បង្ហាញ​ពី​ភាព​ធូរស្រាល​ផង និង សាកល្បង​ផង​!

178
ចែករម្លែក

កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​បើក​ដំណើរការ​សារមន្ទីរ នានា ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ទស្សនា​ឡើងវិញ ចាប់ពី​ខែមិថុនា​តទៅ​។
​ ​
​ជាមួយគ្នានេះ​ក្រសួងសុខាភិបាល​ក៏បាន​ណែនាំ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ថា មុនពេល ដាក់​ឲ្យ​ដំណើរការ​សារមន្ទីរ​ឡើងវិញ​នេះ ត្រូវ​រៀបចំ​វិធានការ​ការពារ​នានា ឲ្យ​រួច​ជាមុន ដើម្បី ជៀសវាង​ហានិភ័យ​នៃ​ការឆ្លង​កូ​វីដ​១៩ ដូចជា ការ​ស្កេ​ន​កំដៅ​ភ្ញៀវ មុន​អនុញ្ញាត​ចូល​ទស្សនា ការប្រើប្រាស់​អាល់កុល ឬ​ជែ​ល​លាងដៃ និង​ត្រូវ​រៀបចំ​ឲ្យ​មាន​គម្លាត​សុវត្ថិភាព​បុគ្គល​ព្រមទាំង ត្រូវ​ពាក់​ម៉ាស ហើយ​ត្រូវអនុវត្ត​ឲ្យ​បាន​គ្រប់​បុគ្គលិក ទាំង​អ្នក​នាំ​ភ្ញៀវ និង​ទាំង​អ្នកបម្រើ នៅ​ទីនោះ​។

​ក្នុង​វិធានការ​ការពារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា ក្រសួង សុខាភិបាល បានប្រកាស​ឲ្យ​សារមន្ទីរ ត្រូវបាន​បិទទ្វារ ផ្អាក​មិន​ឲ្យ​អ្នកទេសចរ​ចូល​ទស្សនា​កាលពី​ខែមីនា​កន្លង ទៅ​ដំណាលគ្នា​នឹង​ការបិទ​សាលារៀន ហាង​ម៉ាស្សា ខារ៉ាអូខេ និង​ក្លិប​ហាត់ប្រាណ​ក្នុងពេល​ជំងឺ កូ​វីដ​១៩ ឆ្លង​រាលដាល​ខ្លាំង​។

​ថ្ងៃទី​២០ ខែឧសភា​នេះដែរ ក្រសួងសុខាភិបាល ក៏​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន អនុញ្ញាត ឲ្យ​ជនបរទេស មកពី​ប្រទេស​ចំនួន​ប្រាំមួយ រួមមាន អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង និង​អាម៉េរិក អាច​ចូលមក​ប្រទេស​កម្ពុជា​ឡើងវិញ ក្រោយពី​ជនបរទេស​ទាំង​ប្រាំមួយ​ប្រទេស​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា បិទ​មិនឱ្យ​ចូលមក​កម្ពុជា ចាប់តាំងពី​ពាក់កណ្តាល​ខែមីនា​កន្លង​ទៅ ក្រោម​ហេតុផល ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ជាមួយនឹង​ការប្រកាស​អនុញ្ញាត​ឲ្យ​ជនបរទេស​ទាំង​ប្រាំមួយ​ប្រទេស អាចធ្វើ​ដំណើរ​ចូលមក ប្រទេស​កម្ពុជា គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ក៏បាន​កត់សម្គាល់ថា គ្រប់​អ្នកដំណើរ​ទាំងអស់ ដែល​ចូលមក​ប្រទេស​កម្ពុជា ទាំង​ជនជាតិខ្មែរ និង​ជនបរទេស គឺ​តម្រូវ​ឲ្យ មាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ( Health Certificate ) បញ្ជាក់ថា គ្មាន​មេរោគ​កូ​វីដ​១៩ ចេញ ដោយ​អាជ្ញាធរ​សុខាភិបាល ដែល​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​សាមី​ក្នុង​រយៈពេល ៧២​ម៉ោង​។

​បន្ថែម​លើសពីនេះ រាជរដ្ឋាភិបាល ក៏បាន​តម្រូវ​ឲ្យ​ជនបរទេស ដែល​ធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា ត្រូវមាន​ឯកសារ​ធានារ៉ាប់រង​សុខភាព ក្នុង​ចំនួន​ទឹកប្រាក់​យ៉ាងតិច ប្រាំ​ម៉ឺន​ដុល្លារ​អាម៉េរិក ក្នុង អំឡុងពេល​ស្នាក់នៅ​កម្ពុជា និង​ត្រូវគោរព​តាម​វិធាន​ផ្សេងៗ​ទៀត​ដែល​កំណត់ដោយ​រាជ​រដ្ឋា ភិ​បាល​កម្ពុជា​។

​ជាមួយគ្នានេះ អ្នកដំណើរ​ទាំងអស់ ទាំង​ជនជាតិខ្មែរ និង​ជនបរទេស​ដែល​ធ្វើដំណើរ​ចូលមក ដល់​កម្ពុជា ត្រូវ​បញ្ជូនទៅ​មណ្ឌល​រង់ចាំ ដើម្បី​ធ្វើតេស្ត​បញ្ជាក់​រក​មេរោគ​កូ​វីដ​១៩ និង​រង់ចាំ​ទទួល លទ្ធផល​ពី​មន្ទីរពិសោធន៍​ប៉ាស្ទ័រ​។​
​ ​
​ក្នុងករណី​មាន​អ្នកដំណើរ​ណា​ម្នាក់ ឬ​ច្រើន ដែល​ត្រូវបាន​រកឃើញថា មាន​វិជ្ជមាន​កូ​វីដ​១៩ នោះ​រាល់​អ្នកដំណើរ​រួមជាមួយ​ផ្សេងទៀត​ទាំងអស់ តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ នៅ​ទីតាំង ដែល​បានកំណត់​។​

​ម្យ៉ាងទៀត ក្នុងករណី​អ្នកដំណើរ​ទាំងអស់ មាន​លទ្ធផល បញ្ជាក់​ពី​មន្ទីរពិសោធន៍​ថា ជំងឺ​កូ​វីដ​១៩ អវិជ្ជមាន នោះ​ពួកគាត់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ក្រោម​ការត្រួតពិនិត្យ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សុខា ភិបាល​ដោយ​តម្រូវ​ឲ្យ​ធ្វើតេស្ត​បញ្ជាក់ ម្តងទៀត នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​
​ ​
​ជាការ​កត់សម្គាល់ ការបើក​សារមន្ទីរ​ឡើងវិញ រួមទាំង​ការអនុញ្ញាត​ឲ្យ​ជនបរទេស ៦​ប្រទេស អាចធ្វើ​ដំណើរ ចូលមក​ប្រទេស​កម្ពុជា នាពេលនេះ បានធ្វើ​ឡើង ខណៈដែល​នៅ​កម្ពុជា មកដល់​ថ្ងៃទី​២០​ឧសភា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ ខណៈដែល​អ្នកជំងឺ​កូ​វីដ​១៩ សរុប ១២២​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ជា​បន្តបន្ទាប់​។​

​រីឯ​នៅ​ទូទាំង​ពិភពលោក​វិញ មកដល់​ល្ងាច​ថ្ងៃទី​២០​ឧសភា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ បាន​កើន​ឡើងដល់ ជាង​ប្រាំ​លាន​នាក់ និង​ស្លាប់​ជាង បី​សែន ពីរម៉ឺន​ប្រាំ​ពាន់​នាក់​។ ក្នុងនោះ អាម៉េរិក​បន្ត​ជា​ប្រទេស រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ដោយមាន​អ្នក​ឆ្លង​ជាង ១,៥​លាន​នាក់ និង​ស្លាប់​ជាង ៩,៣​ម៉ឺន​នាក់​។​

​យ៉ាងណាក៏ដោយ វិធានការ​បន្ធូរបន្ថយ​របស់​រាជរដ្ឋាភិបាល ដែល​បើក​សារមន្ទីរ និង​បើក​ជើង ហោះហើរ​ឲ្យ​ជនបរទេស មកពី​អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង និង​អាម៉េរិក អាច​ចូល មក​ប្រទេស​កម្ពុជា​ឡើងវិញ នាពេលនេះ ជាការ​ស្រោចស្រង់​វិស័យ​ទេសចរណ៍​ឡើងវិញ​ខណៈ ដែល​វិស័យ​ទេសចរណ៍ រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ដោយសារ​ជំងឺ​កូ​វីដ​១៩​។ វា​ក៏​ជាការ​បង្ហាញ​ពី​ភាព ធូរស្រាល​របស់​កម្ពុជា ក៏​ជាការ​សាកល្បង​ដោយ​សេចក្តីក្លាហាន​មួយ​របស់​កម្ពុជា​ផងដែរ​។​

​ពិតណាស់​!​ទោះបីជា​រាជរដ្ឋាភិបាល​ហាក់ដូចជា​បន្ធូរបន្ថយ​ស្ថានការណ៍ ក៏ប៉ុន្តែ​វិធាន ការ​ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ក៏ត្រូវ​បានដាក់​ចេញ ដូច​អ្វីដែល​ក្រសួងសុខា ភិបាល បានប្រកាស ខាងលើ​។ ក្នុងនោះ រួមមាន ការបន្ត​អនាម័យ លាងដៃ​នឹង​អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ វាស់​កម្តៅ ពាក់​ម៉ាស រក្សា​គម្លាត​ពីគ្នា ជាដើម​។​

​ក្រសួងសុខាភិបាល ក៏បាន​បន្ត​ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​យើង បន្ត​ការប្រុង ប្រយ័ត្ន និង​ការពារ​ជាប់​ជាប្រចាំ​នឹង​ជំងឺ​កូ​វីដ​១៩​។ សូម​ចងចាំ​ថា «​យើង​អាច​ភ្លេច​កូ​វីដ តែ​កូ​វីដ​មិន​ភ្លេច យើង​ទេ​»៕ ដោយៈ ម៉េង​ឆៃ​