បង្សុកូល ជា​កិ​ច្ចងាយ​ធ្វើ ប៉ុន្តែ​បង្កប់​អត្ថន័យ​ទូលំទូលាយ ជាពិសេស​គោរព​បុព្វបុរស និង​លើក តម្កើង​សុចរិត​ភាព​

305
ចែករម្លែក

​ភ្នំពេញៈ ពិធី​បង្សុកូល​អាចធ្វើ នៅពេលណា ទីណា និង​ធ្វើ​ដោយ​ធនធាន​ប៉ុន្មាន ក៏បាន ពោលគឺ បង្សុកូល គឺជា​កិច្ច​កុសល​មួយ​ដែល​ងាយ​ធ្វើ​។ ទោះយ៉ាងណា ត្រូវបាន​គេ​សង្កេត ឃើញថា បង្សុកូល ត្រូវបាន​គេ​ធ្វើ​ច្រើន​បំផុត នៅក្នុង​ឱកាស​បុណ្យទាន​ធំៗ ដូចជា បុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ និង​បុណ្យកាន់បិណ្ឌ​-​ភ្ជុំបិណ្ឌ​។ ប៉ុន្តែ​តាម​ការកត់សម្គាល់ ខេ​មរ ពុទ្ធ សាសនិក ភាគច្រើន មិនសូវ​ចាប់អារម្មណ៍​សិក្សា​ឱ្យបាន​ស៊ីជម្រៅ​ទូលំទូលាយ អំពី​អត្ថន័យ​នៃ​ពិធី​បង្សុកូល នេះ​ទេ ពោលគឺ​ពួកគេ​ធ្វើ​ទៅតាម​ទម្លាប់ តៗ​គ្នា​តែប៉ុណ្ណោះ ។

​តទៅ​នេះ គឺជា​អត្ថន័យ​ខ្លះៗ ដែល​បង្កប់​នៅក្នុង​ពិធី​បង្សុកូល ដែល​ខេ​មរ ពុទ្ធ​សាស និក ជាទូទៅ ត្រឹមតែ​ធ្លាប់​បានដឹង ឬ​បានឮ​គេ​និយាយ​តៗ​គ្នា​ថា បង្សុកូល គឺធ្វើឡើង ដើម្បី​ឧទ្ទិស​បុណ្យ​កុសល ដល់​អ្នក​ដែល​បាន​ស្លាប់​ទៅហើយ​តែប៉ុណ្ណោះ ។​

​សម្តេចព្រះ​ឧ​ត្ត​ម​ចរិយា បណ្ឌិត ឈឹង ប៊ុន​ឈា បាន​បរិយាយ អំពី​គុណសម្បត្តិ នៃ​ពិធី បង្សុកូល​ថា ” ពិធី​បង្សុកូល មិនមែន​ធ្វើឡើង​គ្រាន់តែ ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិ​កា ទាំង ៧ សន្តាន​របស់ បុគ្គល​ណា​ម្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​រំឭក​ដល់​បុព្វការី​ជន ហើយ​ពាក្យ​ថា បុព្វការី​ជននេះ សំដៅ​ដល់​ជន​ទាំងឡាយណា ដែល​បានធ្វើ​សេចក្តី​ល្អ​ហើយ ដូចជា លោក អ្នក​ដែល​មានគុណ បំណាច់ ចំពោះ​ប្រទេសជាតិ​មាតុភូមិ​ជាដើម ។ ហេតុនេះ ពិធី​បង្សុកូល ក៏បាន​បង្កប់​ទៅដោយ អត្ថន័យ​អប់រំ ឱ្យ​ជនានុជន គោរព​ស្រឡាញ់ ដឹងគុណ​និង​ចងចាំ​បុព្វបុរស របស់ខ្លួន​ដែល​បាន ធ្វើ​ពលិកម្ម​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ប្រទេសជាតិ​មាតុភូមិ​ដែរ ” ។

សម្តេចព្រះ​ឧ​ត្ត​ម​ចរិយា​បណ្ឌិត ឈឹង ប៊ុន​ឈា

​លោក​សាស្តាចារ្យ ស៊ិន សុវណ្ណ​និ សាស្ត្រាចារ្យ​ទស្សន​វិ​ជ្ជ​ពុទ្ធសាសនា នៃ​ពុទ្ធិក​សកលវិទ្យា​ល័យ ព្រះសីហនុ​រាជ បាន​ពន្យល់​អំពី ភាពសាមញ្ញ នៃ​ពិធី​បង្សុកូល​ថា​គេ​មិនចាំបាច់​រៀប ចំ​សង់រោង ឬ​តុបតែង​លម្អ​ផ្ទះ​ឱ្យ​ស្មុគស្មាញ​ទេ ហើយក៏​មិនចាំបាច់ ត្រូវតែ​អញ្ជើញ​ភ្ញៀវ​ញាតិមិត្ត​ជិត​ឆ្ងាយ ដូច​ពិធីបុណ្យ​ផ្សេងៗ​ដែរ គឺ​គេ​អាចធ្វើ​តែម្នាក់ឯង ឬ ជាមួយ​មនុស្ស​ប៉ុន្មាន​នាក់ ក៏បាន​តាម​ប្រាថ្នា ។

​លោក​សាស្តាចារ្យ ស៊ិន សុវណ្ណ​និ បាន​បន្តថា ចំពោះ​អាចារ្យ​វិញ ប្រសិនបើ​មាន​ក៏មាន​ទៅ​ចុះ ប៉ុន្តែ​ប្រសិនបើ​ពុំមាន​អាចារ្យ​ទេ ក៏​មិន​ទាស់ខុស ឬ ជា​បញ្ហា​អ្វី​ដែរ គឺ​គេ​នៅតែ​ធ្វើ​ពិធី​បង្សុកូល​បាន ដោយ​ពេញលេញ ដ្បិតថា គេ​មិនចាំបាច់ ត្រូវតែមាន​អាចារ្យ​ដឹកនាំ​សូត្រ​នមស្សកា​សមាទាន សីល សូត្រធម៌​ឧទ្ទិស​កុសល ជាដើម​ឡើយ គឺ​គេ​គ្រាន់តែ យក​ទេយ្យទាន​ប្រគេន ឬ​ជូន​ដល់ លោក អ្នកមាន​សីល ដែល​អាចជា​ព្រះសង្ឃ ដូនជី តាជី ឬ អ្នក​រក្សាសីល ៥ ជាដើម “​ហើយ​ពោល វាចា​ដោយ​ខ្លួនគេ​ដូចជា​ថា សូម​ឩ​ទ្ទិស​កុសល​នេះ ជូន​ចំពោះ​បុគ្គល​នេះ បុគ្គល​នោះ ជាដើម គឺជា​ការ​គ្រប់គ្រាន់ ” ។

​លោក​សាស្តាចារ្យ ស៊ិន សុវណ្ណ​និ ពន្យល់​បន្ថែមថា ” ធម៌​ដែល​ព្រះសង្ឃ​សូត្រ​ក្នុងពេល​បង្សុកូល មិនមែនជា​ធម៌​ចម្លង ឬ​ធ្វើឱ្យ​សម្រេច​កុសល ដល់​អ្នកស្លាប់​ទៅហើយ​ទេ ព្រោះ​បុណ្យ​កុសល​នោះ បានសម្រេច​រួចទៅហើយ ត្រឹម​ពេល​ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ ហើយ​ព្រះសង្ឃ​ទទួលយក ពោលគឺ​មិនមែន​សម្រេច​បុណ្យ​កុសល​ដោយសារតែ ព្រះសង្ឃ​សូត្រធម៌​ហើយ​អាចារ្យ​សូត្រធម៌ ឱ​ទ្ទិស ( កុសល ) នោះទេ ពោល​គឺថា ទោះបីជា​ព្រះសង្ឃ​មិន​សូត្រធម៌​ក៏​បុណ្យ​កុសល​បាន សម្រេច​ដល់​អ្នក​ដែល​បាន​ស្លាប់​ទៅហើយ​ដែរ ។ ធម៌​ដែល​ព្រះសង្ឃ​សូត្រ​ក្នុង​ពិធី​បង្សុកូល​នោះ គឺជា​ធម៌​ក្រើនរំឭក​ដល់​អ្នក​ដែល​នៅរស់​ពិរ​ចារណា​គឺ​មិនមែនជា​ធម៌​សម្រាប់​អ្នក​ដែល​ស្លាប់ ទៅហើយ​ទេ ” ។

លោក​សាស្តាចារ្យ ស៊ិន សុវណ្ណ​និ នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ

​សម្តេច​បណ្ឌិត ឈឹង ប៊ុន​ឈា សង្កត់ធ្ងន់ថា អ្វីដែល​សំខាន់​នោះ គឺ​ត្រូវ​ចេះ​គោរព​ដឹងគុណ ដល់​បុព្វការី​ជន ឬ​អ្នក​ដែលមាន​គុណបំណាច់​ចំពោះ​ប្រទេសជាតិ ជាដើម​នៅពេលដែល​ពួកលោក រស់រាន​ជីវិត ដែល​ខ្មែរ​យើង​និយម​ប្រៀបធៀប​ថា ធ្វើបុណ្យ​ទាន់​ខែភ្លឺ ។ ការគោរព​និង​ដឹងគុណ ចំពោះ​បុព្វ​បរស​របស់ខ្លួន គឺជា​ស្មារតី​ដ៏​សំខាន់បំផុត​មួយ ក្នុង​ការកសាង​ខ្លួន និង​ប្រទេសជាតិ ឱ្យ​ក្លាយជា​អរិយជាតិ ព្រោះ​ថាបើ​មនុស្ស មិន​គោរព មិន​ចងចាំ មិន​ដឹងគុណ​បុព្វបុរស​ទេ ធ្វើឱ្យ​មនុស្ស​មិន​ចង់​ធ្វើ​ល្អ ឬ មិន​ចង់​លះបង់​ដើម្បី​ប្រយោជន៍ និង ក្តី​សុខ​រួម​ទេ ព្រោះ​គេ​មិន ស្រឡាញ់ មិន​រំភើបចិត្ត មិនមាន​មោទកភាព​ចំពោះ​អំពើ​ល្អ​របស់​បុព្វបុរស​ដូច្នេះ​គេ​ក៏​មិន​ចង់​ធ្វើ បែប​នោះដែរ ហើយ​ការមិន​ចង់ចាំ​បុព្វបុរស ក៏​បានសេចក្តីថា បំភ្លេច​ប្រវត្តិសាស្ត្រ​ដែរ ។ ការ​បំភ្លេច​ប្រវត្តិសាស្ត្រ​ធ្វើ​ឱ្យគេ​មាន​កំហុស​ដដែល​ជា​ដដែល ឬ ពិបាក​ប្រាកដថា ផ្លូវ​ណា​ខុស ផ្លូវ​ណា​ត្រូវ សម្រាប់​ខ្លួនគេ និង សង្គមជាតិ​ជាដើម​។​

​ព្រះសម្មាសម្ពុទ្ធ បាន​បញ្ញត្តិ​ថា “​ពិធី​បង្សុកូល​” គេ​ត្រូវតែ​ធ្វើ​ជាមួយ​អ្នកមាន​សីល ។ អ្នកមាន​សីល គឺជា​មនុស្ស​សុចរិត​ទៀងត្រង់​។ ចំពោះ​បុណ្យ​កុសល នឹង​បាន​ទៅ​អ្នក​ដែល​ស្លាប់​ទៅហើយ តាមរយៈ​ការ​ប្រគេន ឬ ជូន​ទេយ្យទាន​បុគ្គល​អ្នកមាន​សីល គឺជា​រឿង​មួយ​ប៉ុន្តែ​តាមរយៈ​ការ ប្រគេន ឬ​ជូន​ទេយ្យទាន​នោះ គឺជា​ការសង្គ្រោះ​លោកអ្នក​មាន​សីល ព្រោះថា​តាមរយៈ​ការបរិច្ចាគ ទាំងនោះ ទើប​លោក​មិនចាំបាច់​ប្រព្រឹត្ត​អ្វី ដែលជា​អំពើ​នាំមក​នូវ​ការឈឺចាប់​ដល់​ខ្លួនឯង ឬ​អ្នកដទៃ ក៏​លោក​អាច​ញ៉ាំង​អត្តភាព គឺ​ជីវិត​ឱ្យ​ប្រព្រឹត្តទៅបាន ឬថា​គឺជា​ការ​ផ្តល់ឱកាស​ឱ្យ​លោក អ្នកមាន​សីល​ទាំងឡាយ អាច​ទ្រ​ទ្រង់សីល​របស់លោក ដោយ​ក្សេមក្សាន្ត​ហើយក៏​ជាការ​លើក ទឹកចិត្ត ឱ្យ​មនុស្ស​រក្សាសីល​ដែរ​។ អ្នក​រក្សាសីល គឺជា​មនុស្ស​មិន​បង្ក​ការឈឺចាប់​ដល់​អ្នកដទៃ ធ្វើឱ្យបាន​សុខ​ទាំង​ខ្លួន​លោក (​អ្នក​រក្សាសីល​) និង អ្នក​នៅ​ជុំវិញខ្លួន និង​សង្គម​ទាំងមូល​។ ហេតុនេះ ពិធី​បង្សុកូល គឺជា​ការ​ទ្រទ្រង់ និង លើកទឹកចិត្ត​ឱ្យមាន​វប្បធម៌​សន្តិភាព ឬ សុចរិត​ភាព ។​

​ពាក្យ​ថា បង្សុកូល គឺជា​ភាសាបាលី បានសេចក្តីថា របស់​ដែល​ប្រឡាក់​ហ្មងសៅ ។​នៅក្នុង​សម័យ ពុទ្ធកាល នា​ប្រទេស​ឥណ្ឌា នៅពេល​មាន​មនុស្ស​ស្លាប់ គេ​យក​ក្រណាត់​រុំ​សាកសព​រួច​យកទៅ បោះចោល​នៅក្នុង​ព្រៃ​។ នៅពេលដែល​សាកសព​នោះ ស្អុយរលួយ ហួរ​ឈាម ហូរ​ខ្ទុះ ឬ​ត្រូវ សត្វ​ហែក​ស៊ី​ជាដើម ធ្វើឱ្យ​ក្រណាត់ ឬ​សំពត់​រុំ​សព​នោះ ក្លាយទៅជា​របស់​ប្រឡាក់​ហ្មងសៅ​។ សំពត់​ដែល​ប្រឡាក់​នោះឯង​ហើយ ដែល​ហៅថា បង្សុកូល ឬ​សំពត់​បង្សុកូល ។​

​អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា សម្គាល់​សំពត់​រុំ​សព​នោះ​ថា ជា​របស់​គ្មាន​ម្ចាស់ ជា​របស់​គ្មាន​ទោស ក៏​តែងតែ​យក​សំពត់​បង្សុកូល ពោលគឺ​សំពត់ ដែល​ប្រឡាក់​សៅហ្មង​នោះ ទៅ​បោកគក់​លាង ទឹក​សម្អាត ដេរ​ភ្ជាប់​ធ្វើជា​ស្បង់​ចីវរ​ប្រើប្រាស់​។ សកម្មភាព​ទាញយក​សំពត់​ប្រឡាក់​សៅហ្មង នោះឯង ក៏​គេ​ហៅថា បង្សុកូល​ដែរ ។​

​ក្រោយមក សង្គម​មាន​ភាពសម្បូរ​រុងរឿង គេ​ក៏​យក​ក្រ​ណាស់​សំពត់​កញ្ចប់​សាដក ឬ អាហារ​ចំណី និង​សម្ភារ​ប្រើប្រាស់​ជាដើម ដែល​រៀបចំ​យ៉ាង​ផ្ចិតផ្ចង់ ប្រគេន​ដល់​ព្រះសង្ឃ ហើយ​ចាត់ទុក​ទង្វើ នៃ​ការ​ប្រគេន​ព្រះសង្ឃ ហើយ​ព្រះសង្ឃ ទទួល​អនុមោទនា​នោះ ថា​ជា បង្សុកូល ជា​ជំនួស​វិញ ៕ ដោយៈ មេសា​

​ពិធី​បង្សុកូល​ជា​កិច្ច​បុណ្យ​ងាយ​ធ្វើ ប៉ុន្តែ​បង្កប់​អត្ថន័យ​ទូលំទូលាយ
​ពិធី​បង្សុកូល​ជា​កិច្ច​បុណ្យ​ងាយ​ធ្វើ ប៉ុន្តែ​បង្កប់​អត្ថន័យ​ទូលំទូលាយ