ប្រជាជន​នៅ​វូ​ហាន តម្រង់​ជួរ​ចាំ​រើស​ធាតុ​សាច់ញាតិ​ដែល​ស្លាប់​ដោយសារ​កូ​រ៉ូ​ណា​

179
ចែករម្លែក

នេះ​ជា​ទិដ្ឋភាព​ដ៏​សែន​ក្ដុកក្ដួល​ដែល​ប្រជាជន​នៅ​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី (Hubei) ប្រទេស​ចិន ឈរ​តម្រង់​ជួរ​រាប់​ម៉ោង​នៅ​ខាងក្រៅ​ឈាបនដ្ឋាន (​កន្លែង​បូជាសព​) ដើម្បី​រើស​ធាតុ​អ្នក​ជាទី ស្រលាញ់​របស់ខ្លួន បន្ទាប់ពី​ការផ្ទុះ​ករណី​វីរុស​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ បាន​ថមថយ​ច្រើន​ក្នុង​ទីក្រុង ដែលជា​ចំណុច​ផ្ទុះ​វីរុស​នេះ​។​
​ ​
នៅ​សប្ដាហ៍​នេះ​ពលរដ្ឋ​បាន​ប្រញាប់​ទៅកាន់​ឈាបនដ្ឋាន​នានា​ដែល​ទើបតែ​បើកទ្វារ​ឡើងវិញ បន្ទាប់ពី​សកម្មភាព​រើ​ស​ធាតុ ឬ​ការធ្វើ​បុណ្យសព​ត្រូវបាន​ហាមប្រាម​ដើម្បី​បញ្ឈប់​ការឆ្លង​រាល ដាល​វីរុស​នេះ​។​

​យោងតាម​អាជ្ញាធរ​ចិន ឱ្យដឹងថា ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​នេះ​បាន​ឆក់យក​អាយុជីវិត ពលរដ្ឋ​នៅ​ក្រុង​វូ​ហាន អស់​ចំនួន ២.៥៣៥ នាក់​។
​ ​
ពលរដ្ឋ​ចិន រាប់លាន​នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​ខេត្ត​ហ៊ូ​ប៉ី កាលពី​ថ្ងៃ​ពុធ ទី​២៥ ខែមីនា បន្ទាប់ពី​មន្ត្រី​ដក​បម្រាម​ឱ្យ​ពលរដ្ឋ​សម្ងំ​នៅតែ​ក្នុងផ្ទះ​រយៈពេល ២ ខែ​ចេញ​វិញ លើកលែងតែ ក្រុង​វូ​ហាន​។ បម្រាម​នេះ​នឹងត្រូវ​បន្ត​រហូតដល់​ថ្ងៃទី​៨ ខែមេសា សម្រាប់​ក្រុង​វូ​ហាន​។

​ដំណឹង​នេះ​កើតមានឡើង​នៅពេល​ក្រុមមន្ត្រី​ខេត្ត​ហ៊ូ​ប៉ី និយាយថា ពួកគេ​ទប់​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា បាន​មួយ​ភាគ​ធំ ហើយ​បាន​កែប្រែ​កម្រិត​ហានិភ័យ​របស់​ក្រុង​វូ​ហាន ពី “​កម្រិត​ខ្ពស់​” មក​នៅត្រឹម “​កម្រិត​មធ្យម​” កាលពី​ថ្ងៃទី​២៧ ខែមីនា​៕ ប្រែ​សម្រួលៈ​ខុម​