បុណ្យសព​ជនរងគ្រោះ​ក្មេង​បំផុត​ដោយសារ​កូ​រ៉ូ​ណា ធ្វើឡើង​ទាំង​គ្រួសារ​មិនអាច​ចូលរួម​

133
ចែករម្លែក

សព​ជនរងគ្រោះ​ក្មេង​បំផុត​ដោយសារ​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ នៅ​ប្រទេស​អង់គ្លេស ត្រូវបាន​ក្រុម​អ្នក​សែង​មឈូស​ដែល​ស្លៀក​ឈុត​ការពារ​ការឆ្លង​វីរុស ពាក់​ម៉ាស់ និង​ស្រោមដៃ បញ្ចុះ​យ៉ាង​សោះកក្រោះ​បំផុត​កាលពី​ថ្ងៃទី​៣ ខែមេសា ព្រោះ​ម្ដាយ និង​បងប្អូន​បង្កើត ៦ នាក់​របស់ខ្លួន​បានត្រឹមតែ​មើល​ទាំង​ក្ដុកក្ដួល​តាម​អន​ឡាញ​ខណៈ​ពួកគេ​សុទ្ធ តែ​ត្រូវ​បានដាក់​ឱ្យនៅ​ដាច់ដោយឡែក​នៅផ្ទះ​។​
​ ​
​ក្មេងប្រុស​មូស្លីម ម៉ូ​ហា​ម៉េ​ដ អាប់​ឌុល​វ៉ា​ហាប់ (Mohamed Abdulwahab) មកពី​ប្រ៊ី​ក​ថុ​ន (Brixton) ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស បាន​ស្លាប់​នៅ​មន្ទីរពេទ្យ King’s College Hospital កាលពីពេល រំលងអធ្រាត្រ​ឈានចូល​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ ខែមីនា​។
​ ​
​កាលពី​ថ្ងៃទី​៣ ខែមេសា ក្នុង​ទិដ្ឋភាព​ដ៏​សោះកក្រោះ​នៅ​កន្លែង​បញ្ចុះសព​ពួក​មូស្លីម Eternal Gardens Muslim Burial Ground នៅ​ឈី​ស៊​ល​ហឺ​ស (Chislehurst) ក្រុម​អ្នក​កាន់ទុក្ខ​ដែល​រួមមាន ឪពុកមា និង​បងប្អូន​ជីដូនមួយ​បាន​ឈរ​ឃ្លាត​ពីគ្នា​ចម្ងាយ ២ ម៉ែត្រ​អំឡុងពេល​បួងសួង និង​មើលដោយ​ស្ងាត់ស្ងៀម ពេល​មឈូស​ត្រូវបាន​ទម្លាក់​ចូល​រណ្ដៅ​ដី​៕ ប្រែ​សម្រួលៈ​ខុម