ប៉ូលិស​វៀតណាម​បង្ក្រាប​ក្រុម​លេងល្បែង​អន​ឡា​ញ​តំលៃ​២៦​លាន​ដុល្លារ​

3269
ចែករម្លែក

ប៉ូលិសវៀតណាមបានបំបែកក្រុមល្បែងតាមអ៊ិនធឺណិតធំមួយដែលមានតំលៃភ្នាល់ដល់ទៅ២៦លានដុល្លារអាមេរិកនិងបានចាប់ខ្លួនមនុស្ស១០នាក់ រួមទាំងរឹបអូសកាំភ្លើងនិងលុយ។

កាំភ្លើង លុយនិងទូរស័ព្ទដែលរឹបអូសពីជនសង្ស័យ

ពួកមន្រ្តីវៀតណាមបាននិយាយកាលពីថ្ងៃអង្គារទី២៥កញ្ញាថា មេក្រុមបនល្បែងនេះ បានបើកគេហទំព័រជាច្រើនសំរាប់ចាក់ភ្នាល់ការប្រកួតកីឡា និងល្បែងផ្សេងៗដែលបានទាក់ទាញអ្នកលេងរាប់រយនាក់ចាប់តាំងពីខែកក្កដា។បណ្តាញបនល្បែងនេះបានពង្រីកទៅកាន់ខេត្តជាច្រើននៅវៀតណាមកណ្តាលនិងខាងត្បូងនិងដឹកនាំដោយបុរសអាយុ៣៧ឆ្នាំម្នាក់ឈ្មោះហីញ គួក វៀត។

ប្រភពប៉ូលិសបាននិយាយទៀតថា” យើងបានចាប់ខ្លួនមនុស្ស៧នាក់និង៣នាក់ទៀតបានប្រគល់ខ្លួនដោយខ្លួនឯងតែការស៊ើបអង្កេតនៅបន្តដើម្បីរកមើលថាតើមានអ្នកដទៃចូលរួមដែរឬអត់”។ផ្ទះជាច្រើនត្រូវបានឆ្មក់ចូលឆែកឆេរនៅទីក្រុងជាច្រើន និងប៉ូលិសបានរឹបអូសកាំភ្លើង២ដើម លុយ២០០០០ដុល្លារ រថយន្តនិងទូរស័ព្ទដៃជាច្រើន។

ការលេងល្បែងភាគច្រើនខុសច្បាប់នៅក្នុងប្រទេសគ្រប់គ្រងដោយបក្សតែមួយនេះ និងការបើកបនល្បែងខុសច្បាប់អាចប្រឈមការជាប់គុក១០ឆ្នាំ និងមានតែជនបរទេសដែលមានសិទ្ធិលេងល្បែងនៅតាមកាស៊ីណូក្នុងប្រទេសនេះ។

ប៉ូលិសវៀតណាមឥឡូវក៏កំពុងស៊ើបអង្កេតក្រុមចាក់ភ្នាល់ល្បែងខុសច្បាប់ធំមួយ ដែលមានតំលៃចាក់ដល់ទៅ៤២២លានដុល្លារ នៅក្នុងការបង្រ្កាបល្បែងធំបំផុតនៅក្នុងប្រទេសនេះ ពាក់ព័ន្ធមនុស្សជាង១០០នាក់ រួមទាំងមន្រ្តីខ្លះផង៕ដោយ:វាសនា

អតិថិជនវៀតណាម ទស្សនាការប្រកួតបាល់ទាត់នៅរង្គសាលមួយនៅក្រុងហាណូយ។កីឡា ជាប្រភពចាក់ភ្នាល់ធំមួយនៅវៀតណាមក្រៅពីការចាក់ភ្នាល់នៅកាស៊ីណូ