បណ្ដុះបណ្ដាល មន្ត្រី​បច្ចេកទេស​ហែល​ទឹក ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​

635
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​៖ វគ្គ​បណ្ដុះបណ្ដាល មន្ត្រី​គណៈកម្មការ​បច្ចេកទេស កីឡាហែលទឹក​ថ្នាក់ជាតិ ត្រូវបាន​បើក​ឡើង​ហើយ នៅ​ព្រឹក​ថ្ងៃទី​១ ខែឧសភា នេះ ដែល​វគ្គ​សិក្សា​នេះ ឧបត្ថម្ភ​ទាំងស្រុង ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​វគ្គ​នេះ មាន​សិក្ខាកាម ចំនួន ៥៦ រូប មកពី​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ក្រសួងមហាផ្ទៃ មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​។ វគ្គ​នេះ បង្រៀន​ដោយ​លោក Ang Peng Wee មកពី​ប្រទេស​សឹង្ហ​បូរី ដែលជា​មន្ត្រី​បច្ចេកទេស រៀបចំ​ការប្រកួត របស់​សហព័ន្ធ​កីឡាហែលទឹក អាស៊ីអាគ្នេយ៍ ។ លោក​នឹង​ចំណាយពេល​បង្រៀន នៅ​កម្ពុជា រយៈពេល ៤ ថ្ងៃ ពីថ្ងៃ​ទី ១ ដល់​ថ្ងៃទី ៤ ឧសភា ២០១៩ ។​

​បើតាម​ការអះអាង​ពី លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​នោះ​ថា វគ្គ​នេះ នឹងសិក្សា​លំអិត ទៅលើ​ទ្រឹស្ដី វិធីសាស្ត្រ​រៀបចំ​ការប្រកួត ច្បាប់​នៃ​ការប្រកួត រយៈពេល ៣ ថ្ងៃ គឺមាន​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ដែល​ធ្វើការ​អនុវត្តន៍ ពី​នីតិវិធី​នានា ទាក់ទង​ទៅនឹង​ការប្រកួត ។​

​លោក Ang Peng Wee បាន​បញ្ជាក់ថា តាមរយៈ​វគ្គ​នេះ សហព័ន្ធ​ខ្មែរ កីឡាហែលទឹក នឹង​រកឃើញ​នូវ​សិក្ខាកាម ដែលមាន​សមត្ថភាព ខុសៗ​គ្នា តែ​វា​មិនជា​បញ្ហា​ឡើយ ។ ការងារ​រៀបចំ​ការប្រកួត មាន​ច្រើន ខ្លះ​ពូកែ​ខាង​អាជ្ញាកណ្ដាល ខ្លះ​ជា​ចៅក្រម ខ្លះ​ជា​អ្នកត្រួតពិនិត្យ ពី​ពេលវេលា (​នាឡិកា​) ខ្លះ​ត្រួតពិនិត្យ​មើលផ្លូវ ត្រូវ​ហែល​ត្រឡប់ក្រោយ​វិញ គឺ​អ្នកណា ចាប់បាន​លើ​ជំនាញ​ណា ឲ្យ​គេ​កាន់​ជំនាញ​នោះ ។​

វគ្គ​បណ្ដុះបណ្ដាល មន្ត្រី​បច្ចេកទេស​ហែល​ទឹក កំពុងតែ​ចាប់ផ្ដើម​

​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡាហែលទឹក ជ្រើសរើស​ជើងឯក យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី​៤៣ ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ។ នៅក្នុង​ព្រឹត្តិការណ៍​នេះ មាន​វិញ្ញាសា​ច្រើន នឹង​រៀបចំ​ជា ៣ ប្រភេទ​អាយុ គឺ​អាយុ​ក្រោម ១៣ ឆ្នាំ កុមារា​-​កុមារី អាយុ​ក្រោម​១៥​ឆ្នាំ កុមារា​-​កុមារី និង​អាយុ​ក្រោម​១៨​ឆ្នាំ កុមារា​-​កុមារី ។​

​លោក ហែម គី​រី បាន​សំណូមពរ ឲ្យ​សិក្ខាកាម​ទាំងអស់ មក​សិក្សា​ឲ្យ​បាន យ៉ាងហោចណាស់ ៧០ ភាគរយ នៃ​ពេលវេលា​សិក្សា រយៈពេល ៤ ថ្ងៃនេះ ។ លោក​ព្រមាន​ថា មិនគួរ​សុំច្បាប់ ដោយសារ​រឿង​រវល់​នោះទេ ព្រោះនេះ​ជា​ពេល​សិក្សា​ដ៏​កម្រ​មួយ ៕v

វគ្គ​បណ្ដុះបណ្ដាល មន្ត្រី​បច្ចេកទេស​ហែល​ទឹក កំពុងតែ​ចាប់ផ្ដើម​