ប្រជាពលរដ្ឋនិង​សិស្សានុសិស្ស៤០០នាក់ ចូលរួម​ទស្សនា​ខ្សែភាពយន្ត​ឯកសារ “​បុប្ផា​ណា សោកនាដកម្ម​របស់​ស្ត្រី​ម្នាក់​” ក្នុង​របប​ខ្មែរក្រហម​

1448
ចែករម្លែក

​មន្ត្រីជាន់ខ្ពស់​សាលាក្តី​ខ្មែរក្រហម ថ្លែង​ទៅកាន់​ក្រុម​អ្នកចូលរួម​ទស្សនា​ភាពយន្ត​ឯកសារ នៅ​សាល​សវនាការ​របស់​តុលាការ​ខ្មែរក្រហម ( រូបភាព​ពី​សាលាក្តី​ខ្មែរក្រហម )

(​ភ្នំពេញ​)៖ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស មកពី​ខេត្តព្រៃវែង ប្រមាណ៤០០នាក់ បានចូលរួម​ទស្សនា​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​មាន​ចំណងជើង​ថា “​បុប្ផា​ណា សោកនាដកម្ម​របស់​ស្ត្រី​ម្នាក់​” នៅក្នុង​របប​ខ្មែរក្រហម នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ ២០១៧​។​

សាលាក្តី​ខ្មែរក្រហមប្រកាសថា នេះ​គឺជា​លើក​ទី​១ ដែល​សាលាក្តី​ខ្មែរក្រហម សហការ​ជាមួយ​មជ្ឈមណ្ឌល​សោត​ទស្សនា​បុ​ប្ជា​ណា បាន​ចាក់​បញ្ចាំង​ខ្សែភាពយន្ត នៅក្នុង​សាល​សវនាការ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ខណៈ​កិច្ចសហការ​រវាង​ស្ថាប័ន​ទាំងពីរ​នេះ មាន​តាំងពី​ឆ្នាំ​២០០៩ មកម្ល៉េះ។

​មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា បាន​ឱ្យដឹង​ថា សាលាក្តី​ខ្មែរក្រហមនឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា នាំយក​នូវ​ខ្សែភាពយន្ត​ឯកសារ​ផ្សេងៗ​ទៀត​ដើម្បី​ចាក់​បញ្ចាំង​ជូន​សាធារណជន​ឱ្យបាន​ទស្សនា​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ពិត​ក្នុង​របប​ខ្មែរក្រហម​។

​លោក​បាន​សង្កត់ធ្ងន់ថា រឿងរ៉ាវ​ដែល​បាន​ចងក្រង​ក្នុង​ខ្សែភាពយន្ត គឺជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​ការចងចាំ និង​ការយល់ដឹង​របស់​សាធារណជន ជាពិសេស​យុវជន​លើ​ប្រវត្តិសាស្ត្រ​។ ប្រវត្តិសាស្ត្រ​ដែលជា​អត្តសញ្ញាណ​មួយ​របស់​ជាតិ ដែល​ពលរដ្ឋ​គ្រប់រូប​គួរស្វែងយល់​ឱ្យបាន​ច្បាស់​។​

​លោក នេត្រ ភក្ត្រា បានឱ្យដឹងថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ទស្សនា​ខ្សែភាពយន្ត “​បុប្ផា​ណា សោកនាដកម្ម​របស់​ស្ត្រី​ម្នាក់​” បានបង្ហាញ​នូវ​ភាព​ក្រៀមក្រំ ខ្លះ​បង្ហូរទឹកភ្នែក​ដោយសារ​តែ​រឿងរ៉ាវ​របស់​ស្ត្រី​ឈ្មោះ​បុប្ផា​ណា​នេះ​បង្ហាញ​ពី​ការ​និរាស​ព្រាត់ប្រាស់ ក្រុមគ្រួសារ និង​ត្រូវបាន​គេ​ចាប់ខ្លួន​បញ្ជូនមក​ឃុំ​នៅ​មន្ទីរ​សន្តិសុខ ស​-២១ និង​បាន​សរសេរ​ចម្លើយសារភាព​ជិត​មួយ​ពាន់​ទំព័រ​។

​រឿងរ៉ាវ​របស់​បុប្ផា​ណា គឺជា​ការបង្ហាញ​ពី​ការសម្លាប់​របស់​ខ្មែរក្រហម​មកលើ បញ្ញាវន្ត​ខ្មែរ​នៅក្នុង​របប​ខ្មែរក្រហម និង​បង្ហាញ​ពី​ភក្តីភាព​របស់​ស្ត្រី​ខ្មែរ​ចំពោះ​ស្វាមី​។

​ក្រោយ​ទស្សនា​ខ្សែភាពយន្ត និង​ការ​ស្តាប់​កា​រលើ​ឡើង​ពី​ការវិវឌ្ឍ​ថ្មីៗ​នៃ​សាលាក្តី​ខ្មែរក្រហម ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​បាន​បន្តដំណើ​រ​ទស្សនកិច្ច​ទៅកាន់​អតីត​គុក​ទួលស្លែង និង​បឹង​ជើងឯក ដែល​បាន​ពិពណ៌នា​នៅក្នុង​ខ្សែភាពយន្ត​នេះ ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​យល់ដឹង​បន្ថែមទៀត​ពី​សោកនាដកម្ម​នៃ​ការស្លាប់​មនុស្ស​ជាច្រើន នៅ​អំឡុងពេល​នៃ​របប​ខ្មែរក្រហម​៕​ដោយ​៖ ម៉េង​ឆៃ​/sn