បេក្ខជន​ប្រឡង​បាក់​ឌុប​ជាង ៤០០ នាក់ ប្តឹង​ជំទាស់​លទ្ធផល​ប្រឡង ពិសេស​ចំពោះ​មុខវិជ្ជា​គណិតវិទ្យា​

1134
ចែករម្លែក

ដោយ​:​ម៉េង​ឆៃ​/ភ្នំពេញ​: រហូតដល់​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ មាន​បេក្ខជន​ប្រឡង​បាក់​ឌុប​ជាច្រើន​នាក់ បាន​បន្ត​ប្រមូលផ្តុំ​មុខក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​បានដាក់​ពាក្យបណ្តឹង​ជំទាស់​លទ្ធផល​ប្រឡង​​​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃ​២០​សីហា ឆ្នាំ​២០១៨ ចំពោះ​មុខវិជ្ជា​គណិតវិទ្យា​។ ការប្រមូល​ផ្តុំ​តវ៉ា​នោះ បានធ្វើ​ឡើង​ចាប់តាំងពី​រសៀល​ថ្ងៃ​ចន្ទ ទី​១០ ខែកញ្ញា ។ ចំពោះមុខ​នេះ ក្រសួង​អប់រំ បន្ត​ទទួល​បណ្តឹងតវ៉ា​របស់​បេក្ខជន និង​រៀបចំ​បង្កើត​គណៈកម្មកា​រ​មួយ ដឹកនាំ​ដោយ​រដ្ឋមន្ត្រី អប់រំ ដើម្បី​ដោះស្រាយ​លើ​បណ្តឹង​ទាំងនេះ​។​

ទិដ្ឋភាពកាលពីថ្ងៃប្រឡងបាក់ឌុប(រូបថតគន្ធា)

​ កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ មាន​សិស្សានុសិស្ស មកពី ២៥ រាជធានី​-​ខេត្ត ចំនួន​ប្រមាណ ២០០ នាក់ បាន​ប្រមូល​ផ្តុំគ្នា នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ថិតនៅ​មហាវិថី​ព្រះ​នរោត្តម ខាងជើង​វិមានឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ​។ គោលបំណង​នៃ​ការប្រមូលផ្តុំ​នោះ ដើម្បី​ដាក់​ញត្តិ និ​សំណូមពរ សូម​ឲ្យ​ក្រសួង​អប់រំ មេត្តាជួយ​សម្រួល​ពិនិត្យ​លើ​កិច្ចការ គណិតវិទ្យា របស់​សិស្ស ចំនួន​ប្រមាណ ២០០ នាក់ ដែល​ពួកគេ អះអាងថា ពុំមាន​តម្លាភាព ដោយ​មូលហេតុ បាន​បំពេញ​វិញ្ញាសារ​ដូចគ្នា តែ​និទ្ទេស​ផ្សេងគ្នា​។​
​ការប្រមូលផ្តុំ​តវ៉ា​ដែល​បាន​ធ្វើឡើង​តាំងពី​ថ្ងៃ​ចន្ទ ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ត្រូវបាន​តំណាង​ក្រសួង​អប់រំ បាន​អនុញ្ញាត​ឲ្យ​សិស្ស​ទាំងអស់​ចូលជួប ដើម្បី​ពិភាក្សា​និង​សរសេរ​លិខិត បណ្តឹង​ដាក់ជូន​ក្រសួង ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ ពិនិត្យ​ដោះស្រាយ​។​

​ ​ក្នុង​បណ្តឹង បេក្ខជន​ប្រឡង​បាក់​ឌុប បាន​លើកឡើងថា ពួកគេ​បានធ្វើ​វិញ្ញាសារ​គណិតវិទ្យា គ្រប់​លំ​ហាត់​តាំង​ពីដើម​ដល់​ចប់ រួច​ផ្ទៀងផ្ទាត់​ជាមួយ​អត្រាកំណែ​ក្រសួង ឃើញថា ពួកគេ​ធ្វើបាន​ត្រឹមត្រូវ​ជាង ៩០​ភាគរយ ហើយ​បាន​អនុវត្ត​បទបញ្ញត្តិ​នៃ​ការប្រឡង​បាន​យ៉ាង​ត្រឹមត្រូវ និង​មាន​ទំនុកចិត្ត​ខ្ពស់​លើ​វិញ្ញាសារ​នេះ តែ​បែរជា​លទ្ធផល ទទួលបាន​និទ្ទេស​អេ​ហ្វ​( F) ទៅវិញ​។​

​ ​ក្រុម​បេក្ខជន​អ្នក​តវ៉ា បាន​សម្តែង​ចម្ងល់ និង​សំណូមពរ សូម​ឲ្យ​ក្រសួង​មាន​វិធានការ​ពិនិត្យ​សន្លឹក​កិច្ចការ​របស់ខ្លួន​ម្នាក់ៗ​ឡើងវិញ ក្នុង​គោលបំណង​ផ្តល់​ទំនុកចិត្ត យុត្តិធម៌ និង​ភាពត្រឹមត្រូវ​ចំពោះ​បេក្ខជន ព្រមទាំង​លើក​គុណ​តម្លៃ​របស់​ក្រសួង​អប់រំ​ផង សមស្រប​ទៅនឹង​កំណែទម្រង់​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព​។​
​ ​ឆ្លើយតប​នឹង​បណ្តឹងតវ៉ា​របស់​បេក្ខជន​ប្រឡង​បាក់​ឌុប​ខាងលើនេះ លោក ឌី ខាំ​ប៉ូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​និយាយថា មកដល់​ល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ក្រសួង​អប់រំ បានទទួល​បណ្តឹង​ពី​បេក្ខជន​សរុប​ជាង ៤០០ បណ្តឹង ហើយ​បណ្តឹង​ភាគច្រើន ពាក់ព័ន្ធ​នឹង​មុខវិជ្ជា​គណិតវិទ្យា និង​មួយចំនួន​ពាក់ព័ន្ធ​នឹង​លក្ខណៈ​ផ្សេងទៀត​។​

​ ​លោក​បញ្ជាក់ថា “​ការប្តឹង​ជំទាស់​នឹង​លទ្ធផល​ប្រឡង​បាក់​ឌុប​នេះ មិនមែនជា​រឿង​ថ្មី​ទេ គឺ​តែងតែ​កើត​ឡើងជា​រៀងរាល់ឆ្នាំ ទោះបីជា​នៅ​ឆ្នាំនេះ បណ្តឹង​ជំទាស់​មានការ​កើនឡើង​ក៏ដោយ ហើយ​ក្រសួង តែងតែ​ដោះស្រាយ​ជូន​បេក្ខជន​ជានិច្ច​ជា​រៀងរាល់ឆ្នាំ​។ គឺជា​ទូទៅ យើង​បង្កើត​គណៈកម្មការ​កោសល្យ​វិ​ច្ច័​យ ដឹកនាំ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី ហង់​ជួនណា​រ៉ុ​ន ដើម្បី​ពិនិត្យមើល​ទៅលើ​ពាក្យបណ្តឹង​របស់​សិស្ស ហើយនឹង​ចាត់វិធានការ​បន្តបន្ទាប់​ទៅតាម​ការសម្រេច​របស់​គណៈកម្មការ​កោសល្យ​វិ​ច្ច័​យ​”​។​

​ ​អ្នកនាំពាក្យ​បន្តថា តាម​គោលការណ៍ ក្រសួង​អប់រំ​បើក​ពេល ៣០​ថ្ងៃ ចាប់​ពីថ្ងៃ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ ដើម្បី​ធ្វើការ​តវ៉ា រាប់​ចាប់ពី​ថ្ងៃទី​៩ ខែកញ្ញា ។ មកដល់ពេលនេះ ក្រសួង​មិនអាច​បញ្ជាក់​ពី​មូលហេតុ ដែល​នាំ​ដល់​ការតវ៉ា​របស់​បេក្ខជន​នោះទេ ហើយ​អ្វីដែល​មានការ​លើកឡើង​ថា មកពី​កំហុសឆ្គង​កុំព្យូទ័រ បូក​ពិន្ទុ​ខុស​ជាដើម​នោះ គ្រាន់តែ​ជាការ​លើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។ យើង​ត្រូវ​រង់ចាំ​គណៈកម្មការ​កោសល្យ​វិ​ច្ច័​យ ដើម្បី​សម្រេច និង​កំណត់​ពី​មូលហេតុ និង​លទ្ធផល​នៃ​ការដោះស្រាយ​បណ្តឹង​ទាំងនោះ​។ ចំពោះ​រយៈពេល​នៃ​ការដោះស្រាយ​បណ្តឹង​នេះ ត្រូវ​រង់ចាំ​ការសម្រេច​របស់​គណៈកម្មកា​រ​កោសល្យ​វិ​ច្ច័​យ ដែល​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​។​

​ ​កាលពី​ថ្ងៃទី​១១ ខែកញ្ញា ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា បេក្ខជន​ទើប​ប្រឡង​ជាប់​បាក់​ឌុប ត្រូវ​មក​ដក​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន នៅតាម​សាលា​រៀងៗ​ខ្លួន ពីថ្ងៃ​ទី​១៨ ខែកញ្ញា ។ លទ្ធផល​ប្រឡង​បាក់​ឌុប ដែល​ក្រសួង​អប់រំ ប្រកាស​កាលពី​ថ្ងៃទី​០៩-១០ ខែកញ្ញា​បង្ហាញថា ក្នុងចំណោម​បេក្ខជន​ប្រឡង​ជាង ១១​ម៉ឺន​នាក់ មាន​បេក្ខជន ៧៥.០៥៩ នាក់ ស្មើនឹង ៦៦,២១​ភាគរយ បាន​ប្រឡង​ជាប់​។

​ក្រសួង​អប់រំ បានប្រកាសថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២០-២១ ខែសីហា ឆ្នាំ​២០១៨ មាន​មណ្ឌល​ប្រឡង នៅ​គ្រប់​រាជធានី​ខេត្ត សរុប​ចំនួន ១៩៦ មណ្ឌល បន្ទប់​ប្រឡង ៤៦៥៥ បន្ទប់ និង​បេក្ខជន​ចុះឈ្មោះ​ប្រឡង​នៅ​គ្រប់​រាជធានី​ខេត្ត​សរុប ១១៥២៦៨ នាក់ ដែល​ក្នុងនោះ ៩០១២០ នាក់ ជា​បេក្ខជន​ចំណេះ​ទូទៅ ១៧០៣១​នាក់ ជា​បេក្ខជនស្វៃរិន ៤៤២៥​នាក់ ជា​បេក្ខជន​បំពេញវិជ្ជា និង ៣៦៩២​នាក់ ជា​បេក្ខជនស្វៃរិន​បំពេញវិជ្ជា​។ បេក្ខជន​អវត្តមាន​ចំនួន ១៩០៣​នាក់​។ ដំណើរការ​ប្រឡង ទាំង​ដំណើរការ​សំណេរ កំណែ និង​ស្រង់​បូក​ពិន្ទុ​ដោយ​កុំ​ព្យួ​ទ័​រ បាន​ប្រព្រឹត្តទៅ ប្រកបដោយ​ជោគជ័យ ពុំមាន​ឧបទ្ទវ​ហេតុអ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ ការប្រកាស​លទ្ធផល​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​ខេត្ត​ដទៃទៀត​។​
​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បង្ហាញថា បេក្ខជន​ប្រឡង​ជាប់ មាន​ចំនួន ៧៥០៥៩ នាក់ ត្រូវជា ៦៦,២១% ( បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ចំនួន ៦៣,៨៤% ) ក្នុងនោះ បេក្ខជន ដែល​ទទួលបាន​និទ្ទេស អេ​(A )​មាន​ចំនួន ២៩០​នាក់ ( ឆ្នាំ​២០១៧ ចំនួន ៤២៤​នាក់​) និទ្ទេស ប៊ី​(B )​មាន​ចំនួន ១៥៣២ នាក់ ( ឆ្នាំ​២០១៧ ចំនួន ២៤៦៤​នាក់ ) និទ្ទេស ស៊ី​(C )​មាន​ចំនួន ៤៦៣១ នាក់ ( ឆ្នាំ​២០១៧ ចំនួន ៥០០០ នាក់ ) និទ្ទេស​ឌី​(D )​មាន​ចំនួន ១៣៩៩៩ នាក់ ( ឆ្នាំ​២០១៧ ចំនួន ៩១២៣ នាក់ ) និង​និទ្ទេស អ៊ី​(E) មាន​ចំនួន ៥៤.៦០៧ នាក់ ( ឆ្នាំ​២០១៧ ចំនួន ៤៦៦៥៧ នាក់ )​។

​ក្រសួង​អប់រំ បាន​បញ្ជាក់ថា មូល​ហេតុដែល​បេក្ខជន​ទ​តួ​ល​បាន​និទ្ទេស A ,B និង C ធ្លាក់ចុះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ គឺ​ដោយសារ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើន​ស្តង់ដា​ប្រធាន​វិញ្ញាសា​ប្រឡង​ឲ្យ​ខ្លាំង​ជាង​មុន ក្នុង​គោលដៅ​ពង្រឹងគុណភាព​អប់រំ និង​ជំរុញ​បេក្ខជន​ឲ្យ​ខិតខំ​រៀនសូត្រ​ឲ្យ​កាន់តែ​មានចំណេះដឹង​ជ្រៅជ្រះ​ថែមទៀត​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​បន្ថែមថា ក្នុងចំណោម​បេក្ខជន​ទទួលបាន​និទ្ទេស A ចំនួន ២៩០ នាក់ មកពី​រាជធានី​ភ្នំពេញ​ច្រើនជាងគេ រហូតដល់ ១៣៥​នាក់ ខេត្តសៀមរាប ២១​នាក់ កណ្តាល ១៦​នាក់ បាត់ដំបង ១៥​នាក់ តាកែវ ១៥​នាក់ កំពង់ចាម ១៣​នាក់ កំពត ១១​នាក់ ត្បូងឃ្មុំ ៩​នាក់ កំពង់ធំ ៩​នាក់ កំពង់ឆ្នាំង ៩​នាក់ បន្ទាយមានជ័យ ៩​នាក់ ព្រៃវែង ៨​នាក់ ក្រចេះ ៦​នាក់ ពោធិ៍សាត់ ៤​នាក់ ស្វាយរៀង ៣​នាក់ កំពង់ស្ពឺ ៣​នាក់ ព្រះសីហនុ ៣​នាក់ និង​ខេត្តរតនគិរី ១​នាក់​។​

​ជាមួយគ្នា​នោះ កាលពី​រសៀល​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​ការដាក់វិន័យ​បេក្ខជន​នៅក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃ​២០​សីហា ឆ្នាំ​២០១៨ ដោយ​ក្នុងនោះ បេក្ខជន​ចំនួន ១៧​នាក់ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។ ការសម្រេច​ដូច្នេះ ដោយសារតែ​បេក្ខជន​ទាំង ១៧​នាក់​នោះ បាន​យក​សំណៅ​ឯកសារ ទូរស័ព្ទ និង​នាឡិកាដៃ Smart Watch ចូលក្នុង​បន្ទប់​ប្រឡង ជាដើម​៕សរន

​ឪពុកម្តាយ​ឬ​អាណាព្យាបាល កំពុង​រង់ចាំ​កូន​ចេញពី​មណ្ឌល​ប្រឡង នៅ​សាលាបឋមសិក្សា​ចតុមុខ