បាត់ប្តី២ខែគ្មានដំណឹង បីកូនដើរ រកដល់ខេត្តមណ្ឌលគិរី

129
ចែករម្លែក

ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី ៖ ដោយទទួលដំណឹងល្ហៀងៗថា គេបានឃើញប្តីកំពុងរស់នៅលើទឹកដីខេត្តមណ្ឌលគិរី ស្ត្រីសសៃខ្ចីម្នាក់ បានបីនិងដឹកដៃកូនចំនួន២នាក់ ធ្វើដំណើរត្រាច់ចររកប្តី តែលទ្ធផលមិនបានរកឃើញសោះ។

អ្នកស្រីម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរីនិងលោកកាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានអោយដឹងនៅថ្ងៃទី០៩មេសានេះថាស្រ្តីម្នាក់ឈ្មោះ ខេង ចាន់ណា អាយុ៣១ឆ្នាំមានស្រុកកំណើតភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពងៀចាម មានកូនស្រី២នាក់យកមកតាមជាប់ខ្លួន កូនស្រីតូចទើបកើតបាន១៨ថ្ងៃ។

ស្ត្រីរូបនេះ បានដើររកប្តីឈ្មោះ ឡៅ ផលឡេង ដែលចាក់ចេញពីផ្ទះតាំងពីអំឡុងខែមីនា ឆ្នាំ២០២០ ដោយគ្មានដំណឹង ។

ប្រធានមន្ទីរនិងអធិការក្រុង បញ្ជាក់ថាកាលពីថ្ងៃទី០៨នគរបាលក្រុងសែនមនោរម្យបានផ្តល់កន្លែងស្នាក់នៅម្ហូបអាហារ ហើយនៅព្រឹកថ្ងៃពុធនេះ មន្ទីរកិច្ចការនារី បានចុះជួបគាត់ដោយផ្ទាល់និងសួរសុខទុក្ខប្អូនស្រីរួមទាំងបានឧបត្ថម្ភថវិកាចំនួន 220.000៛ ក្នុងនោះដែលក៏មានការចូលរួមឧបត្ថម្ភពីសប្បុរសជននិងក្រុមការងារថវិកាជូនប្អូនស្រីសរុបចំនួន 790.000៛ ដើម្បីឲ្យប្អូននិងកូនវិលត្រលប់ទៅស្រុកកំណើតវិញ ។

សូមជម្រាបថាស្ត្រីសសៃខ្ចីនេះ មូលហេតុបានជាមកដល់មណ្ឌលគិរីដើម្បីរកប្តី ក៏ដោយសារតែទទួលដំណឹងថាប្តីរស់នៅតំបន់មេម៉ង់ នៃស្រុកកែវសីមា។ ទោះជាយ៉ាងណាសមត្ថកិច្ចសន្យាថានិងរកប្តីឲ្យ ហើយបង្គាប់ឲ្យស្ត្រីរូបនេះត្រឡប់ទៅផ្ទះសិន៕/B