ប្រទះឃើញបុរសម្នាក់ស្លាប់លើថ្នល់សង្ស័យរថយន្តធំបុក

133
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ អ្នកដំណើរបានប្រទះឃើញបុរសម្នាក់ស្លាប់ដោយមានឈាម ជោកជាំនៅលើដងផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។ ការភ្ញាក់ផ្អើលដោយផ្តោតក្តីសង្ស័យបណ្តាលមកពីរថយន្តធុនធំបុកនេះបានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថាបុរសដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើឈ្មោះ ជឹម ជីវ័ន អាយុ ២៩ឆ្នាំ មានទីលំនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ប្រភពដដែលបានរៀបរាប់ថាកាលពីវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២៣ ខែមីនា អ្នកដំណើរបានប្រទះឃើញបុរសម្នាក់ដេកស្លាប់លើផ្លូវជាតិលេខ៣៣ត្រង់ចំណុចមុខរោងចក្រកាត់ដេរស្បែកជើងពូចិន។ នៅលើខ្លួនសពមានប្រឡាក់ឈាមជោកជាំ និងឈាមហូរសពាសពេញថ្នល់។

មួយសន្ទុះក្រោយមកប្រពន្ធជនរងគ្រោះបានមកដល់ហើយប្រាប់អ្នកនៅក្បែរកន្លែងកើតហេតុថាគាត់តាមរកប្តីអស់មួយយប់ព្រោះតែផឹកស្រវឹងមិនចូលផ្ទះ។ ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចបានបញ្ជាក់ថា តាមរយៈការពិនិត្យស្លាកស្នាមឃើញថាបុរសរងគ្រោះត្រូវរថយន្តធុនធំបើកបរមកពីទិសខាងលិចបុកកិន ហើយរថយន្តដែលមិនស្គាល់ភិនភាគនោះបានគេចបាត់តែម្តង៕/B