បុគ្គលិក​អង្គការសហប្រជាជាតិ​៨៦​នាក់​នៅ​ជុំវិញ​ពិភពលោក​ឆ្លងកូវី​ត​១៩

136
ចែករម្លែក

​អង្គការសហប្រជាជាតិ​បាន​និយាយថា បុគ្គលិក​របស់​ខ្លួន​៨៦​នាក់​នៅ​ជុំវិញ​ពិភពលោក​បាន​ឆ្លង​ជម្ងឺ​កូវី​ត​១៩​។​

​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ លោក​ស្ទេ​ផាន ឌុយ​ចារិក បាន​និយាយថា ភាគច្រើន​នៃ​សមាជិក​កើត​ជម្ងឺ​នេះ​ស្ថិតនៅ​ទ្វីបអឺរ៉ុប តែ​ក៏​មាន​មួយចំនួន​​នៅ​អាហ្វ្រិក អាស៊ី មជ្ឈិម​បូព៌ា និង​អាម៉េរិក​។​

​លោក​អ្នកនាំពាក្យ​បាន​បន្តថា​ដើម្បី​កាត់បន្ថយ​ការឆ្លង ភាគច្រើន​នៃ​បុគ្គលិក​អង្គការសហប្រជាជាតិ​ត្រូវបាន​អនុញ្ញាត​អោយ​ធ្វើកា​រ​ចេញពីផ្ទះ​។​លោក​​បានអោយដឹងថា នៅ​ស្នាក់ការ​អង្គការ​ស​ប្រជាជាតិ​នៅ​ក្រុង​ញូវយ៉ក ចំនួន​បុគ្គលិក​ឆូត​កាត​១១.០០០​ដង​ក្នុង​មួយ​ថ្ងៃ​ធ្លាក់​មក​នៅ​ប្រមាណ​១៤០​កាល​​ពី​ថ្ងៃ​សុក្រ​ទី​២៧​មីនា​និង​នៅ​ក្រុង​វី​យែន ចំនួន​វត្ត​មាន​បុគ្គលិក​នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ​បាន​ធ្លាក់​ពី​ប្រមាណ​៧.០០០​ក្នុង​ថ្ងៃ​ធម្មតា មក​​នៅត្រឹម​ប្រមាណ​៧០​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​នៅ​ក្រុង​វី​យែន បុគ្គលិក​ជាង​៩០​ភាគរយ​ធ្វើការ​ពី​ចម្ងាយ គឺ​ធ្វើ​ការបញ្ជូន​តាម​អន​ឡាញ​ចេញពីផ្ទះ​។​

​ជុំវិញ​ការផ្ទុះ​ជម្ងឺឆ្លង​នេះដែរ អង្គការ​សន្ធិសញ្ញា​មិន​រីកសាយ​អាវុធ​នុយគ្លេអ៊ែរ ដែលមាន​១៩១​ភាគី បាន​សំរេច​លើ​ក​ពេល​កិច្ចប្រជុំ​មួយ​ដើម្បី​ពិនិត្យ​សើ​​រើ​ឡើងវិញ​ការអនុវត្ត​របស់​ខ្លួន ដោយសារ​តែ​ពិភពលោក​កំពុង​ជួប​ការផ្ទុះ​ជម្ងឺ​កូវី​ត​១៩​។​

​កិច្ចប្រជុំ​នេះ​ត្រូវបាន​គ្រោង​ធ្វើ​ចាប់ពី​ថ្ងៃ​២៧​មេសា​ដល់​២២​ឧសភា នៅ​ស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅ​ញូវយ៉ក តែ​អ្នកនាំពាក្យ​សហប្រជាជាតិ​បាន​​និយាយថា​វា​ត្រូវបាន​លើក​ពេល​តែ​មិន​អោយ​ហួស​ខែ​មេសា​ឆ្នាំ​ក្រោយ​ទេ​៕​ប្រែ​សម្រួល​៖​វាសនា​