បាត់​ពី​ផ្ទះ​រយៈពេល​៣​ថ្ងៃ ស្រាប់តែ​ប្រទះឃើញ​សព​អណ្តែត​ក្នុង​ទឹកស្រះ​

1092
ចែករម្លែក

​ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: ស្ត្រី​ម្នាក់​បាន​បាត់​ពី​ផ្ទះ​អស់​រយៈពេល​៣​ថ្ងៃ​មកហើយ ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​សព​អណ្តែត​ក្នុង​ស្រះ​ទឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​ចុះ​ពិនិត្យមើល​។ ហេតុការណ៍​ប្រទះឃើញ​សព​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ បាត់​ថង់ ឃុំ គគី​សោម ស្រុក ស្វាយទាប ខេត្តស្វាយរៀង​។​

​បើ​យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​ស្ត្រីជន​រងគ្រោះ​ឈ្មោះ ស៊ំ កា​ណូយ អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​បាត់​ថង់ ឃុំ​គគីរ​សោម ស្រុក​ស្វាយទាប ខេត្តស្វាយរៀង បាន​ផឹកស្រា ហើយ​ដើរ​បាត់​ពី​ផ្ទះ​អស់​រយៈពេល​3​ថ្ងៃ​មកហើយ ចាប់តាំងពី​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៨ មិនដឹង​ទៅណា​នោះទេ​។ ប្រភព​ដដែល​បាន​បន្តទៀតថា បងប្អូន​សាច់ញាតិ​ខំ​ដើររក​ដែរ តែ​រក​មិនឃើញ​នោះទេ លុះ​មកដល់​ថ្ងៃទី​២១​ខែកក្កដា​នេះ ស្រាប់​តែមាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​អណ្តែត​ក្នុង​ស្រះ​ទឹក​ឡើង​ហើម​ទៅហើយ សង្ស័យថា បាន​ដើរ​ធ្លាក់​ទឹកស្រះ​លង់​ស្លាប់​។​

​បើតាម​ការធ្វើ​កោសល្យ​ពិច័យ​របស់​គ្រូពេទ្យ​បង្អែក​ស្រុក​ស្វាយទាប និង​សមត្ថកិច្ច​ដែល​បាន​ទៅពិនិត្យ បាន​បញ្ជាក់ថា ពុំមាន​ស្លាកស្នាម​អ្វី​ទេ គឺអាច​សន្និដ្ឋានថា ពិតជា​លង់ទឹក​ស្លាប់​ពិតមែន​។ បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​គ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​