បុគ្គលិក​ពេទ្យ​ឥណ្ឌូនេស៊ី​៨៤​នាក់​ដែល​រួមទាំង​ស្ត្រី​មាន​ផ្ទៃពោះ​២​ឆ្លងកូវី​ដ​១៩

149
ចែករម្លែក

​រដ្ឋបាល​ក្រុង​ហ្សា​ការតា ប្រទេស​ឥណ្តូនេស៊ី បាន​រាយការណ៍​ថា​បុគ្គលិក​ពេទ្យ​ចំនួន​៨៤ នាក់ ដែល​ធ្វើការ​នៅក្នុង​មន្ទីរពេទ្យ​ចំនួន ៣០ និង​គ្លីនិក​មួយ​នៅ​ទូទាំង​ក្រុង​ហ្សា​ការតា បាន​ធ្វើតេស្តិ៍​វិជ្ជ​​មាន​វីរុស​កូវី​ដ​១៩ ចំ​ពេល​មាន​កង្វះ​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន នៅ​ទូទាំង​ប្រទេស​នេះ​។​

​ប្រធាន​ផ្នែក​ការការពារ​និង​គ្រប់គ្រង​ជំងឺ​នៃ​ភ្នាក់ងារ​សុខាភិបាល​ក្រុង​ហ្សា​ការតា បាន​និយាយថា ក្នុងចំណោម​បុគ្គលិក​ពេទ្យ​ដែលមាន​ជំងឺ​កូវី​ដ​១៩​នេះ មាន​បុគ្គលិក​២​នាក់​ជា​ស្ត្រី​មាន​ផ្ទៃពោះ​។​

​បុគ្គលិក​ពេទ្យ​ម្នាក់​និង​វេជ្ជបណ្ឌិត​២​នាក់ ដែល​បាន​រស់នៅ​ទីក្រុង​ហ្សា​ការតានិង​ធ្វើការ​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្រៅ​ទីក្រុង​នេះ បាន​ស្លាប់​ដោយសារ​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​បុគ្គលិក​ពេទ្យ​មួយចំនួន ដែល​កំពុង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩ គឺ​មាន​ហានិភ័យ​ខ្ពស់ ដោយសារ​ពួកគេ​ប្រើ​អាវ​ភ្លៀង​ជំនួស​អាវ​ពេទ្យ ដោយសារ​ខ្វះខាត​ការផ្គត់ផ្គង់​ឧបករណ៍​ការពារ​។​

​លោក បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ពុធ​ទី​០១​មេសា​ថា​”​យើង​នៅតែ​ត្រូវការ​ជំនួយ​ខ្លះ​ដែល​ទាក់ទង​នឹង​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន ម៉ា​ស់មុខ ស្រោមដៃ និង​ទឹក​ថ្នាំ​លាងដៃ ដែលជា​​តម្រូវការ​ប្រចាំថ្ងៃ​” ។​

​គិត​មក​ត្រឹម​ថ្ងៃ​ពុធ ក្រុង​ហ្សា​ការតា មាន​ករណី​ឆ្លង​វីរុស​នេះ ចំនួន​៨០៨​នាក់​គឺ​ជិត​ពាក់កណ្ដាល​នៃ​ចំនួន​ឆ្លង​វីរុស​របស់​ប្រទេស​នេះ ។ នៅក្នុង​ចំណោម​អ្នក​ឆ្លង​វីរុស​ទាំងនេះ​៨៥​នាក់ បាន​ស្លាប់​​ដោយសារ​ជំងឺ​នេះ ខណៈ​ដែល​មនុស្ស​តែ​៥០​នាក់​ប៉ុណ្ណោះ បាន​ជាសះស្បើយ​៕​ប្រែ​សម្រួល​៖​សុខា​

គ្រូពេទ្យ​ពិនិត្យ​មើល​អ្នក​ដែល​មាន​រោគសញ្ញា​កូវី​ដ​១៩ នៅ​ទីក្រុង​បាន​ឌុ​ង ប្រទេស​ឥណ្ឌូនេស៊ី​