បុរស​ម្នាក់​ស្លាប់ ស្ត្រី​ពីរ​នាក់​របួសធ្ងន់​ស្រាល ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

98
ចែករម្លែក

ដោយ​: វណ្ណៈ / ខេត្ត​ព្រះសីហនុ​: បុរស​ម្នាក់​បាន​ស្លាប់​និង​ស្ត្រី​២​នាក់​ទៀត​រងរបួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត លើ​ដង​ផ្លូវជាតិ​លេខ​៤​។ ករណីនេះ កើតឡើង​កាលពី​ម៉ោងជាង​៩​យប់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២០ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៩២-១៩៣ ស្ថិតនៅ​ភូមិ​អូរ​តាប៉ាង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​។

​សមត្ថកិច្ច​ប្រាប់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង រវាង​រថយន្ត ០១​គ្រឿង​ម៉ាក CRV ពណ៌​សំបក​ឪឡឹក ពាក់​ផ្លាកលេខ​ភ្នំពេញ 2B-3851 បើកបរ​ដោយ​ឈ្មោះ យាន យ៉ុង ភេទ ប្រុស អាយុ ៥០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ ២៨​សេ ផ្លូវ​២៦៥ ភូមិ​១៣ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មាន​អ្នករួមដំណើរ​ចំនួន ០២​នាក់ ឈ្មោះ ហង្ស ស្រី​និ​ច ភេទ​ស្រី អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ និង ០១​នាក់​ទៀត ពុំទាន់​ស្គាល់​អត្តសញ្ញាណ ដែលមាន​ទិសដៅ​ពី​ភ្នំពេញ ឆ្ពោះ​មក ខេត្ត​ព្រះសីហនុ លុះ​មកដល់​ចំណុច​ខាងលើ រថយន្ត​នេះ​ជ្រុល​ចូលទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​រួច​ក៍​បុក​រថយន្ត ០១​គ្រឿង​ម៉ាក HYUNDAI ពណ៌ ស ពាក់​ផ្លាកលេខ​ភ្នំពេញ​3A-3877 ដែល មាន​ទិសដៅ​ផ្ទុយគ្នា បើកបរ​ដោយ​ឈ្មោះ តន ម៉ាប់ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះស្លា ឃុំ​ត្រពាំង​ឃ្លាំង ស្រុក​ឈូក​ខេត្តកំពត​។​

​គ្រោះថ្នាក់​នេះ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ០១​នាក់ និង​របួស​មនុស្ស​ចំនួន ២​នាក់ ៖
១. ឈ្មោះ យាន យ៉ុង អ្នកបើកបរ​រថយន្ត CRV ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។
២. ឈ្មោះ ហង្ស ស្រី​និ​ច អ្នករួមដំណើរ​លើ​រថ​យន្ត CRV របួស​មធ្យម​។​
៣. អ្នករួមដំណើរ​លើ​រថ​យន្ត CRV មិនទាន់​ស្គាល់​អត្តសញ្ញាណ របួស​មធ្យម​។​

​ក្រោយ​កើតហេតុ អ្នករងរបួស​បា​នប​ញ្ជូ​ន​ទៅ​មន្ទីរពេទ្យ និង​ចាត់ចែង​សាកសព​ទុក​ជូន​ក្រុមគ្រួសារ ចំណែក​អ្នកបើកបរ​រថយន្ត HYUNDAI នគរបាល​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នាំមក​សាកសួរ រួម​និង​វត្ថុតាង រថយន្ត​ចំនួន ០២​គ្រឿង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ព្រៃនប់ ដោះស្រាយ​បន្ត​៕ ល​