បញ្ជូន​ឈ្មួញ​មាន​ឥទ្ធិពល​ឈ្មោះ ទូច ហឿន ដាក់ពន្ធនាគារ​មណ្ឌល​គិរី ក្រោម​បទ​ចោទ​លួច​អចលនទ្រព្យ​អ្នកដទៃ

379
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: នៅ​ទីបំផុត ឈ្មួញ​ដីធ្លី និង​ជា​អតីត​គ្រូបង្រៀន​ផង​នោះ ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី សម្រេច​ប​ញ្ជួ​ន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ហើយ កាលពី​ថ្ងៃទី​៧​មេសា​ឆ្នាំ​២០២០​ម្សិលមិញ​នេះ បើ​យោងទៅលើ​លោក មាស ប្រុស ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៨​មេសា​។​

​ផ្អែក​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ កាន់ ប៊ុន​ថាំ បានដាក់​ពាក្យបណ្តឹង​ទប់ស្កាត់​មួយ​ចោទថា ឈ្មោះ ទូច ហឿន អាយុ​៣៧​ឆ្នាំ បាន​ប្រើប្រាស់​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​តាម​មាត្រា​២៤៨ នៃ​ច្បាប់​ភូមិបាល​។ ជនសង្ស័យ​បានធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា តាម​មាត្រា​៤១០ នៃ​ក្រមព្រហ្មទណ្ឌ​។ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ តាម​មាត្រា​៦៣០​នៃ​ក្រមព្រហ្មទណ្ឌ ព្រមទាំង​រំលោភ​លើ​សេចក្តីទុកចិត្ត​តាម​មាត្រា​៣៩១ នៃ​ក្រមព្រហ្មទណ្ឌ​ផង​ទៀត​។​

​ព្រះរាជ​អ​ជ្ញា​រង​និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ លោក ម៉ម វណ្ណដា កាលពី​ល្ងាច​ថ្ងៃទី​៧​មេសា បានបញ្ជាក់​ថា ​ជន​ត្រូវ​ចោទ​ឈ្មោះ ទូច ហឿន ត្រូវ​ចៅក្រម​សម្រេចឲ្យ​ឃុំខ្លួន​ហើយ ក្នុង​សំណុំរឿង​ទី​២ ខណៈដែល​គេ​មាន​រហូតដល់​ទៅ​៣​រឿង​ឯណោះ​។ លោក​ព្រះរាជ​អ​ជ្ញា​រង​បន្តថា ជន​ត្រូវ​ចោទ មានរឿង​ត្រូវគេ​ចោទប្រកាន់​ច្រើន​ករណី​ផ្សេងៗ សំណុំរឿង​ក៏​ផ្សេងៗ​គ្នា​ដែរ​។​

​ក្នុងការ​ចាប់ខ្លួន​អតីត​ឈ្មួញ​ដី​ល្បីឈ្មោះ​រូបនេះ​ផង​ទៀត កាលពី​យប់​ថ្ងៃទី​៥​ខែមេសា ក្រុមគ្រួសារ​ដែល​រួមមាន​ប្រពន្ធ ឪពុកម្តាយ បងប្អូន របស់​ជន​ត្រូវ​ចោទ​ចំនួន​៥​នាក់ ក៏បាន​ផ្ទុះ​ហិង្សា​ដាក់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី មុខ​សាលាដំបូង​ខេត្តមណ្ឌលគិរី បំណង​រំដោះ​ជន​ត្រូវ​ចោទ​ថែម​ទៀតផង​។​

​នៅ​ព្រលឹម​ស្រាងៗ​ថ្ងៃទី​៦​មេសា កងរាជអាវុធហត្ថ​ក្រោម​បញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហែម បូ​ណា​រ៉ែ​ល បាន​ចាប់ខ្លួន​សមាជិក​មនុស្ស​ទាំង​៥​នាក់ បាន​ចំនួន​៣​នាក់ មាន​ម្តាយ បងប្រុស​និង​ប្រពន្ធ របស់​ជន​ត្រូវ​ចោទ​ឈ្មោះ​ទូច​ហឿន ឯ​ពីរ​នាក់​ទៀត​មាន​ឪពុក និង​អ្នក​មិន​ស្គាល់​ម្នាក់ទៀត​បាន​រត់គេចខ្លួន​បាត់​។​

​ករណីនេះ លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី បានដាក់​ពាក្យបណ្តឹង​ជនសង្ស័យ​ទាំង​៥​នាក់ ដែល​ប៉ុនប៉ង​រំដោះ​ជន​ត្រូវ​ចោទ ទៅ​​ ស្ថាប័ណនតុលាការ​រួចហើយ​ដែរ ប៉ុន្តែ​ចំណាត់​ការបន្ត​លោក​នៅ​ពុំទាន់​ដឹង​ទេ ដោយ​នៅពេលនេះ លោក​ត្រូវកា​ពារ​និង​ថែរ​ក្សា​ជនសង្ស័យ​ទាំងអស់​សិន តាម​បញ្ញើរ​របស់​ស្ថា​ប័ន​តុលាការ​។​

​ករណី​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ទូច ហឿន​និង​ក្រុមគ្រួសារ ជា​ករណី​ដ៏​កក្រើក​មួយ​និង​មានការ​សាទរ​ពី​ពលរដ្ឋ​ជាច្រើន​គ្រា​ដែល​កន្លងមក ជន​ត្រូវ​ចោទ​ត្រូវបាន​មហាជន​បញ្ជាក់ថា តែង​អាងខ្នង​បង្អែក​និង​ខ្សែ​និយម រំលោភ កេង​ប្រ​វ័​ញ្ច​ដីធ្លី គេ​មិនតិច​នោះឡើយ​។​

​ទោះជា​យ៉ាងណា ក្រុម​ព្យាយាម​ចូល​រំដោះ​ជន​ត្រូវ​ចោទ នៅ​មិនទាន់​ទទួលបាន​សេចក្តី​រាយ​ការណ៍​អំពី​ចំណាត់ការ​នៅឡើយ​នោះទេ គិត​ត្រឹម​វេលា​ថ្ងៃត្រង់ ថ្ងៃទី​៨​មេសា​នេះ​៕ ល​/Ha