បារាំង​” មិន​ចង់​ឃើញ​អង្គការ​សុខភាព​ពិភពលោក​ជាប់​ក្នុង​សង្គ្រាម​អាម៉េរិក​-​ចិន “

188
ចែករម្លែក

​ប្រធានាធិបតី​បារាំង លោក​អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង ដល់​អង្គការ​សុខភាព​ពិភពលោក (WHO) នៅក្នុង​ការហៅ​តាម​ទូរស័ព្ទ​ជាមួយ​ប្រធាន​អង្គការ​WHO​នេះ​​កាលពី​ថ្ងៃ​ពុធ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ​បាន​រិះគន់​អង្គការ​អន្តរជាតិ​មួយ​នេះ​។​

​មន្ត្រី​ម្នាក់​នៅ​ការិយាល័យ​ប្រធានាធិបតី​បារាំង​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា “​លោក​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការជឿជាក់ និង​ការគាំទ្រ​របស់​លោក​ចំពោះ​ស្ថាប័ន​នេះ​ហើយ​មិន​ចង់​ឃើញ​ស្ថាប័ន​នេះ​ជាប់​​ក្នុង​សង្គ្រាម​រវាង​ចិន​និង​សហរដ្ឋ​អាម៉េរិក​” ។​

​ប្រធានាធិបតី​បារាំង លោក​អេម​ម៉ានុយ​អែល ម៉ា​ក្រុង

​លោក​ម៉ា​ក្រុង ដែល​ជា​អ្នកគាំទ្រ​និង​ការពារ​អង្គការ​ពហុភាគី​នេះ បាន​ពាក់ព័ន្ធ​កាលពី​អតីតកាល​ទៅ​នឹង​ការរិះគន់​របស់​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ ចំពោះ​ស្ថាប័ន​នានា​ដែល​ជា​មូល​​ដ្ឋា​ន​គ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្រោយ​សង្គ្រាម​។​

​លោក ដូ​ណាល ត្រាំ បាន​សរសេរ​លើ​បណ្តាញ​សង្គម​Twitter កាលពី​ថ្ងៃ​អង្គារ​ថា ” អង្គការ​WHO​នេះ​ពិតជា​មិន​ដំណើរការ​បាន​ល្អ​នោះទេ ។ វា​មាន​ហេតុផល​ច្រើន ។ អង្គការ​នេះ​ត្រូវបាន​ផ្តល់​មូលនិធិ​​យ៉ាងច្រើន​ដោយ​សហរដ្ឋ​អាម៉េរិក ប៉ុន្តែ​វា​មានការ​លំអៀង​ខ្លាំង​ទៅរក​ចិន ហើយ​យើង​នឹង​ឃើញ​កាន់តែច្បាស់​”​។​

​កាលពី​ថ្ងៃទី​៣១​ខែ​មករា អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​ដល់​ប្រទេស​នានា​ឱ្យ​បន្ត​បើក​ព្រំដែន ទោះបីជា​មាន​ការឆ្លង​រាលកូ​វីដ​១៩ ក៏ដោយ ទោះ​យ៉ាងនេះ​ក្តី​អង្គការ​នេះ​ក៏​បាន​ធ្វើការ​កត់​​សម្គាល់​ថា​ប្រទេស​នានា​មាន​សិទ្ធិ​ចាត់​វិធានការ​ដើម្បី​ការពារ​ពលរដ្ឋ​របស់​ពួកគេ​។ នៅ​ថ្ងៃ​ដដែល​នោះ រដ្ឋបាល​របស់​លោក ដូ​ណា​ល់​ត្រាំ បានប្រកាស​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​ពី​ប្រទេស​ចិន​។​

​វិមាន​ប្រធានាធិបតីអេលី​ហ្សេ​របស់​បារាំង បាន​និយាយថា នៅក្នុង​ការហៅ​ទូរស័ព្ធ​ទាក់ទង​ជាមួយ លោកតេ​ដ្រូ​ស អា​ដា​ណូម ហ្គេ​ប្រេ​យេស៊ូ​ស អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក​នេះ លោក​ ម៉ា​ក្រុង ក៏​បាន​ធានា​ចំពោះ​លោក​ថា វេជ្ជបណ្ឌិត​បារាំង​ដែល​បាន​លើកឡើង​អំពី​ការ​សាក​ពិសោធន៍​វ៉ាក់សាំង​នៅ​ទ្វីបអាហ្វ្រិក​នោះ មិន​តំណាងឱ្យ​គោលនយោបាយ​ផ្លូវការ​របស់​បារាំង​នោះទេ​។​

​ការលើកឡើង​របស់​វេជ្ជបណ្ឌិត​នេះ​នេះ បាន​បង្ក​ឱ្យ​មាន​ការខឹង​សម្បារ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​និង​ការឆ្លើយតប​ពី​អង្គការ​សុខភាព​ពិភពលោក ដោយ​ចាត់ទុក​វា​ជា​ការរើសអើង​៕​ប្រែ​សម្រួល​៖​សុខា​/sn