ប៉ូលិសឥណ្ឌាធ្វើរឿងប្លែកៗដើម្បីដាស់តឿនប្រជាជនឱ្យការពារខ្លួនពីជំងឺកូវីដ១៩

185
ចែករម្លែក

ប្រជាជនឥណ្ឌាប្រមាណ ១,៣ ពាន់លាននាក់បានឈានចូលថ្ងៃទី ៦ នៃការបិទប្រទេសទាំងមូលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ខណៈអ្នកជំនាញផ្នែកវេជ្ជសាស្រ្តកំពុងស្ថិតនៅជួរមុខនៃសង្គ្រាមប្រឆាំងនឹងកូវីដ១៩ កងកម្លាំងសន្តិសុខបានចូលរួមក្នុងការអនុវត្តការបិទប្រទេសនិងអប់រំប្រជាជនឱ្យមានសុវត្ថិភាពពីជំងឺឆ្លង។

ប៉ូលិសឥណ្ឌា ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺខាងប្រើកម្លាំងបាយ កំពុងព្យាយាមគូររូបផ្សេងក្នុងពេលបិទប្រទេសដើម្បីបង្អាក់វដ្តនៃកូវីដ១៩។ ក្រៅពីទំនួលខុសត្រូវជាកាតព្វកិច្ចរបស់ពួកគេ ប៉ូលិសជាច្រើនក្នុងចំណោមនោះបានរកនឹកឃើញមធ្យោបាយដ៏ប៉ិនប្រសព្វក្នុងការផ្សព្វផ្សាយអំពីការយល់ដឹងអំពីជំងឺកូវីដ១៩។ កាលពីថ្ងៃអង្គារទី៣១មីនា រូបភាពមន្រ្តីប៉ូលិសម្នាក់នៅក្នុងរដ្ឋអាន់ដ្រាប្រាដេសជិះសេះគូររូបមេរោគកូរ៉ូណាលើខ្លួនរបស់សេះ បានល្បីពេញអនឡាញ។

ខណៈប្រជាជនបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីប៉ូលិសក្នុងការជិះសេះក្រោមកម្តៅព្រះអាទិត្យដើម្បីតែឱ្យប្រជាជនយល់ដឹងអំពីភាពធ្ងន់ធ្ងរនៃស្ថានភាពជំងឺនេះ អ្នកខ្លះមានការខកចិត្តដែលសត្វសេះត្រូវគេលាបពណ៌ ក្នុងនោះរួមមានទាំង អតីតរដ្ឋមន្រ្តីសហព័ន្ធមកពីគណបក្សកាន់អំណាច Bharatiya Janata លោកស្រី ម៉ាណេកា គន្ធី ដែលជាសកម្មជនការពារសុខុមាលភាពសត្វ។ អ្នកនិយមលេងអ៊ីនធឺណេតផ្សេងទៀតក៏បានចង្អុលបង្ហាញដែរថា មន្រ្តីប៉ូលិសឈ្មោះ ម៉ារូទី សាន់កា គួរតែពាក់ម៉ាស់ មុននឹងផ្សព្វផ្សាយការយល់ដឹងអំពីជំងឺឆ្លងដល់ប្រជាជន។

ក្រៅពីនេះក៏មានមន្ត្រីប៉ូលិសខ្លះបានច្នៃមួកសុវត្ថិភាពជារូបមេរោគកូវីដ១៩ពាក់ល្បាតដើម្បីដាស់តឿនប្រជាជនអំពីជំងឺឆ្លងនេះផងដែរ។

បច្ចុប្បន្ននេះមានករណីឆ្លងកូវីដចំនួន ១.២៥១ នៅក្នុងប្រទេសឥណ្ឌា និងស្លាប់ ៣២ នាក់ នេះយោងតាមទិន្នន័យចុងក្រោយចេញផ្សាយដោយក្រសួងសុខាភិបាលនិងសុខុមាលភាពគ្រួសារ៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិសឥណ្ឌាគូររូបកូវីដ១៩លើសេះ និងច្នៃមួកសុវត្ថិភាពជាមេរោគដើម្បីដាស់តឿនប្រជាជនឱ្យយល់ដឹងពីជំងឺឆ្លងនេះ