បុរស​ម្នាក់​អាច​ប្រឈម​ទោស​ប្រហារជីវិត​ដោយសារ​ស្ដោះ​ទឹកមាត់​ដាក់រទេះ​ដាក់​ឥ​វ៉ាន់ និង​ទ្វារ​ហាង

220
ចែករម្លែក

បុរស​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​ខាកស្ដោះ​ដាក់រទេះ​ដាក់​ឥ​វ៉ាន់ និង​ទ្វារ​ហាង​នៅ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយកន្លែង​ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត អាច​ប្រឈម​ទោស​ប្រហារ ជីវិត​បន្ទាប់ពី​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ឬ កូ​វីដ​-១៩​។​

​ហេតុការណ៍​គួរឱ្យ​ហួសចិត្ត​នេះ​បានកើត​ឡើង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ស្ថិតក្នុង​ខេត្ត​ហា​អ៊ី​ល (Hail) ហើយ​ក្រោយមក​ជនសង្ស័យ​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​ត្រូវបាន​ចាប់ខ្លួន​ក្រោយពី បុគ្គលិក​ធ្វើការ​នៅ​ទីនោះ​ប្រទះឃើញ​សកម្មភាព​របស់គាត់​។​

​ខណៈ​ជាប់​មន្ទីរឃុំឃាំង បុរស​ជនបរទេស​ដែល​សញ្ជាតិ​របស់គាត់​មិន​ត្រូវបាន​ទម្លាយ​ឱ្យដឹង បានធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​។ ទោះជា​យ៉ាងណា គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​មូល​ហេតុអ្វី បានជា​គាត់​ធ្វើ​ទង្វើ​បែបនេះ ហើយ​ថា​តើ​គាត់​ដឹងថា​ខ្លួនឯង​ឆ្លង​វីរុស​កាច​សាហាវ​នេះ​ឬក៏​អត់ នៅពេល​គាត់​ប្រព្រឹត្ត​ទង្វើ​ខាងលើ​។​

​បន្ទាប់ពី​បុរស​នេះ​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ គ្រប់គ្នា ដែល​បាន​ទៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នោះ​ប្រញាប់​ទៅធ្វើ​តេស្តរ​កវី​រុស​នេះ​៕ ប្រែ​សម្រួលៈ​ខុម​