បុរសជនជាតិខ្មែរមកពីប្រទេស​ម៉ាឡេស៊ីដែល ឆ្លងកូវីដ១៩ បានជាសះស្បើយនិងបានចេញពីមន្ទីរពេទ្យខេត្តសៀមរាបហើយ

165
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ បុរសជនជាតិខ្មែរមកពីប្រទេសម៉ាឡេស៊ីម្នាក់ ដែលបានឆ្លងមេរោគកូវីដ១៩ម្នាក់ទៀត នៅខេត្ដសៀមរាបបានជាសះស្បើយ និងបានអោយវិលត្រឡប់ទៅផ្ទះវិញ។នេះបើតាមការបញ្ជាក់អោយដឹងលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប បានអោយដឹងថា បុរសខ្មែរមកពីប្រទេសម៉ាឡេស៊ីនេះ បានមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប មានរយៈពេលកន្លះខែ បន្ទាប់ពីបានរកឃើញវិជ្ជមានខូវីដ១៩ កាលពីថ្ងៃ១៦ខែមីនាឆ្នាំ២០២០កន្លងមក ពោលចាប់ពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២០កម្លងមកនេះ ខណៈដែលរូបគាត់បានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី។

លោកបានបន្តថា អ្នកដែលជាសះស្បើយពីជំងឺខូវីដ១៩នេះ នេះជាបុរសទី២ហើយ និងបានអោយវិលត្រឡប់ទៅផ្ទះវិញ នៅរសៀលថ្ងៃទី០២ខែមេសានេះ ខណៈដែលក្រុមគ្រូពេទ្យបានធ្វើតេសច្រើនដងអវិជ្ជមាន ក្រោយពីបានដាក់អោយនៅដោយឡែក ដើម្បីព្យាបាលរូបគាត់ក្នុងរយៈពេល១៥ថ្ងៃនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប។

បើ តាមលោក ក្រុស សារ៉ាត់ បានអោយដឹងថា ប្រពន្ធនិងកូនដែលបានឆ្លងខូវីដ១៩ពីបុរសរូបនោះ ក៍មានសុខភាពល្អធម្មតា និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប។លោកសង្ឃឹមថា អ្នកឆ្លងខូវីដ១៩ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យខេត្ដសៀមរាប នឹងមានជាសះស្បើយបន្ដទៀត ព្រោះក្រុមគ្រូពេទ្យបានខិតខំប្រឹកប្រែងអស់ពីកម្លាំងចិត្ដ ដើម្បីធ្វើយ៉ាងណាអោយពលរដ្ឋខ្មែរឆ្លងផុតពីជំងឹនេះ ។លោកក៍បានអំពាវនាវដល់ពលរដ្ឋអោយមានការទុកចិត្ដក្រុមគ្រូពេទ្យរបស់កម្ពុជាផងដែរ។

ចំណែកបុរសជនជាតិខ្មែរដែលបានជាសះស្បើយពីជំងឺខូវីដ១៩នេះ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ជាពិសេសប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានិងក្រុមគ្រូពេទ្យ ដែលខិតខំយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺគ្រប់ពេលវេលាដូចជាលើកទឹកចិត្ដនិងសួរនាំពីអាការៈផ្សេងៗផងដែរ។បុរសរូបនោះបានបន្ដថា មានតែគ្រូពេទ្យទេដែលអាចព្យាបានជំងឺខូវីដ១៩នេះ បានជាសះស្បើយ៕/B