បង់​ក្លា​ដែ​សត​វ៉ា​ទៅ​មី​យ៉ាន់​ម៉ា​ជុំវិញ​ការមកដល់​ថ្មី​របស់​ជនភៀសខ្លួន​ពី​រដ្ឋ​រ៉ា​ឃី​ន​

707
ចែករម្លែក

​មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៦​កុម្ភៈ​ថា​បង់​ក្លា​ដែ​ស​បានធ្វើ​ការតវ៉ា​ទៅ​មី​យ៉ាន់​ម៉ា​អំពី​ការហូរចូល​នៃ​ជនភៀសខ្លួន​ថ្មី​ដែល​រត់​ចេញពី​រដ្ឋ​រ៉ា​ឃី​ន​ដែលមាន​បញ្ហា បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​សន្តិសុខ​និង​ក្រុម​បះបោរ​។​

​ក្រសួងការបរទេស​ប​ង់​ក្លា​ដែ​សបាន​កោះហៅ​ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការមកដល់​របស់​ពួក​ភៀសខ្លួន​មកពី​រដ្ឋ​រ៉ា​ឃី​ន បន្ទាប់ពី​ការបង្ក្រាប​របស់​យោធា​ទៅលើ​ពួក​រ៉ូ​ហ៊ីង​យ៉ា​មូស្លីម​កាលពី​ខែសីហា ឆ្នាំ ២០១៧ ដែល​បាន​បញ្ជូន​មនុស្ស​ជាង ៧០០.០០០ នាក់​ឆ្លងកាត់​ព្រំដែន​។​

​មន្ត្រី​ក្រសួងការបរទេស​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​ពុំ​ផ្តល់​តួលេខ​ជាក់លាក់ ថា អ្នក​មក​ថ្មី​ទាំងនោះ​គឺ​មកពី​រដ្ឋ​រ៉ា​ឃី​ន​កាន់​ពុទ្ធសាសនា​និង​ក្រុម​កុលសម្ព័ន្ធ​ដទៃទៀត​។​

​មន្ត្រី​រូបនោះ​បាន​និយាយថា “​ចំនួន​នេះ​កំពុង​កើនឡើង​។ អ្នកខ្លះ​កំពុង​រង់ចាំ​នៅតាម​ព្រំដែន​ហើយ​ពួកគេ​ក៏​អាច​ចូលមក​ផងដែរ​។ យើង​បាន​សុំឱ្យ​ពួកគេ (​មី​យ៉ាន់​ម៉ា​) ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​បញ្ឈប់​អំពើហិង្សា​” ។​

​មន្ត្រី​ឆ្មាំ​ព្រំដែន​បង់​ក្លា​ដែ​សបាន​និយាយថា​ជនភៀសខ្លួន​បាន​ឆ្លងកាត់​តំបន់ភ្នំ​ដាច់ស្រយាល​មួយ​នៃ​ស្រុក​បាន់​ដា​បាន់​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​។​

​បង់​ក្លា​ដែ​សបាន​តស៊ូ​ទប់​ទល់នឹង​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ៧៤០.០០០ នាក់​ដែល​បាន​មកដល់​បន្ទាប់ពី​ខែសីហា​ឆ្នាំ ២០១៧ ដោយ​បន្ថែម​ពីលើ​ចំនួន ៣០០.០០០ នាក់​ដែល​បាន​រត់គេច​ពី​អំពើហិង្សា​នៅ​រ៉ា​ឃី​ន​។​

​បច្ចុប្បន្ន​ភាគច្រើន​នៃ​ជនជាតិភាគតិច​រដ្ឋ​រ៉ា​ឃី​ន​ដែលជា​ពុទ្ធសាសនិក​គឺមាន​ជម្លោះ​ជាមួយ​កងទ័ព ដែល​ពួកគេ​បាន​ជួយ​រុញច្រាន​ពួក​រ៉ូ​ហ៊ីង​យ៉ា​ចេញ​កាលពី ១៨ ខែ​មក​មុន​។​

​នៅ​ថ្ងៃទី ៤ ខែមករា កងទ័ព​អា​រ៉ា​ខាន់ (Arakan Army) ដែលជា​ក្រុម​សកម្មប្រយុទ្ធ​ដែល​អំពាវនាវ​ឱ្យមាន​សិទ្ធិ​ស្វ័យភាព​កាន់តែ​ធំ​សម្រាប់​រដ្ឋ​រ៉ា​ឃី​ន​បានសម្លាប់​មនុស្ស ១៣ នាក់​នៅក្នុង​ការ​វាយឆ្មក់​លើ​ប៉ុស្តិ៍​ព្រំដែន​របស់​ប៉ូលិស​។​

​កងទ័ព​មី​យ៉ាន់​ម៉ា​និយាយថា ជន​សកម្មប្រយុទ្ធ ១៣ នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយបក​សងសឹក​វិញ ខណៈ​អង្គការសហប្រជាជាតិ​និយាយថា យ៉ាងហោចណាស់​មនុស្ស ៥.២០០ នាក់​ត្រូវបាន​ផ្លាស់​ទីលំនៅ​ដោយសារ​អំពើហិង្សា​៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិស​មី​យ៉ាន់​ម៉ា​ឈរ​យាមកាម​នៅមុខ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​នៅ​ពីមុខ​ផ្ទះ​របស់​ពួកគេ