បារាំងរាយការណ៍ករណីស្លាប់កើនឡើងខ្ពស់បំផុត និងត្រៀមខ្លួនបញ្ចេញលុយរាប់សិបពាន់លានជួយក្រុមហ៊ុនដែលប៉ះពាល់

129
ចែករម្លែក

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង លោក អូលីវើ វើរ៉ាន់ បាននិយាយថា បារាំងបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ២៩ នាក់បន្ថែមទៀតកាលពីថ្ងៃអាទិត្យ ទី១៥ មីនា ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃនៅក្នុងប្រទេសចាប់តាំងពីការផ្ទុះឡើងនៃមេរោគនេះ ដោយនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១២០ នាក់។

លោកវើរ៉ាន់បានប្រាប់ទូរទស្សន៍បារាំងប៉ុស្តិ៍លេខ ២ ថា អ្នកឆ្លងជំងឺប្រហែល ៩០០ ផ្សេងទៀតត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោង ដែលសរុបទៅមានចំនួន ៥.៤០០ នាក់ចាប់តាំងពីខែមករា។

ដោយឡែក ទីភ្នាក់ងារសុខាភិបាលជាតិបារាំង Sante Publique France ដែលបានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់សរុបប្រចាំថ្ងៃ បានដាក់ចំនួនអ្នកស្លាប់កើនឡើងដល់ ១២៧ នាក់។

ការកើនឡើងចំនួនអ្នកស្លាប់ច្រើនបែបនេះកើតឡើងខណៈដែលបារាំងរៀបចំការបោះឆ្នោតក្រុងជុំទី ១ ទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ ដោយរំពឹងមានអត្រាចូលរួមបោះឆ្នោតតិចបំផុត ខណៈការភ័យខ្លាចមេរោគបានរារាំងមនុស្សជាច្រើនមិនឱ្យចេញមកស្ថានីយបោះឆ្នោត។

លោកវើរ៉ាន់បាននិយាយថា មន្រ្តីរដ្ឋាភិបាលនឹងជួបជាមួយទីប្រឹក្សាវិទ្យាសាស្ត្រនៅប៉ុន្មានថ្ងៃខាងមុខដើម្បីកំណត់ថាតើការបោះឆ្នោតជុំទី ២ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យក្រោយឬអត់។

ទន្ទឹមនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុព្រូណូ ឡេមែរ និយាយថា បារាំងត្រៀមចំណាយលុយរាប់សិបពាន់លានដុល្លារដើម្បីជួយក្រុមហ៊ុននានាដើម្បីឆ្លងកាត់ការលំបាកខាងសេដ្ឋកិច្ចដោយសារតែមេរោគកូរ៉ូណា។

លោកឡេមែរនិយាយប្រាប់ទូរទស្សន៍បារាំងប៉ុស្តិ៍លេខ២ថា “នឹងមានលុយចាំបាច់ជាស្រេច។ រដ្ឋនឹងនៅគាំទ្រពីក្រោយពួកគេ។ រដ្ឋនឹងជួយគ្រប់គ្នាឆ្លងកាត់គ្រាលំបាកនេះ ហើយវានឹងត្រូវចំណាយរាប់សិបពាន់លានដុល្លារ”៕ ដោយ៖ កញ្ញាដាលីស

បារាំងមានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន ១២០ នាក់