បរិយាយ​លេខ​នេះ​៖ ហាមឃាត់​ការធ្វើដំណើរ​ផ្ទៃក្នុង​ប្រទេស ក្នុងអំឡុងពេល​ចូលឆ្នាំ​

211
ចែករម្លែក

ទីបំផុត​ទៅ រាជរដ្ឋាភិបាល បានសម្រេច​បិទ​ក្រុង ខេត្ត ស្រុក ចាប់ពី​ម៉ោង ១២ កណ្តាលអធ្រាត្រ យប់​ថ្ងៃទី​៩ មេសា រហូតដល់​ម៉ោង ១២ កណ្តាលអធ្រាត្រ យប់​ថ្ងៃទី​១៦ មេសា ២០២០ ។ ការបិទ​ចរាចរណ៍ធ្វើដំណើរ​ឆ្លងកាត់​ចេញ​ចូល​រាជធានី​ភ្នំពេញ ពី​ស្រុក​មួយ ទៅ​ស្រុក​មួយ និង​ពី​ខេត្ត​មួយទៅ​ខេត្ត​មួយ​នេះ​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល កូ​វីដ​១៩ ក្នុងអំឡុងពេល​ចូលឆ្នាំ ពីថ្ងៃ​ទី​១៣-១៦ ខែមេសា ឆ្នាំ​២០២០​។​

​បទបញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល ស្តីពី​ការដាក់កំហិត លើ​ការធ្វើដំណើរ​ក្នុងប្រទេស ក្នុង​គោលដៅបង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ ១៩ ចុះ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០​ ចុះហត្ថលេខាដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញថា ក្នុង​គោលបំណងទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩ នៅក្នុង​កាលៈទេសៈ​ពិសេស នាបច្ចុប្បន្ន មិន​ឲ្យ​ជំងឺ​នេះរាលដាល​ឈាន​ចេញពី​ដំណាក់កាល នៃ​ការឆ្លង​ដោយសារ​ការនាំ​ចូល​ពី​ប្រភព​ខាងក្រៅ​ទៅដល់​ដំណាក់កាល នៃ​ការឆ្លង​រាលដាល​រវាង​ប្រជាជន ក្នុង​សហគមន៍​នៅក្នុង​ប្រទេស​រាជ​រដ្ឋាភិ​បាល ដាក់ចេញ​នូវ​បទបញ្ជា ដូចខាងក្រោម​៖
​ ​
​ហាមឃាត់ ការធ្វើដំណើរ​នៅ​ផ្ទ​ក្នុងប្រទេស រួមមាន​ការធ្វើដំណើរ​ឆ្លង​កាត់ចេញ​-​ចូល​រាជ​ធានី​ភ្នំពេញ (​ដោយ​មិន​ប៉ះពាល់​ដល់​ការធ្វើដំណើរ​ផ្ទៃក្នុង​រាជធានី​ភ្នំពេញ​នោះទេ​) ការធ្វើដំណើរ ឆ្លងកាត់​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ និង​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្តមួយទៀត​។​

​រាជរដ្ឋាភិបាល បញ្ជាក់ថា ការហាមឃាត់​នេះ ត្រូវបាន​លើកលែង ចំពោះ​ការដឹកជញ្ជូន​ទំនិញគ្រប់​ប្រភេទ ទាំង​តាម​ផ្លូវគោក និង​ផ្លូវដែក​។ រថយន្ត និង​មធ្យោបាយ​ធ្វើដំណើរ​របស់​មន្ត្រីរាជការ​ស៊ីវិល​គ្រប់​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុង​គោលដៅ​បំពេញការងារ ប្រចាំថ្ងៃ ដែល​ម្ចាស់​យានយន្ត ត្រូវ​បង្ហាញដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​នូវអត្តសញ្ញាណប័ណ្ណ​ការងារ​របស់ខ្លួន​។

​ការហាមឃាត់​នេះ ក៏ត្រូវ​លើកលែង ចំពោះ​រថយន្ត និង​មធ្យោបាយ​ធ្វើដំណើរ​របស់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​គោលដៅ​បំពេញភារកិច្ច​របស់ខ្លួន​។ រថយន្ត​សង្គ្រោះបន្ទាន់ របស់​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​។ រថយន្ត​ពន្លត់​អគ្គិភ័យ​។ រថយន្ត​បម្រើសេវា​ដឹកជញ្ជូន​សំរាម និង​កាកសំណល់​។ ក្នុងនោះ ការដឹកជញ្ជូន​កម្មក​រ ទៅកាន់​ទីកន្លែង​ការងារ នៅតាម​រោងចក្រ -​សហគ្រាស ដែល​ត្រូវមាន​ប័ណ្ណ​អនុញ្ញាត​ចេញ ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​មិនត្រូវ​ហាមឃាត់​ដែរ​។​

​រាជរដ្ឋាភិបាល ក៏បាន​លើកលែងចំពោះ​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ ទៅកាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត ដើម្បី​ទទួលបាន​នូវ​សេវា​សុខភាព​ចាំបាច់ និង​បន្ទាន់ ដោយ​កំណត់​ចំនួន​មនុស្ស មិន​ឲ្យ​លើសពី ៤​នាក់ សម្រាប់​ករណី​នីមួយៗ​។​

​បទបញ្ជា​ហាមឃាត់​ការធ្វើដំណើរ ឆ្លង​កាត់ចេញ​-​ចូល​រាជធានី​ភ្នំពេញ ការធ្វើដំណើរ​ឆ្លងកាត់ ពី​ស្រុក​មួយទៅ​ស្រុក​មួយ និង​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយទៀត​នេះ មាន​ប្រសិទ្ធភាព ត្រូវអនុវត្ត​ចាប់ពី​ម៉ោង ២៤:០០ ថ្ងៃទី​៩ ខែមេសា​នេះ រហូតដល់​ម៉ោង ២៤:០០ ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០​។​

​បន្ទាប់ពី​ប្រកាស​ចេញ​នូវ​បទបញ្ជា​ខាងលើនេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា «​ដើម្បី​សុវត្ថិភាព​របស់​ជាតិ​និង​ជីវិត​របស់​ប្រជាជន​ខ្ញុំ​ពុំមាន​ជម្រើស​អ្វី​ឱ្យល្អ​ជាង​ការចេញ​បទបញ្ជា​បែបនេះ​ទេ​។ ប្រសិន​មានច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន ប្រហែលជា​ច្បាប់​នោះ​ត្រូវ​យកមកអនុវត្ត​នាពេល​នេះដែរ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ស្នើ​សូម​ការយោគយល់​ពី​សំណាក់​បងប្អូន​ជនរួមជាតិ​ក្នុង​គ្រា​ដ៏លំបាក​នេះ​។​

​ជាការ​កត់សម្គាល់ បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បានសម្រេច​បិទ​ចរាចរណ៍​ធ្វើ ដំណើរ​ឆ្លងកាត់​ចេញចូលរាជធានី​ភ្នំពេញ ហាមឃាត់​ការធ្វើដំណើរ ឆ្លងកាត់​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយ និង​ពី​ខេត្ត​មួយទៅ​ខេត្ត​មួយ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល កូ​វីដ​១៩ នៅ ពេលនេះ បានធ្វើ​ឡើងបន្ទាប់ពី​រាជរដ្ឋាភិបាល បានសម្រេច​លើក​ពេល​ឈប់សម្រាក​នៅក្នុងអំឡុងពេល​ចូលឆ្នាំ​ពី ថ្ងៃទី​១៣-១៦ មេសា ឆ្នាំ​២០២០​។ ពោលគឺ​មន្ត្រីរាជការ និង​បុគ្គលិក កម្មករ និយោជិត នៅ​បន្តធ្វើ​ការធម្មតា ហើយ​រាជរដ្ឋាភិបាលនឹង​សង​ថ្ងៃ​ឈប់សម្រាក​វិញ ចំនួន ៥ ថ្ងៃ នៅពេល​សមស្រប ក្រោយ​ការ​រាតត្បាតនៃ​ជំងឺ​កូ​វីដ ១៩​។​

​ក៏ប៉ុន្តែ​ចាប់តាំងពី​ចុងខែ​មីនា បន្ត​ដល់​ដើមខែ​មេសា​នេះ បន្ត​ដល់​សប្តាហ៍​នេះ​ទៀត មាន​បងប្អូន ប្រជាពលរដ្ឋ កម្មករសំណង់ កម្មករ​កាត់ដេរ​មួយចំនួន ពិសេស​ពលករ​ខ្មែរ នៅ​ប្រទេស​ថៃ និង​នៅក្រៅ​ប្រទេស បានធ្វើ​ដំណើរ​វិលត្រឡប់​ទៅ​ស្រុកកំណើត ក្នុង​បំណង​ជួបជុំ​ក្រុមគ្រួសារ ដូច​ទម្លាប់​រាល់ដង នៅពេល​បុណ្យចូលឆ្នាំ​។​

​វិធានការ​ជាច្រើន ត្រូវបាន​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួមទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​អនុវត្ត​រួចមកហើយ ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការចុះ​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ពិសេស​អ្នក​ទើប​វិលត្រឡប់ ពី​ក្រៅប្រទេស ដើម្បី​ណែនាំ​អប់រំ​ពី​វិធានការ​អនាម័យ ដោយ​លាងដៃ​នឹង​សាប៊ូ អាល់កុល ជែ​ល មាន​តាំង​ចែក​ម៉ាស់ ក្រមា អាល់កុល សម្រាប់​លាងដៃ ជាដើម​។

​ក្រៅពីនោះ សម្រាប់​អ្នក​ទើប​វិលត្រឡប់ មកពី​ក្រៅប្រទេស ក៏ត្រូវ​បាន​អាជ្ញាធរ​សមត្ថកិច្ច​ណែនាំ ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក គឺ​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេឯង ក្នុង​រយៈពេល ១៤​ថ្ងៃ ហើយ​ត្រូវបាន អនុវត្តតាម​ផ្ទះ​ភូមិ ស្រុក​យ៉ាង​យកចិត្តទុកដាក់​។ រហូតដល់​ថ្ងៃទី​៩ មេសា គឺ​មិនមាន​ពលរដ្ឋ​ខ្មែរយើង ដែលជា​ពលករ​មកពី​ក្រៅប្រទេស ពិសេស​មកពី​ប្រទេស​ថៃ ឆ្លង​ជំងឺ​កូ​វីដ​១៩ ឡើយ​។​

​ក៏ប៉ុន្តែ​នៅ​អំឡុងពេល​ចូលឆ្នាំថ្មី​នេះ គឺមាន​ការបារម្ភ ខ្លាច​លោមា​ន​អ្នកធ្វើការ​នៅ​ប្រទេស​ថៃ បន្ត​លួច​ឆ្លងដែន ចូល​តាម​ច្រករបៀង ឬក៏​ឆ្លងដែន​តាម​ច្រកព្រំដែន​នានា ដើម្បី​មក​ចូលរួម ជួបជុំ​ក្រុមគ្រួសារ នៅ​ស្រុកកំណើត​តាម​ភូមិ ឃុំ ព្រោះថា បើ​អ្នក​ទាំងនោះ មក​តាម​ព្រំដែន​ផ្លូវការ គឺ​អាជ្ញាធរ​សមត្ថកិច្ច​យើង អាច​ត្រួតពិនិត្យ កត់​អត្តសញ្ញាណ​ច្បាស់លាស់ ដើម្បី​តាមដាន ដូច​លើក​មុនៗ​។ ផ្ទុយទៅវិញ ចុះបើ​អ្នក​ទាំងនោះលួច​ឆ្លងដែន ហើយ​អាជ្ញាធរ​សមត្ថកិច្ច មិនបាន​ដឹង ដល់ពេល​ទម្រាំ​តែ​ដឹង គឺ​ស្រាប់តែ​ឃើញ​ពួកគាត់ជា​អ្នក​ចំណូល​ថ្មី នៅ​ភូមិ​ស្រុក បាត់ទៅហើយ​។ ចុះ​ឧបមា​ថា អ្នក​ចំណូល​ថ្មី​នោះ កើត​ជំងឺឆ្លង​នេះ ពេលនោះ​តើ​នឹងមាន​រឿងអ្វីខ្លះ​កើតឡើង​?

​ជារួម ការសម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល ក្នុង​ការបិទ​ចរាចរ​ណ៍​ធ្វើដំណើរ​ឆ្លងកាត់​រាជធានីភ្នំពេញ ហាម​ធ្វើដំណើរ​ឆ្លងកាត់​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយ និង​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ នៅពេល​ចូល​ឆ្នាំនេះ ជា​វិធានការ​តឹងរ៉ឹង​មួយបន្ថែមទៀត​ការសម្រេច​ឲ្យ​មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន បន្តធ្វើ​ការងារ​នៅ​ថ្ងៃ​ចូលឆ្នាំ ៤​ថ្ងៃ​។ បទបញ្ជា និង​វិធានការ​ថ្មី​នេះ គឺ​ទប់ស្កាត់ ការធ្វើដំណើរ​តាម​ភូមិ ស្រុក​។

​ប៉ុន្តែ​នៅពេលនេះ មាន​អ្នក​ទៅ​ស្រុក​ច្រើន​ដែរ​ហើយ ជា​កម្មករ​កាត់ដេរ ​ជា​កម្មករសំណង់ និងជា​ពលករ​នៅក្រៅ​ប្រទេស​ជាដើម​។ ដូច្នេះ​ពេល​ចប់​ឱសានវាទ​នៃ​បទបញ្ជា​ថ្មី​នៅ​ថ្ងៃ​បង្ហើយ​នៃពិធីបុណ្យ​ចូលឆ្នាំ នា​យប់​ថ្ងៃទី​១៦​មេសា គឺ​រាជរដ្ឋាភិបាល​ក៏​គួរតែមាន​វិធាន​ការបន្ត​ការបិទចរាចរណ៍​ក្រុង​ស្រុក​ខេត្ត​នេះ ព្រោះថា នៅពេល​ចប់​ចូលឆ្នាំ គឺ​អ្នក​ដែល​បាន​ទៅ​ស្រុកកំណើត ហើយ​នោះ នឹងធ្វើ​ដំណើរ​វិលត្រឡប់​មក​ភ្នំពេញ ឬក៏​ទៅតាម​បណ្តា​ខេត្ត​នានា​ដែល​ពួកគេ​ទៅ រស់នៅ​ធ្វើការ​ជាក់​ជាមិនខាន​៕ ដោយ​៖ ម៉េង​ឆៃ​/Ha