បុរស​ម្នាក់​លួច​គាស់​យកលុយ​១,៤​ម៉ឺន​ដុល្លារ និង​លុយ​រៀល​អង្គការ​ឡា​តា​ស្តិ៍ តែ​ត្រូវ​នគរបាល​ចាប់ខ្លួន​

147
ចែករម្លែក

ដោយ ប​.​ជ័យ / បន្ទាយមានជ័យ​: បុរស​ម្នាក់​លួច​ចូល​គាស់​យកលុយ​១,៤​ម៉ឺន​ដុល្លារ របស់​អង្គការ​ឡា​តា​ស្តិ៍​(Lataste) ដែល​ជួយ​កុមារ​សិស្ស​ក្រីក្រ​ខ្មែរ តែ​ត្រូវ​នគរបាល​ខេត្តបន្ទាយមានជ័យ​ឃាត់ខ្លួនកាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ នៅ​ការិយាល័យ​អង្គការ​ នា​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ទោ ភឿ ម៉ាន់​សឹង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ សឹង គឹម​សាន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​បុគ្គលិក​របស់​អង្គការ​នេះ​តែម្តង ឬ​មាន​ឈ្មោះថាមណ្ឌល​សិក្សា​ឡា​តា​ស្តិ៍ នៅ​ភូមិ​ដូចខាងលើ​។​

​ជនសង្ស័យ​បាន​លួច​គាស់​យកលុយ​ពី​កេស​ចំនួន​៤ នៃ​មណ្ឌល ​កាលពី​ម៉ោង​១២​យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០​កន្លងមក​។​

​ក្រោយពី​មាន​បណ្តឹង​រឿងនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ដល់​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធ ឡោះ ស្នងការរង​ផែន​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ ធ្វើកា​ស្រាវជ្រាវ វិភាគ​លើ​បទល្មើស​នេះ ហើយ​បង្ហាញ​តម្រុយ​ថា គ្មាន​ចោរ​ណា​ក្រៅ​ខាងក្នុង​ទេ ព្រោះ​មានការ​បាត់​លុយ​នេះក៏​ស្រាប់​តែមាន​បុគ្គលិក​ដែល​ដឹង​ពី​កន្លែង​រក្សា​លុយ​នៃ​មណ្ឌល​នេះ បានចេញ​ក្រៅ​ទាំងយប់ ហើយ​វិល​វិញ​។​

​កំណត់​មុខ​ស​ញ្ញា​ហើយ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ស្នងការរង​បានស្នើ​ការសម្របសម្រួល និង​សុំ​ដីកា​ពី​តុលាការ ហើយ​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​។​

​បុគ្គលិក​មណ្ឌល​ដែល​ក្លាយជា​ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា ៖ ខ្លួន​គិត​ស្មានថា គេ​គ្រប់គ្នា​ខ្វល់ខ្វាយ​ខ្លាំង​នឹង​ការរីក​រាលដាល​មេរោគ​កូ​វីដ១៩ ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន ។​ហេតុនេះ​ខ្លួន​ដែល​ដឹង​កន្លែង​កេស​ដាក់​លុយ ក៏​យក​ចបកាប់​លួច​គាស់​ចម្រឹង​បង្អួច​បន្ទប់ ហើយ​លួច​យកលុយ​ពី​៤​កេស​ដែល​ដាក់ពង្រាយ​លុយ​សម្រាប់​ដំណើរការ​មណ្ឌល​និង​ជួយ​កុមារ​សិស្ស​ក្រីក្រ​ខ្មែរ ។​


​ជនសង្ស័យ​លួចបាន ក៏​យក​កា​រុង​ច្រក​កេស​លុយ​យកទៅ​លាក់ទុក​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​វ៉ន ឧ​ត្ត​ម​នៅ​ក្រុង​សិរីសោភ័ណ​។​

​ឯ​ចបកាប់​យកទៅ​បោះចោល​ម្តុំ​សួន​ស្នេហ៍​ជនបទ ជិតខាង​មណ្ឌល ហើយ​ចេញ​បាត់​ពី​មណ្ឌល​មួយសន្ទុះ​ធំ​ក៏​ជិះម៉ូតូ​មក​មណ្ឌល​សិក្សា​វិញ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សិទ្ធ ឡោះ​បាន​នាំ​កម្លាំង​នគរបាល​និង​នាំខ្លួន​ជនសង្ស័យ​ទៅយក​លុយ​ដែល​លាក់ទុក​នៅ​បន្ទប់​ជួល​ផ្ទះសំណាក់ វ៉ន ឧ​ត្ត​ម ស្ថិតក្នុង​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ហើយ​ប្រគល់​កេស​ដែលមាន​លុយ​ចំនួន​១៤.២៧៩​ដុល្លា​រ​និង​ប្រាក់​ខ្មែរ​ចំនួន ២.៦៩៩.៨០០​រៀល ទៅ​ម្ចាស់​គឺ​អ្នកគ្រប់គ្រង​មណ្ឌល​ឡា​តា​ស្តិ៍​វិញ​។​

​ចំណែក​ជនសង្ស័យ​ត្រូវបាន​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ហើយ​កាលពី​ថ្ងៃទី​៣១​ខែមីនា​៕ ល​/Ha