ប៉ូលិសបង្ក្រាបទីតាំងលក់ឧបករណ៍តេស្តកូវីដ១៩ និងចាប់ខ្លួនមនុស្ស១៣នាក់

226
ចែករម្លែក
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ សមត្ថកិច្ចបានបង្ក្រាបករណីលក់ឧបករណ៍តេស្តកូវីដ១៩ (CODID-19) ដែលក្រសួងសុខាភិបាលហាមឃាត់ បានចំនួន ១២ករណី និងឃាត់ខ្លួនមនុស្សចំនួន ១៣នាក់ ក្នុងនោះមានជនជាតិចិន ចំនួន ៥នាក់ និងបានអប់រំណែនាំឲ្យត្រឡប់ទៅវិញចំនួន ៤នាក់ និងបន្តនីតិវិធីចំនួន ៩នាក់។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿនអគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់រស្មីកម្ពុជា កាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

    លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានរឹបអូសវត្ថុតាងមានដូចជា ម្ជុលទេស ២១ដើម ឧបករណ៍ធ្វើតេស្ត ១៣កេស និង ៤៨កញ្ចប់សម្លៀកបំពាក់ពេទ្យ ៤០០កំផ្លេ និងម៉ាសក្លែងក្លាយជិត ២០ម៉ឺនម៉ាស។

    លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា “ចាត់វិធានការទាំងអស់ ១២ករណី នៅភ្នំពេញមាន ៩ករណី នៅខេត្តព្រះសីហនុ ២ករណី និងខេត្តសៀមរាប ១២ករណី ។ទាំងអស់សរុប១២ករណី ចាប់មនុស្សចំនួន ១៣នាក់ ។ក្នុងនោះមានចិន ៥នាក់ ហើយអប់រំឲ្យត្រឡប់ទៅវិញ៤នាក់ និងបន្តនីតិវិធីចំនួន ៩នាក់។ វត្ថុតាងមានដូចជា ម្ជុលទេស ២១ដើម ឧបករណ៍ធ្វើតេស្ត១៣កេស និង ៤៨កញ្ចប់ សម្លៀកបំពាក់ពេទ្យ ៤០០កំផ្លេ និងម៉ាសក្លែងក្លាយជិត ២០ម៉ឺនម៉ាស”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី៣០ខែមីនា នៅវិមានរដ្ឋសភាថា បានប្រកាសដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹបអូសថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុស កូវីដ១៩។ ទន្ទឹមនឹងនោះ សម្តេចេតេជោ ហ៊ុន សែនក៏បានអំពាវនាវដល់អាជីវករ ដែលបំផុសការលក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩សូមកុំឲ្យបង្កការស្មុគស្មាញក្នុងសង្គម ព្រោះអង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ថាថ្នាំណាមួយ ដើម្បីព្យាបាល និងការពារជំងឺកូវីដ១៩ នៅឡើយទេ។ ក្នុងនោះ ក៏អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់នូវឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ១៩ នោះទេ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្នាំណា ដែលថា ព្យាបាលជា ហើយឧបករណ៍ណា ដែលថា ធ្វើតេស្តឃើញវីរុសកូវីដ១៩ គឺសូមកុំជឿ។ រឹបអូសយកសម្ភារៈថ្នាំនោះយកទៅកម្ទេចចោលតែម្តងទៅ។ អ្នកណា Live លក់ថ្នាំ និងសម្ភារៈទាំងនេះ សូមអាជ្ញាធរសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះតែម្តង។

គួររលឹកថានៅក្នុងសេចក្តីប្រកាសកាលពីព្រឹកថ្ងៃទី២៩ខែមីនាក្រសួងសុខាភិបាលកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ដោយខ្លួនឯងនោះឡើយ។

ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្នមានការផលិតឧបករណ៍ធ្វើតេស្តរហ័សច្រើន តែរហូតដល់ពេលនេះ នៅមិនទាន់មានឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ប្រភេទណាមួយដែលមានការបញ្ជាក់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនូវភាពត្រឹមត្រូវនិងប្រសិទ្ធភាពនៅឡើយទេ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ប្រសិទ្ធភាពនៃការធ្វើតេស្តរហ័សបែបនេះគឺនៅទាបណាស់ហើយក៏មានការចេញលទ្ធផលមកមិនច្បាស់លាស់ច្រើនណាស់ដែរ ដូចជាអ្នកដែលមិនមានមេរោគ បែរទៅជាមានលទ្ធផលវិជ្ជមាន ។រីឯអ្នកមានមេរោគ បែរទៅជាមានលទ្ធផលអវិជ្ជមានទៅវិញ។

ក្រសួងបានឱ្យដឹងថា៖មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលកំពុងប្រតិបត្តិការតាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដាររបស់អង្គការសុខាភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។

ក្រសួងសុខាភិបាលបានព្រមានថាជនដែលប្រើឧបករណ៍សម្រាប់តេស្តរហស័រកមេរោគកូវីដ១៩មកផ្សព្វផ្សាយជាសាធារណៈដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

ក្រសួងក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធចូលរួមចាត់វិធានការតាមផ្លូវច្បាប់ជាធរមានយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះបុគ្គល ឬក្រុមហ៊ុនណា ដែលផ្សព្វផ្សាយឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាល៕សរន