ប្រទេស​ជប៉ុន ប្ដេជ្ញា​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា​បន្ថែមទៀត​លើ​វិស័យ​មីន​នៅ​កម្ពុជា​

1248
ចែករម្លែក

ដោយ : ​គូលែន​/​សៀមរាប ៖ ក្នុងនាម​ជា​ប្រទេស​រដ្ឋ​ភាគី ប្រទេស​ជប៉ុន ប្ដេជ្ញា​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា​បន្ថែមទៀត​ទៅលើ​វិស័យ​មីន​នៅ​កម្ពុជា ដែល​ពេល​បច្ចុប្បន្ននេះ ប្រទេស​ទាំងពីរ កំពុង​សិក្សា​គម្រោង​ចំនួន​៤​។​នេះ​ជាការ​បញ្ជាក់​របស់លោក ហេង រតនា នាយក​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន​នៅ​កម្ពុជា​។​

លោក ហេង រតនា មានប្រសាសន៍​យ៉ាងនេះ ក្នុងឱកាស​ដែល​លោក KAZUNORI TANAKA សមាជិកសភា និង​ជា​អតីតរដ្ឋមន្ដ្រី​ក្រសួងការបរទេស​របស់​ប្រទេស​ជប៉ុន បានមក​ទស្សនៈកិច្ច​នៅ​សារមន្ទីរ​សន្ដិភាព​សក​ម្ម​ភាព​កំចាត់មីន ក្នុង​ខេត្ដ​សៀមរាប ដើម្បី​ស្វែងយល់​ពី​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ផ្ទុះ និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ឲ្យ​កាន់តែច្បាស់​បន្ថែមទៀត ដើម្បី​ផ្ដល់​ថវិកា​សម្រាប់​ជួយ​ដោះស្រាយ​ប្រទេស​កម្ពុជា​ឲ្យ​មាន​សន្ដិសុខ សុវត្ថិភាព និង​រួច​ផុតពី​វិបត្ដិ​មីន​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ​។​

លោក ហេង រតនា​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេស​ទាំងពីរ កំពុង​សិក្សា​គម្រោង​ចំនួន​៤​គម្រោង រួមមាន ៖ គម្រោង​ទី​១. គម្រោង​បោសសំអាត​មីន​នៅក្នុង​ខេត្ដ​បាត់ដំបង ដែលមាន​ទឹកប្រាក់​ជិត​២០​លាន​ដុល្លារ​អាម៉េរិក ក្នុង​រយៈពេល​បី​ឆ្នាំ , គម្រោង​ទី​២. ការអភិវឌ្ឍ​ក្រោយ​បោសសំអាត​មីន​រួច ការជួយ​ដល់​ជនពិការ , គម្រោង​ទី​៣. នៅ​ខេត្ដ​បន្ទាយ​ជ័យ និង​គម្រោង​ទី​៤. នៅ​ខេត្ដ​កំពង់ធំ ខណៈដែល​ការសិក្សា​គម្រោង​នេះ ដើម្បីងាយ​ស្រួល​​​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន បន្ដ​ជួយ​កម្ពុជា​បន្ថែមទៀត​។​

លោក​បាន​បន្តថា គ្រាប់មីន​ភាគច្រើន​មាន​ច្រើន​នៅតាម​បណ្ដា​ស្រុក​តាម​បណ្ដោយ​ប្រទេស​កម្ពុជា និង​ថៃ ដោយសារ​នៅ​ទីនោះ មាន​សង្គ្រាមស៊ីវិល តស៊ូ​ដោយ​ប្រដាប់អាវុធ រីឯ​គ្រប់​បែក​ទម្លាក់​ពីលើ​យន្ដហោះ​មាននៅ​សល់​ច្រើន​នៅ​ភាគ​ខាងកើត ដូចជា​ខេត្ដ​រតនគីរី ,​មណ្ឌល​គី​រី , ស្វាយរៀង និង ខេត្តព្រៃវែង ជាដើម ខណៈ​គ្រប់​បែ​កដៃ​មាននៅ​គ្រប់​ទីកន្លែង ហើយ​តំណាងរាស្ដ្រ​ប្រទេស​ជប៉ុន បាន​សន្យា​នឹងចូលរួម​ជាមួយ​កម្ពុជា នឹងធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​កម្ពុជា មាន​សន្ដិភាព សុវត្ថិភាព​លើ​បញ្ហា​គ្រាប់មីន​នេះ​។​

​លោក​បាន​បញ្ជាក់ទៀតថា ក្នុងនោះ លោក KAZUNORI TANAKA សមាជិកសភា និង​ជា​អតីតរដ្ឋមន្ដ្រី​ក្រសួងការបរទេស​របស់​ប្រទេស​ជប៉ុន ក៏បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​ខិតខំ​ដោះស្រាយ​លើ​វិបត្ដិ​នេះ​បាន​ច្រើន​គួរ​ឲ្យ​កត់សំគាល់ ។

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងទៅនេះ កម្ពុជា​សម្រេចបាន​នូវ​ការ​បោសសំអាត​ផ្ទៃដី​មីន បាន​ចំនួន​ជាង​១.០០០​គីឡូម៉ែត្រ​ក្រឡា និង​បាន​បំផ្លាញចោល​នូវ​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​មាន​ចំនួន​ជាង​២​លាន​៧​សែន​គ្រាប់ ដែល​បញ្ជាក់ថា នេះ​ជា​ភាពជោគជ័យ​ដ៍​ធំធេង ដែល​បាន​ជួយសង្គ្រោះ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ ។ ជាមួយគ្នា​នោះ កម្ពុជា​គ្រោង​នឹងមាន​ផែនការ​បោសសំអាត​មីន​អោយបាន​ជាង​១.២០០​គីឡូម៉ែត្រ​ក្រឡា ដល់​ឆ្នាំ​២០២៥ នៅលើ​ផ្ទៃដី​ដែល​នៅសល់​៦០​ភាគរយ ព្រោះ​បច្ចេកវិទ្យា និង​ចំណេះដឹង​របស់​ប្រទេស​កម្ពុជា​កាន់តែ​រីកចម្រើន​លើ​វិស័យ​កំចាត់មីន ៕B