ប្រតិភូរាជរដ្ឋភិបាលនាំយកអំណោយ​ប្រគេន និងចែកជូនដល់វត្តចំនួនបីនិងលំនៅស្ថានប្រជាពល​រដ្ឋចំនួន៦៧គ្រួសារនៅស្រុកកោះ​សូ​ទិន

98
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ លោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីព័ត៌មាន ទៅប្រគេនដល់វត្តចំនួន បី និងចែកជូនប្រជាពលរដ្ឋចំនួន ៦៧ គ្រួសារស្ថិតក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិន គឺជាពលករ ទើបត្រឡប់ពីក្រៅប្រទេសដែលកំពុងស្ថិតក្នុងការតាមដានសុខភាព នៃនីតិវិធីជំងឺកូវិដ.១៩ និងគ្រួសារមានជីវភាពខ្វះខាតនាព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២០។

លោក ជា ក្រូច មន្រ្តីអ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាមបានប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី ៦ ខែមេសាថា ក្នុងឳកាសចុះប្រគេនអំណោយដល់វត្ត និងផ្ទះប្រជាពលរដ្ឋនោះ លោកប្រតិភូរាជរដ្ឋាភិបាលដែលអមដំណើរដំណើរដោយមន្រ្តីក្រសួងព័ត៌មានជាច្រើនរូប បានមានប្រសាសន៍ផ្តាំផ្ញើឳ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលតាមរយ:ការផ្សព្វផ្សាយរបស់អាជ្ញាធរ គឺដើម្បីជៀស​ឳ្យផុតពីជំងឺឆ្លងដ៏កាចសាហាវកូវីដ.១៩។

លោកប្រធានមន្ទីរបានបន្តថា ជាពិសេសលោកវ៉ាន់ហុងបានប្រាប់ឳ្យ ពលករដែលស្ថិតក្នុងនីតិវិធីតាមដានសុខភាពរបស់ជំងឺកូវីដ.១៩ កំពុងស្នាក់នៅក្នុងផ្ទះបន្ទប់ដាច់ដោយឡែក ពីក្រុមគ្រួសារ គឺត្រូវរង់ចាំឳ្យគ្រប់ចំនួន ១៤ ថ្ងៃ។ ករណីបើមានការសង្ស័យ ឬសុខភាពខុសប្រក្រតីសូមប្រញាប់ទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ។

គួរបញ្ជាក់ថា ក្នុងនោះអំណោយសម្រាប់ប្រជាពលរដ្ឋចំនួន ៦៧ គ្រួសារ គឺគ្រួសារនីមួយៗទទួលបាន អង្ករចំនួន ១៥គីឡូក្រាម មីចំនួន មួយ កេស និងសាប៊ូចំនួន បី កញ្ចប់។ ចំណែកអំណោយជាបច័យសម្រាប់ប្រគេនព្រះសង្ឃដល់វត្តចំនួន បី គឺវត្តនីមួយៗ អង្ករចំនួន ៥០គីឡូក្រាម សាប៊ូចំនួន ១០ កញ្ចប់ ទឹកបរិសុទ្ធចំនួន បីកេស ទឹកផ្លែឈើចំនួន បីកេស និងបច័យចំនួន ២០ម៉ឺនរៀល៕/B