បំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ីកំពុងជួបគ្រោះថ្នាក់ ខណៈត្រាំចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្ម

359
ចែករម្លែក

ក្រុមហ៊ុនស្វីសនិងហូឡង់ Allseas និយាយថាខ្លួនបានផ្អាកការងារលើការកសាងបំពង់បង្ហូរឧស្ម័នធម្មជាតិដ៏ធំមួយពីប្រទេសរុស្ស៊ីទៅអាល្លឺម៉ង់ដើម្បីចៀសវាងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ដែលមានចែងនៅក្នុងច្បាប់មួយចុះហត្ថលេខាដោយប្រធានាធិបតីដូណាល់ ត្រាំកាលពីថ្ងៃសុក្រទី២០ធ្នូ។

ចំណាត់ការនេះបានធ្វើឱ្យមានការសង្ស័យអំពីកាលបរិច្ឆេទដើម្បីបញ្ចប់គម្រោងសាងសង់តម្លៃ ១១ ពាន់លានដុល្លារនេះ ដែលរដ្ឋាភិបាលក្រុងមូស្គូនិយាយថានឹងរួចរាល់ក្នុងប៉ុន្មានខែខាងមុខ ដោយហេតុនេះធ្វើឱ្យអន្តរាយដល់ផែនការដើម្បីពង្រីកការលក់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីឱ្យបានឆាប់រហ័សទៅកាន់អឺរ៉ុបតាមរយៈបំពង់បង្ហូរនេះ។

ការចូលរួមរបស់ក្រុមហ៊ុនឯកជន Allseas ដែលជាអ្នកជំនាញខាងសាងសង់និងដាក់បំពង់បង្ហូរនៅក្រោមទឹក គឺជាការសំខាន់បំផុតក្នុងការសងសង់ឱ្យរួចរាល់នូវបណ្តាញបំពង់បង្ហូរឧស្ម័ន Nord Stream 2 ដឹកនាំដោយក្រុមហ៊ុនថាមពលរដ្ឋរុស្ស៊ី Gazprom។

ក្រុមហ៊ុន Allseas និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី ២១ ខែធ្នូ មុនពេលត្រាំចុះហត្ថលេខាលើច្បាប់នេះថា “នៅក្នុងរំពឹងទុកជាមុនអំពីការមកដល់នៃច្បាប់ស្តីពីការផ្តល់សិទ្ធិការពារជាតិ (NDAA) ក្រុមហ៊ុន Allseas បានផ្អាកសកម្មភាពសាងសង់បណ្តាញបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream 2 របស់ខ្លួន។ ក្រុមហ៊ុន Allseas នឹងបន្តដំណើរការស្របនឹងបទប្បញ្ញត្តិរបស់ច្បាប់នេះហើយរំពឹងថានឹងមានការណែនាំអំពីការបញ្ជាក់អំពីបទប្បញ្ញត្តិបច្ចេកទេសនិងបរិស្ថានចាំបាច់ពីអាជ្ញាធរពាក់ព័ន្ធរបស់សហរដ្ឋអាម៉េរិក”។

ច្បាប់ស្តីពីគោលនយោបាយការពារជាតិប្រចាំឆ្នាំនឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុននានា ដែលសាងសង់បំពង់បង្ហូរសម្រាប់គម្រោងរបស់រុស្ស៊ី ដែលនឹងបង្កើនសមត្ថភាពបំពង់បង្ហូរប្រេងដល់ប្រទេសអាល្លឺម៉ង់ទ្វេដង៕ ដោយ៖ កញ្ញាដាលីស