ប្រជានេសាទ និងម្ចាស់អាជីវកម្ម ផ្តើមផ្អាកការនេសាទរ អំឡុងពេលមានជំងឺកូវីដ

81
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ ក្រុមអ្នកនេសាទ និងម្ចាស់ទូកអាជីវកម្មនេសាទមួយចំនួននៅក្នុងខេត្តកោះកុង បានផ្តើមចូលទូកចតនៅតាមផែហើយ ខណៈមានជំងឺកូវីដ និងឈានជិតមកដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ការផ្អាកអាជីវកម្មនេសាទសមុទ្រ បានធ្វើឱ្យចរន្តនៃតម្រូវការផលិតផលគ្រឿងសមុទ្រឡើងថ្លៃជាបន្តបន្ទាប់នៅលើទីផ្សារ។

ដោយសារតែក្តីព្រួយបារម្ភពីជំងឺកូវីដ និងរដូវបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរខិតជិតមកដល់នាពេលខាងមុខ គេសង្កេតឃើញថាក្រុមទូកនេសាទតូចធំ បានចូលចតត្រៀបត្រាលតាមច្រាំងដៃសមុទ្រនៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោក ជិ ទន់ ប្រធានផ្នែកគ្រប់គ្រងអាជីវកម្មកំពង់ផែរបស់ក្រុមហ៊ុន LYP គ្រុប បានឱ្យដឹងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ថ្មីៗនេះថា ទិន្នផលនេសាទសមុទ្រប៉ុន្មានថ្ងៃចុងក្រោយនេះ បានថយចុះគួរឱ្យកត់សម្គាល់ ព្រោះតែកម្មករទូកនេសាទមួយចំនួនបានធ្វើដំណើរទៅលេងកំណើត អំឡុងពេលកើតមានជំងឺកូវីដ និងគាប់ជួនជិតចូលឆ្នាំខ្មែរផងនោះ។

បើតាមលោក ជិ ទន់ ក៏បង្ហាញក្តីព្រួយបារម្ភដែរថា ស្របពេលកម្មករទៅស្រុកកំណើតអំឡុងពេលកើតជំងឺកូវីដ ឬក្រោយបញ្ចប់បុណ្យចូលឆ្នាំរួចហើយ ពួកគេមិនព្រមត្រឡប់មកចុះនេសាទដូចធម្មតាវិញនោះទេ គឺច្បាស់លាស់កង្វះកម្លាំងពលកម្មជាក់ជាពុំខាន ដែលធ្វើឱ្យម្ចាស់អាជីវកម្មទូកនេសាទមួយចំនួនរងការខាតបង់ចំណូលយ៉ាងគំហុកជាងបណ្តាឆ្នាំកន្លងទៅៗ។ បច្ចុប្បន្ន វត្តមានទូកនេសាទជាច្រើនគ្រឿងបានចូលចតជាង១០ថ្ងៃមកហើយ គ្មានសកម្មភាពចុះនេសាទលើផ្ទៃសមុទ្រអ្វីឡើយ។

ការត្អូញត្អែររបស់លោកប្រធានផ្នែកគ្រប់គ្រងអាជីវកម្មកំពង់ផែរបស់ក្រុមហ៊ុន LYP គ្រុប ដោយមើលឃើញនៃភាពប្រឈមការក្ស័យធនអាជីវកម្មនេសាទខ្នាតតូច និងមធ្យម អាចនឹងធ្វើឱ្យឈានទៅដល់ការបិទអាជីវកម្មរបស់ខ្លួនទៅអនាគត។ កម្មករដែលធ្លាប់មកពីបម្រើការងារនេសាទសមុទ្រ ភាគច្រើនពួកគេមកពីបណ្តាខេត្តផ្សេងៗដូចជា ខេត្តស្វាយរៀង ព្រៃវែង កំពង់ធំ កំពង់ចាម ឬខេត្តតាកែវ ជាដើម។

រីឯក្រុមប្រជានេសាទតូចតាច សុំមិនបង្ហាញឈ្មោះ លើកឡើងថា ក្រុមឈ្មួញកណ្តាល បានកាត់បន្ថយការបញ្ជាទិញផលិតផលអាហារយ៉ាងគំហុកជាង៣សប្តាហ៍កន្លងមកនេះ ដែលធ្វើឱ្យអាក់ខានចេញទៅនេសាទដូចសព្វថ្ងៃ។

ប្រជានេសាទលក្ខណៈគ្រួសារ បន្ថែមថា បច្ចុប្បន្ន មានតែពលរដ្ឋនៅក្នុងខេត្តប៉ុណ្ណោះដែលទិញបង្គារ មឹក ត្រី យកទៅបរិភាគ ចំពោះឈ្នួញកណ្តាលប្រែស្ងាត់លើការបញ្ជាទិញយកទៅលក់នៅលើទីផ្សារនៅឯរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីការវិវត្តជំងឺ កូវីដ១៩ នៅកម្ពុជា កាលពីព្រឹកថ្ងៃទី៧ មេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បញ្ជាក់ថា កម្ពុជានឹងផ្អាកការប្រារព្ធពីធីបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែប្រជាពលរដ្ឋ អាចធ្វើពិធីទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លួនបាន។ ចំពោះមន្រ្តីរាជការ បុគ្គលិក និងកម្មករ បម្រើការងារធម្មតាពុំមានការឈប់សម្រាកអ្វីទេ ដោយរាជរដ្ឋាភិបាលនឹងកំណត់ពេលវេលាសមស្របណាមួយសម្រាប់សងថ្ងៃឈប់សម្រាកនេះជូនមន្រ្តីរាជការ បុគ្គលិក និងកម្មករនិយោជិតវិញ ក្រោយពីជំងឺកូវីដបានស្ងប់ស្ងាត់៕/B