បញ្ជូន​ក្រុម​សង្ឃ​ក្លែងក្លាយ​ដើរ​បិណ្ឌបាត បាន​លុយ​យក​ទិញ​គ្រឿងញៀន​ជក់​ទៅ​ពន្ធនាគារ​

293
ចែករម្លែក
បញ្ជូន​ក្រុម​សង្ឃ​ក្លែងក្លាយ​ដើរ​បិណ្ឌបាត បាន​លុយ​យក​ទិញ​គ្រឿងញៀន​ជក់​ទៅ​ពន្ធនាគារ​

ដោយៈ​ឆាយា​នាថ​/​កណ្តាលៈ​នៅ​ថ្ងៃទី​២៩ ខែមីនា នេះ លោក ប្លង់ វិសាល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ឃុំខ្លួន​ជនសង្ស័យ​៧​នាក់ ដែល​បន្លំ​ខ្លួន​ជា​សង្ឃ​យកលុយ​បិណ្ឌបាត បានមក​ប្រើប្រាស់​គ្រឿងញៀន​ក្នុងផ្ទះ​សំណាក់ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ពីបទ “​ឆបោក​” និង បទ “​ស្លៀកដណ្តប់​បែប​ព្រះពុទ្ធសាសនា​ដោយ​គ្មាន​សិទ្ធិ​” តាម​មាត្រា​៣៧៧ , ៣៧៨ និង មាត្រា​៥០៨ នៃ​ក្រមព្រហ្មទណ្ឌ និង បទ “​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​” តាម​មាត្រា​៤៥ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ។​


​ជនសង្ស័យ​៧​នាក់ បាន​ណាត់គ្នា​បន្លំ​ខ្លួន​ធ្វើជា​សង្ឃ​ដើរ​បិណ្ឌបាត ហើយ​ចូលដេក​ផ្ទះសំណាក់​ប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​នគរបាល​ស្រុក​អង្គស្នួល ឡោមព័ទ្ធ​ឃាត់ខ្លួន​បាន កាលពី​យប់​ថ្ងៃទី​២៧ ខែមីនា នៅផ្ទះ​សំណាក់​ម៉ា​ហេង ភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច ស្រុក​អង្គស្នួល ។​
​លោក​វរសេនីយ៍ មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល ប្រាប់ថា ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា នៅផ្ទះ​សំណាក់ ម៉ា​ហេង មានមុខ​សញ្ញា​គួរ​ឲ្យ​សង្ស័យ កម្លាំង​បាន​ចុះ​ត្រួតពិនិត្យ​រកឃើញ​ជនសង្ស័យ​ចំនួន​៧​នាក់ នេះ តែម្តង ។​

​ក្រុម​ជនសង្ស័យ សារភាពថា ខ្លួន​បាន​ស្គាល់គ្នា​តាម​ឆាត​ហើយ​បាន​ណាត់​ជួបគ្នា​នៅ​កំបូល​ដោយ​ជួល​រថយន្ត​សម្រាប់​ដឹក​ខ្លួន​ដើរ​បិណ្ឌ​បាត្រ ក្នុង​ម្នាក់​យក​តម្លៃ​២​ម៉ឺន​រៀល​។​ខ្លួន​ចាប់ផ្តើម​ដើរ​បិណ្ឌ​បាត្រ​កាលពី​ថ្ងៃទី​២៦ ខែមីនា ចាប់ពី​ផ្សារ​ថ្នល់ទទឹង​រហូតដល់​កំ​បូល ហើយ​ប្តូរ​ខោអាវ​នៅលើ​រថយន្ត ។ ជនសង្ស័យ​ចេះ​ប្រើប្រាស់​សារធាតុ​ញៀន​បី​ខែ​មកហើយ ៕​សរន