ដែល​ប្រព្រឹត្ត​កំហុស​ថែម​ទៀតផង​។​
​ ​
​មាត្រា ៧៤ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក កំណត់ថា «​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​ណា ដែល​នៅក្នុង​ក្របខ័ណ្ឌ​មុខងារ ឬ​ក្នុងឱកាស​បំពេញ​មុខងារ​របស់ខ្លួន​ដែល​បាន​ដកហូតយក​ប័ណ្ណ បើកបរ ផ្លាកលេខ បណ្ណ​សម្គាល់​យានជំនិះ ឬ​ឃាត់ទុក​យានជំនិះ​ដោយ​បំពាន​ច្បាប់​ត្រូវ​ផ្តន្ទា ទោស​ដាក់ពន្ធនាគារ​ពី ៦​ថ្ងៃ ទៅ ១​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ ៨​សែន​រៀល​។ ក្នុងករណី ដែល​មន្ត្រីនគរបាល​ច​រា​ចរណ៍​ផ្លូវគោក ធ្វើ​ឲ្យ​មានការ​ខូចខាត​ឬ​បាត់បង់​ផ្នែក​ណាមួយ នៃ​យានជំនិះ ដែល​បាន​ឃាត់ទុក អង្គភាព​សាមី ត្រូវ​ទទួលខុសត្រូវ ក្នុង​ការសង​ការខូចខាត ឬ​បាត់បង់​នោះ​»​។​
​ ​
​ករណី​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្តាល គឺជា​មេរៀន​ថ្មី​មួយទៀត​សម្រាប់ ប៉ូលិស ក៏ដូចជា​ម្ចាស់​យានយន្ត​។ នោះ​គឺ​ប៉ូលិស ពេល​ចាប់​រឹបអូស យក​ម៉ូតូ​ឡាន ដែល​ល្មើសច្បាប់ ឬក៏​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​មួយណា​នោះ គួរតែ​បង្កើន​ការយកចិត្តទុកដាក់ មើលថែរក្សា ពោលគឺ​មិនគួរ​មាន​ប៉ូលិស​ខិលខូច​ណា បើកដៃ​ឲ្យ​គេ​ចូល​លួច​ដោះ​គ្រឿង​ម៉ូតូ​ឡាន ឬក៏​លួច​ដោះ ដោយ​ខ្លួនឯង ដើម្បី​យក​គ្រឿង​ម៉ូតូ​ឡាន​នោះឡើយ​។​
​ ​
​ម្យ៉ាងវិញទៀត ករណី​ថ្មី​នេះ ក៏​អាច​ឲ្យ​ប្រជាពលរដ្ឋ ម្ចាស់​យានយន្ត យក​ធ្វើជា​បទពិសោធន៍ ហើយ​បើ​ជួប​បញ្ហា​ដូច​បុរស​ខាងលើនេះ គឺ​សម័យ​ហ្វេ​ស​ប៊ុ​ក​ហើយ អាច​ថត​បង្ហោះ​នូវ​អ្វី​ដែលជា ហេតុការណ៍​ពិត ពេលនោះ ច្បាស់​ជា​លឺ​ដល់​ថ្នាក់លើ ហើយនឹង​មាន​អន្តរាគមន៍ ជា​ដំណោះស្រាយ ផ្តល់​យុត្តិធម៌​ដូច​ករណី​ខាងលើ​ជាក់​ជាមិនខាន​។​
​ ​
​ករណីនេះ ក៏​ជាការ​ដាស់តឿន​ដល់​ប៉ូលិស​ខិលខូច​មួយចំនួន ដែលជា​អ្នកអនុវត្ត​ច្បាប់​គួរតែ​រាង ចាល និង​កុំ​ចេះតែ​ហ៊ាន ព្រោះ​សម័យនេះ ជា​សម័យ​ហ្វេ​ស​ប៊ុ​ក ស្រួល​មិន​ស្រួល របូត​ទាំង​យស អស់ទាំង​ស័ក្តិ ក៏​អាច​ថា​បាន បើសិនជា​ប៉ូលិស​ខិលខូច​នោះ នៅតែ​ហ៊ាន​ប្រព្រឹត្ត​ល្មើសច្បាប់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​អង្គភាព​ប៉ូលិស​ទាំងមូល​នោះ​៕ ដោយ​: ម៉េង​ឆៃ​