បរិយាយ​លេខ​នេះ​៖ ប៉ូលិស​គួរ​បន្ត​រឹតបន្តឹង​ច្បាប់ ខណៈ​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ

226
ចែករម្លែក

នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​វិធានការ​ពង្រឹង​ការអនុវត្ត​ន៍ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នៅ​អគ្គស្នងការដ្ឋា​ន​នគរបាលជាតិ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែឧសភា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគ​បាល​ជាតិ បានចេញ​បទបញ្ជាឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត​ទាំង​២៥ នៅ​ទូទាំងប្រទេស ត្រូវ​បន្ត​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោកឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដោយ​គ្មាន​ការលើកលែង ឬ​បន្ធូរបន្ថយ​នោះឡើយ​។

​ជាមួយនឹង​បទបញ្ជា​រឹតបន្តឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន ក៏បាន​ណែនាំឲ្យកម្លាំង​នគរបាល​ចរាចរណ៍​នៅ​ទូទាំងប្រទេស ត្រូវ​ធ្វើជា​គំរូ ក្នុងការ​អនុវត្តន៍ច្បាប់ និង​ត្រូវមាន​សីលធម៌ ចំពោះ​ប្រជាពលរដ្ឋ នៅពេល​អនុវត្តច្បាប់​។​
​ ​
​ជាការ​កត់សម្គាល់ ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ ប៉ូលិស​ចរាចរណ៍ នៅ​ទូទាំងប្រទេស ចាប់ផ្តើម​ប្រតិបត្តិការ​រឹតបន្តឹង​ការអនុវត្ត​ន៍ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​បង្កើន​ប្រាក់​ផាកពិន័យ ច្រើនជាងគេ​។ ក្នុងនោះ អ្នក​ល្មើសច្បាប់​តាម​ម៉ូតូ ត្រូវ​ផាកពិន័យ​ទាប​បំផុត ៦០.០០០​រៀល និង​រថយន្តទាប​បំផុត ៧៥.០០០ រៀល​។​

​របាយការណ៍​ប៉ូលិស​ចរាចរណ៍ បាន​បង្ហាញថា ក្នុង​រយៈពេល ១០​ថ្ងៃ នៃ​ការ​រឹតបន្ដឹង​ច្បាប់ ស្ដីពី ចរាចរណ៍​ផ្លូវគោក គិត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១០ ខែឧសភា កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ត្រួត​ពិនិត្យឃើញ​យានយន្ត​ល្មើសច្បាប់ និង​បាន​ផាកពិន័យ​ចំនួន​ជាង ១៨.០០០​គ្រឿង ក្នុងនោះ មាន​ម៉ូតូ​ចំនួន​ជាង ១៤.០០០ ករណី និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​ជាង ៤.០០០​ករណី​។​
​ ​
​ក្នុងអំឡុងពេល​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នេះ អំពើ​ល្មើស​ភាគច្រើន មានដូចជា អត់​មួកសុវត្ថិភាព អត់​កញ្ចក់ និង​ជិះ​ប​ញ្រ្ចាស​។ សម្រាប់​អ្នកបើករថយន្ដ អំពើ​ល្មើស រួមមាន មិន​ពាក់​ខ្សែក្រវាត់ ល្មើស​ល្បឿន មិនមាន​ប័ណ្ណបើកបរ ឬ​ប័ណ្ណបើកបរ​អស់​សុពលភាព ដឹក​លើស​ចំណុះ និង​គ្មាន ផ្លាក​លេខ ជាដើម​។​

​ដោយឡែក កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២០ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក បានប្រកាសថា ក្នុង​រយៈពេល ១​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ស្ថានភាព​ចរាចរណ៍ នៅ​ទូទាំងប្រទេស មាន​ភាពល្អប្រសើរ​ជាង​មុន ដោយ​គ្រោះថ្នាក់​ចរាចរណ៍បានកើត​ឡើង ចំនួន ៤៣ /៩៥​លើក ថយចុះ ៥២​លើក ស្មើនឹង ៥៤% ស្លាប់ ២៤ / ៤០​នាក់ ថយ ១៦​នាក់ ស្មើ ៤០% របួស ៥៦/ ១១៥​នាក់ ថយ ៥៩​នាក់ ស្មើ ៥១,៣០% ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៃ​ខែឧសភា ឆ្នាំ​២០១៩​។​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានប្រកាសថា បើ​ប្រៀបធៀប​ជាមួយ​សប្តាហ៍ ទី​៤ នៃ​ខែមេសា ឆ្នាំ​២០២០ មុននេះ គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង ៤៣​លើក​/៥៥​លើក ថយចុះ ១២​លើក ស្មើ ២២% ស្លាប់ ២៤​នាក់​/៣៥​នាក់ ថយ ១១​នាក់ ស្មើ ៣១% របួស ៥៦​នាក់​/៥៨​នាក់ ថយ ២​នាក់ ស្មើ ៣%​។

​ចំណុច​កត់សម្គាល់​នោះ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លើកឡើងថា អ្នកប្រើប្រាស់​ផ្លូវ​យ៉ាងច្រើន​លើសលប់​នៅ​ទូទាំងប្រទេស បាន​ចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍ ផ្លូវគោក​យ៉ាង​ផុលផុស ដែល​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​ការគោរព​ច្បាប់​និង​ជា​ប្រភព​លើកទឹកចិត្ត ដល់​កងកម្លាំង​អនុវត្ត​ច្បាប់ មាន​ស្មារតី​បន្ត​អនុវត្ត​ភារកិច្ច​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត​។​

​ដូច្នេះ​បទបញ្ជា​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ ឲ្យ​ប៉ូលិស​នៅ​ទូទាំងប្រទេស​បន្ត​អនុវត្ត​វិធានការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​គ្មាន​ការលើកលែង ឬ​បន្ធូរបន្ថយ​នោះ​នៅតែ​បន្ត​ទទួល បាន​នូវ​ការស្វាគមន៍ និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ភាគច្រើន​លើសលប់ ព្រោះថា ប៉ូលិស​ខំ​ឈរ កណ្តាលផ្លូវ ហាលថ្ងៃ ហាលខ្យល់​នេះ យក​ជីវិត​ទៅ​ប្តូរ ផ្លុំ​កញ្ចែ ឃាត់​យានយន្ត​នេះ គ្មានអ្វីក្រៅតែពី​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់ ឈានទៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង ប្រទេស​កម្ពុជា​យើង ដែល​កន្លងមក ជា​មធ្យមក្នុង ១​ថ្ងៃៗ មាន​អ្នកស្លាប់​ពី ៤ ទៅ ៥​នាក់ និង​របួស ជា​មធ្យម​ជាង ១០​នាក់ ក្នុង ១​ថ្ងៃៗ​។​

​យ៉ាងណាក៏ដោយ សូម​ប៉ូលិស​អនុវត្ត​ដាក់​ប៉ា​រ៉ា​ស់​ផាកពិន័យ​អ្នក​ល្មើសច្បាប់​នេះ ធ្វើ​ជាប់​រៀងរាល់ថ្ងៃ កុំ​បានតែ​ដំបូង ហើយ​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ធ្វើ​ដោយ​ម៉ត់ចត់ និង​សូមកុំ​មាន​វប្បធម៌សម្របសម្រួល តាមរយៈ​ការយក​លុយ ដោយ​មិន​ចេញ​វិក្កយបត្រ ដូច​កាល​កន្លងមក​។​

​កន្លងមក ក្នុង​ច្បាប់​ចាស់ កំណត់ថា អ្នកធ្វើដំណើរ​តាម​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព ត្រូវ​ផាកពិន័យ ១៥.០០០ រៀល តែមាន​ករណីខ្លះ ប៉ូលិស​យកលុយ ដោយ​មិន​ចេញ​វិ​ក្កយ​ប​ត្រ ត្រឹមតែ​ពី​៥០០០ រៀល ទៅ ១០.០០០ រៀល​។ ករណី​ខ្លះទៀត ឡាន​ល្មើសច្បាប់ ពេល​ប៉ូលិស​ហៅ​គ្រាន់តែ​ទម្លាក់កញ្ចក់ ហុច​លុយ ១០.០០០ រៀល ក៏ត្រូវ​ប៉ូលិស​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ទៅមុខទៀត​ក៏មាន​៕ ដោយ​៖ ម៉េង​ឆៃ​/Ha