ប៉ូលិស​បង្ហាញ​ពី​ល្បិចកល​ជនអនាមិក លួច​ចាយប្រាក់​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​

3398
ចែករម្លែក
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហោ សំអាត ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ នាយកដ្ឋាន​ព័ត៌មានវិទ្យា អគ្គលេខាធិការដ្ឋាន នៃ​ក្រសួងមហាផ្ទៃ បានបង្ហាញ អំពី​ល្បិចកល​របស់​ជនអនាមិក ក្នុងការ​លួច​ចាយប្រាក់​ពី​គណនី​ហ្វេ​ស​ប៊ុ​ក (Facebook) របស់​ជនរងគ្រោះ ជាពិសេស​អ្នកធ្វើអាជីវកម្ម ឬ​ផ្សាយពាណិជ្ជកម្ម​អន​ឡាញ​។​


​នាយកដ្ឋាន​ព័ត៌មានវិទ្យា អគ្គលេខាធិការដ្ឋាន នៃ​ក្រសួងមហាផ្ទៃ បាន​លើកយក​បច្ចេកទេស ដែល​ប្រើប្រាស់​ដោយ​ជនអនាមិក ក្នុងការ​លួច​ចាយប្រាក់​ពី​គណនី Facebook ជនរងគ្រោះ មក​ចែកជូន​ជា​បទពិសោធន៍​ដល់​សាធារណជន ឲ្យ​បានដឹង និង​មានការ​ប្រុងប្រយ័ត្ន​។​
​ជាមួយគ្នានេះ នាយកដ្ឋាន​ព័ត៌មានវិទ្យា បាន​ក្រើនរំលឹក ដល់​ប្រជាពលរដ្ឋ និង​ជាពិសេស​អ្នកធ្វើអាជីវកម្ម ឬ​ផ្សាយពាណិជ្ជកម្ម​តាម​អន​ឡាញ ដែល​បាន​ភ្ជាប់​គណនី Facebook និង​គណនី​ធនាគារ ក្នុង​គោលបំណង Boost ទំព័រ​ផេ​ក Facebook ឬ​អត្ថបទ​នានា​។​


​ប្រភព​ដដែល បាន​បញ្ជាក់ថា នាពេល​កន្លងមក មាន​ជនអនាមិក​ក្រៅប្រទេស មួយក្រុម បាន​ផ្តោត​គោលដៅ​វាយប្រហារ មកលើ​គណនី Facebook របស់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ប្រើប្រាស់​មធ្យោបាយ និង​បច្ចេកទេស​ផ្សេងៗ​។ ជា​លទ្ធផល​មាន​គណនី Facebook មួយចំនួនធំ​ត្រូវបាន​ពួក​ជនអនាមិក​ទាំងនោះ​គ្រប់គ្រង​។ បន្ទាប់ពី​គ្រប់គ្រង​គណនី Facebook ពួក​ជនអនាមិក​បាន​លួច​ប្រើប្រាស់​ប្រាក់​ក្នុង​គណនី​ធនាគារ ដែល​បាន​ភ្ជាប់​ដោយ​ជនរងគ្រោះ​និង​បាន Boost ទំព័រ​ផេ​ក Facebook របស់​ពួកគេ នៅក្រៅ​ប្រទេស​។ មាន​ករណី​មួយចំនួន ជនអនាមិក​ទាំងនោះ ក៏បាន​ប្រើប្រាស់​មធ្យោបាយ Boost ដោយ​ប្រើប្រាស់ business.facebook.com ដើម្បី​លាក់បាំង​ពី​ជនរងគ្រោះ​ផងដែរ​។ ទោះបីជា​មានការ​ជួយសង្គ្រោះ ទាញយក​គណនី Facebook ត្រឡប់មកវិញ ក៏​ចំនួន​ទឹកប្រាក់​មួយចំនួន ត្រូវបាន​បាត់បង់​ពី​គណនី​ធនាគារ​របស់​ជនរងគ្រោះ​ផងដែរ​។​


​ដូច្នេះ​សូម​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រើប្រាស់​គណនី Facebook ដូចដែល​បាន​រៀបរាប់​ខាងលើ មេត្តា​មានការ​ប្រុងប្រយ័ត្ន ឲ្យ​បាន​ខ្ពស់ និង​ការពារ​គណនី Facebook របស់ខ្លួន ដោយ​អនុវត្ត​វិធីសាស្ត្រ​មួយចំនួន ដូចជាៈ​
១. ពិនិត្យមើល​នៅត្រង់ចំណុច “Where You’re Logged In” ដើម្បី​ផ្ទៀងផ្ទាត់​ទីតាំង​ឧបករណ៍​កំពុង​ប្រើប្រាស់​គណនី Facebook របស់​អ្នក​។​
២. បើក​ដំណើរការ​មុខងារ​សុវត្ថិភាព “Two-Factor Authentication” ដើម្បី​ផ្ទៀងផ្ទាត់​លេខ​សម្ងាត់ PIN បន្ថែម​លើ Password ដែល​អ្នក​កំពុង​ប្រើ នៅពេល Login ពី​ឧបករណ៍​ថ្មី​ណាមួយ​។ លេខ​សម្ងាត់ PIN របស់​មុខងារ “Two-Factor Authentication” អាច​ភ្ជាប់​ជាមួយ Token Key ឬ Authentication App របស់ Google ឬ​លេខ​ទូរស័ព្ទ​។​
៣. ប្រើប្រាស់​លេខ​សម្ងាត់ ដែលមាន​តួអក្សរ (​អក្សរ​តូច ធំ​) លេខ និង​និមិត្តសញ្ញា លើសពី ៨ ខ្ទង់​។​
៤. បើកមុខ​ងារ “Get alerts about unrecognized logins” ដើម្បី​ទទួលបាន​ការជូនដំណឹង​សុវត្ថិភាព នៅពេល​មានការ​ព្យាយាម Login ចូល​ប្រើប្រាស់​គណនី Facebook របស់​អ្នក​។​
៥.​ធ្វើការ​ត្រួតពិនិត្យ​លើ​មុខងារ “Authorized Logins” ដើម្បី​ពិនិត្យ​ឧបករណ៍​ដែល​បាន Login ចូល​គណនី Facebook របស់​អ្នក និង​ធ្វើការ Remove ប្រសិនបើ​គិតថា​មិនមែនជា​អ្នក (​សូមមេត្តា​អនុវត្ត​ចំណុច​ទី​២ និង​ទី​៣)​។​
៦. ប្រើប្រាស់​ឈ្មោះ​ពិត ដូច​ទៅនឹង Passport ឬ​អត្តសញ្ញាណប័ណ្ណ ដើម្បី​ងាយស្រួល​ក្នុងការ​ទាញយក​គណនី Facebook មកវិញ ក្នុងករណី​ត្រូវបាន​លួច​យកទៅ​ប្រើប្រាស់ ដោយ​ជនអនាមិក​។​
៧. រក្សា​ការសម្ងាត់​នៃ​លេខ​ទូរស័ព្ទ និង​គណនី​អ៊ីមែល ដែល​បាន​ត​ភ្ជាប់​ជាមួយ​គណនី Facebook របស់​អ្នក ដោយ​ប្រើប្រាស់​មុខងារ “Who should see this?” ហើយ​ជ្រើស​រើសយក “Only me” នៅត្រង់​មុខងារ “How People Find and Contact You”​។​
៨. សូម​ធ្វើការ​ត្រួតពិនិត្យ ឬ​ពិចារណា មុនពេល​ចុច​លើ​តំណរ​ភ្ជាប់ (Link) ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ។​
៩.​សូមមេត្តា​ប្រុងប្រយ័ត្ន និង​គួរ​ជៀសវាង​ការប្រើប្រាស់​គណនី Facebook របស់​អ្នក ភ្ជាប់​ជាមួយ​កម្មវិធី​ផ្សេងៗ (​ឧទាហរណ៍​៖ កម្មវិធី​ទស្សន៍ទាយ​កម្មវិធី​ហ្គេម ។​ល​។​) ដែល​គ្មាន​ប្រភព​ច្បាស់លាស់​៕SRN