បុគ្គលិកកូរ៉េរាប់ពាន់នាក់ធ្វើការឱ្យយោធាអាម៉េរិក ត្រូវបានឱ្យឈប់សម្រាកពីការងារដោយគ្មានប្រាក់ខែ

245
ចែករម្លែក

ជនជាតិកូរ៉េខាងត្បូងប្រហែល ៤.០០០ នាក់ដែលធ្វើការឱ្យយោធាអាម៉េរិកនៅក្នុងប្រទេសរបស់ពួកគេ ត្រូវបានដាក់ឱ្យឈប់សម្រាកដោយគ្មានប្រាក់កាលពីថ្ងៃពុធទី១មេសា ខណៈរបបក្រុងសេអ៊ូលនិងវ៉ាស៊ីនតោនមានការស្ទាក់ស្ទើរជុំវិញការផ្តល់មូលនិធិសម្រាប់កងកម្លាំងអាម៉េរិក។

វ៉ាស៊ីនតោនបានដាក់ពង្រាយកងទ័ពចំនួន ២៨.៥០០ នាក់នៅក្នុងកូរ៉េខាងត្បូងដើម្បីការពារប្រទេសនេះពីកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែទំនាក់ទំនងសម្ព័ន្ធមិត្តសន្តិសុខត្រូវបានល្អក់កករដោយការទាមទាររបស់អាម៉េរិកឱ្យកូរ៉េខាងត្បូងបង់ប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀតទៅលើការចំណាយរបស់ពួកគេ។

រដ្ឋបាលត្រាំដំបូងបានទទូចទារ ៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលជាការកើនឡើងខ្ពស់ជាងមុន៥ដង។

ក្រុមមន្រ្តីអាម៉េរិកនិយាយថា ចាប់តាំងពីពេលនោះមក ពួកគេបានសម្របសម្រួលលើតួលេខនេះ ប៉ុន្តែការចរចាចំនួន ៧ លើក ដែលទើបនឹងបញ្ចប់នៅពាក់កណ្តាលខែមីនា មិនបានឈានដល់កិច្ចព្រមព្រៀងទេ។

កិច្ចព្រមព្រៀងវិធានការពិសេសលើកមុនបានផុតកំណត់កាលពីចុងខែធ្នូ ហើយកងកម្លាំងកូរ៉េអាម៉េរិក (USFK) បាននិយាយកាលពីខែមុនថា ខ្លួននឹងត្រូវបង្ខំចិត្តដាក់និយោជិកកូរ៉េឱ្យឈប់សម្រាកចាប់ពីថ្ងៃទី ១ ខែមេសា នៅពេលមូលនិធិដើម្បីបើកប្រាក់ខែរបស់ពួកគេចាប់ផ្តើមអស់។

មេបញ្ជាការ USFK លោក រ៉ូបឺត អាប្រាម និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះថា “នេះគឺជាថ្ងៃអកុសលសម្រាប់ពួកយើង…វាជារឿងដែលមិនអាចនឹកស្មានដល់ឡើយ…វាជាការខូចចិត្ត”។

លោកបានបន្ថែមថា “ទាំងនេះជានិយោជិក មិត្តរួមការងារ មិត្តរួមក្រុមរបស់យើង ហើយយើងចាត់ទុកពួកគេជាគ្រួសារ។ ពួកគេមានសារៈសំខាន់ចំពោះបេសកកម្មរបស់យើង”។

រហូតមកទល់ពេលនេះ ការដាក់ឱ្យឈប់សម្រាកគ្មានប្រាក់ខែត្រូវបានអនុវត្តទៅលើបុគ្គលិកកូរ៉េខាងត្បូងជិតពាក់កណ្តាលនៃសមាជិក USFK ជិត ៩០០០ នាក់។

ដំណឹងនេះកើតឡើងខណៈសេអ៊ូលនិងវ៉ាស៊ីនតោនកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក្នុងនោះមាន ១៣ ករណីគឺជាប់ទាក់ទងនឹង USFK និងចំពេលកូរ៉េខាងជើងបាញ់សាកល្បងអាវុធជាបន្តបន្ទាប់ផងដែរ៕ ដោយ៖ កញ្ញាដាលីស

បុគ្គលិកកូរ៉េខាងត្បូង ៤០០០ នាក់ត្រូវបានឱ្យឈប់សម្រាកដោយគ្មានប្រាក់ខែ