បញ្ញវន្ត​សង្ឃ​សាទរ​គម្រោង​ជំរុញ​វត្ត​អារាម​ទៅជា​តំបន់​ទេសចរណ៍​

2238
ចែករម្លែក
  • 2
    Shares

​ដោយៈ មេសា​/ភ្នំពេញៈ ព្រះ​ភិក្ខុ សឿ ហេង ព្រឹទ្ធបុរស​រង​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ និង​ជា​ព្រះចៅអធិការ​វត្ត​ធុតង្គ​ចំការ​ដូង បាន​មាន​ព្រះ​ថេរ​ដីកា​សាទរ​ចំពោះ​ការផ្តួចផ្តើម​ជំរុញ​វត្ត​អារាម​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ថា  ពិតជា​គំនិត​ដ៏​គួរឱ្យ​សរសើរ និង លើកទឹកចិត្ត​ខ្លាំងណាស់​ចំពោះ​ក្រសួង​ធម្មការ និង ក្រសួងទេសចរណ៍ ដែល​បាន​ផ្តួចផ្តើម​គំនិត​ជំរុញ​វត្ត​អារាម​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍ ព្រោះ​ការធ្វើ​បែប​នោះ គឺជា​ការលើកតម្កើង​ព្រះពុទ្ធសាសនា​ផង ជួយ​អ​ភ​រិ​ក្ស និង អភិវឌ្ឍ សំណង់​ស្ថាបត្យកម្ម​បុរាណ ក៏ដូចជា​សិល្បៈ ប្រពៃណី​វប្បធម៌​ប្រវត្តិសាស្ត្រ​ផង និង លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ផង ហើយក៏​សម​ទៅនឹង​ពាក្យ​ថា អារាម ទៀតផង  ។​

ព្រះ​ភិក្ខុ សឿ ហេង ព្រឹទ្ធបុរស​រង​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ និង​ជា​ព្រះចៅអធិការ​វត្ត​ធុតង្គ​ចំការ​ដូង ( រូបៈ មេសា)

​គប្បី​រំឭកថា ថ្មីៗ​នេះ ក្រសួងទេសចរណ៍ និង ក្រសួង​ធម្មការ បាន និង កំពុង​រៀបចំ​វត្ត​អារាម​នានា​ដែលមាន​ភាពលេច​ធ្លោ​ជាងគេ នៅតាម​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ ឲ្យ​ក្លាយទៅជា​វត្ត​ទេសចរណ៍​ដ៏​ទាក់ទាញ ដើម្បី ចូលរួម​លើកកម្ពស់​សក្តានុពល​ទេសចរណ៍ ។ ។ ចំណែក​ព្រះសង្ឃ ឬ​អាចារ្យវត្ត ក៏​អាច​ធ្វើជា​មគ្គុទ្ទេសក៍​ទេសចរ បង្ហាញ​ពី​ប្រវត្តិ​និង​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​វត្ត​ទាំង​នោះដែរ ។

ព្រះមហា​សមណ​ខេ​មរ​បញ្ញវន្ត សឿ ហេង ពន្យល់​បន្ថែមថា ទាំង​សិល្បៈ ទាំង​វប្បធម៌ ទាំង​អក្សរសាស្ត្រ អក្សរសិល្ប៍ ក្បូរ​ក្បាច់រចនា ទាំង​ស្ថាបត្យកម្ម និង ប្រវត្តិសាស្ត្រ​ជាដើម សុទ្ធតែ​បាន​ប្រមូលផ្តុំ​ប្រជុំ​ចុះ​នៅតាម​ទី​វត្ត​ទី​អារាម ។ ភ្ញៀវ​ទេសចរណ៍​ទាំង​ក្នុងស្រុក និង បរទេស ពេល​ទៅ​ទស្សនា​វត្ត​អារាម ពួកគេ​នឹង​បាន​ស្គាល់​អំពី​សិល្បៈ វប្បធម៌ ស្ថាបត្យកម្ម​ខ្មែរ ហើយ​អាច​សិក្សា​ស្វែងយល់​ឱ្យបាន​កាន់តែ​ស៊ីជម្រៅ និង ទូលំទូលាយ ។ ដូច្នេះ​នឹងធ្វើ​ឱ្យ​របស់​ទាំងនោះ​មិន​សាបសូន្យ មិន​បាត់បង់ ហើយ​ថែមទាំង​មានជីវិត​រួស​រវើក និង រីកសាយ​ស្គុះស្គាយ​ពណ្ណរាយ​មួយកម្រិត​ទៀត ។​

​មិនតែប៉ុណ្ណោះ​ព្រះ​ភិក្ខុ សឿ បន្ថែមថា តាមរយៈ​ការជំរុញ​វត្ត​អារាម​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​នេះ នឹងធ្វើ​ឱ្យ​វត្ត​នីមួយៗ បង្កើន​ការយកចិត្តទុកដាក់​គិតគូរ​អំពី​បែបផែន នៃ ការស្ថាបនា​វត្ត​អារាម​ឱ្យ​កាន់​តែមាន​របៀបរៀបរយ​សណ្តាប់ធ្នាប់ បរិស្ថាន និង សោភណភាព​មួយកម្រិត​ទៀត ។ ចំពោះ​វត្ត​ណា​ដែលមាន​សំណង់​អាគារ​បុរាណ នឹង​បានដឹងថា​ត្រូវ​អភិរក្ស​បែបណា ហើយ​ត្រូវ​ស្ថាបនា​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​បែបណា ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន ។​

​លោក ទិ​ត ចន្ថា បរិយាយ​ថា វត្ត​អារាម​លេចធ្លោរ​ជាងគេ ត្រូវមាន​ទីតាំង​ល្អ និង ប្រវត្តិ​អស្ចារ្យ ព្រមទាំង​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ល្អ ដោយមាន​កិត្តិនាម​ល្បីល្បាញ​ផង ។ វត្ត​អារាម​នៅតាម​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយចំនួន កំពុង​រៀបចំ​បណ្ដើរៗ នឹងមាន​ទេសចរ​ទស្សនា​ជា បន្តបន្ទាប់ ។ ក្រុមមន្ត្រី​អន្តរក្រសួង នឹង​ជួប​ពិភាក្សាគ្នា​ម្ដងទៀត​ក្នុងការ​ប្រមូល​ធាតុ​ចូល​បន្ថែម ដើម្បី ដាក់ជូន​រដ្ឋមន្ត្រី​សម្រេច​ការងារ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៨ ឬ​អាច​នៅ​ដើមឆ្នាំ​២០១៩​។

​ព្រះ​ភិក្ខុ សឿ ហេង បាន​បន្តថា អ្វីដែល​ល្អ​មួយកម្រិត​ទៀត​នោះ គឺថា​ធម្មតា ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា ឬ ទៅ​កម្សាន្ត​ទីណា លោក​ពិតជា​បរិភោគ​អាហារ នំចំណី សេវា​ផ្សេងៗ មាន​សេវា​ម​គ្គុ​ទេ្ទ​ស និង ដឹក​ញ្ជូ​ន​ជាដើម ហើយក៏​អាច​ទិញ​របស់របរ​វត្ថុ​អនុស្សាវរីយ៍​កំ​ប៉ិច​កំប៉ុក​ជាដើម ។ តាមរយៈ​នេះ នឹង​បាន​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​មួយផ្នែក អាច​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​មួយផ្នែក ។


​អ្វីដែល​កាន់តែ​ល្អ​ថែមទៀត​នោះ គឺ​នឹងមាន​ការអភិរក្ស​ផង អភិវឌ្ឍន៍​ផង ដូចជា​វត្ត​មួយ​នៅ​ខេត្ត​កំពង់​ឆ្នាំ ( ដែល​លោក​មិន​ចាំ​ឈ្មោះ​វត្ត ) ពេល​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​វត្ត​បុរាណ​មួយ​នោះ អ្នកស្រុក​បាន​ប្ររទេះ​គោ ឬ រទេះសេះ​ជា​មធ្យោបាយ​ដឹកជញ្ជូន​ភ្ញៀវ ។ ពួកគាត់​បាន​តុបតែង​លម្អ​រទេះ​របស់​ពួកគាត់​បាន​យ៉ាង​ស្រស់ស្អាត ។ ដូច្នេះ​គឺ​គាត់​បាន​អភិរក្ស​ប្រពៃណី​មួយ​គឺ​ការប្រើប្រាស់​រទេះ​នៅ​ដដែល ហើយ​បាន​កែលម្អ​ឱ្យ​កាន់​តែមាន​សោភណភាព​ទៀតផង ។ ដូច្នេះ​ជា​សរុបទៅ ការផ្តួចផ្តើម​គំនិត​ជំរុញ​វត្ត​អារាម​ឱ្យ​ក្លាយជា​តំបន់​ទេសចរ​នេះ មិន​ត្រឹមតែ​ជាការ​ប្រសើរ​សម្រាប់​វិស័យ​ប្រពៃណី​វប្បធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ថែមទាំង​បម្រើឱ្យ​វិស័យសេដ្ឋកិច្ច និង បរិស្ថាន​ផងដែរ ។​

​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក ទិ​ត ចន្ថា បាន​លើកឡើងថា ការរៀបចំ​វត្ត​ទេសចរណ៍​នេះ មាន​គោលដៅ​សំខាន់​ចំនួន​២ គឺ​៖ ទី​១ ដើម្បី ទាក់ទាញ​ភ្ញៀវទេសចរ ឲ្យ​ស្នាក់​នៅបាន​រយៈពេល​យូរ និង ចាយប្រាក់​កាន់តែច្រើន​នៅ​កម្ពុជា ។ ចំណែក គោលដៅ​ទី​២ គឺ​ផ្ដល់​ការអប់រំ និង ការយល់ដឹង​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ក្នុងការ​សិក្សា​ស្វែងយល់​ពី​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​។​

​សូមជម្រាបថា ពាក្យ​ថា អារាម ឬ វត្ត​អារាម គឺជា​ភាសាបាលី និង សំស្ក្រឹត ប្រែជា​ខេមរភាសា​ថា សួនច្បារ ឬ ទី​ដែល​ញ៉ាំង​ចិត្ត និង កាយ​ឱ្យ​រីករាយ ក្សេមក្សាន្ត ។ វត្ត​អារាម​មួយចំនួន​បានក្លាយ​ជា​តំបន់​ទេសចរណ៍​រួចទៅហើយ ដូចជា​វត្ត​ឧណ្ណាលោម​ជាដើម អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ចរ​បទេស​ចូល​ទស្សនា គិត​ជា​មធ្យម ១០០-១២០ នាក់​ក្នុង ១ ថ្ងៃ ហើយ​ភ្ញៀវ​ទាំងនោះ ភាគច្រើនបំផុត​និយាយថា អ្វីដែល​ពួកគេ​ចង់ទៅ​ទស្សនា​វត្ត​អារាម​នោះ គឺ​ក្បូរ​ក្បាច់ចម្លាក់ ទិដ្ឋភាព​វត្ត ប្រពៃណី និង វប្បធម៌ ៕ Kh

​វត្ត​អារាម​ខ្លះ​បាន​ក្លាយជា​តំបន់​ទេសចរណ៍​រួចទៅហើយ ខណៈ​នៅមាន​វត្ត​អារាម​ជាច្រើន​ទៀត កំពុងមាន​សក្តានុពល​ទាក់ទាញ​ផ្ញៀវទេសចរ ( រូបៈ ឯកសារ )