ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា​បញ្ជា​ឱ្យ​ត្រៀម​កាំភ្លើង​ធំ​ចំ​ពេល​មាន​ភាព​តានតឹង​ជាមួយ​អាម៉េរិក​

214
ចែករម្លែក

​លោក នី​កូឡាស់ ម៉ា​ឌូ​រ៉ូ (Nicolas Maduro) ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​បាន​ថ្លែង​ទៅ​កាន់​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល​នានា​នៅ​ទូទាំង​ពិភពលោក​ដើម្បី​ស្នើ​ជំនួយ​របស់​ពួក​​គេ ចំ​ពេល​ដែល​សហរដ្ឋ​អាម៉េរិក​ព្យាយាម​ចាប់​ខ្លួន​លោក​តាម​ការចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន ដែល​លោក​បាន​និយាយថា​ជា​” រឿង​មិន​ពិត​និង​មិន​ផ្អែកលើ​ភស្តុតាង​ណាមួយ​ឡើយ​”​។​

​លោក នី​កូឡាស់ ម៉ា​ឌូ​រ៉ូ បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​០៤​មេសា​នៅ​លើ​ទំនាក់ទំនង​សង្គម​Twitter ថា លោក​បាន​បញ្ជា​ឱ្យមាន​ការប្រមូល​កាំភ្លើង​ធំ​នៅក្នុង​តំបន់​យុទ្ធសាស្ត្រ​របស់​ប្រទេស​នេះ ដើម្បី​ការ​​ពារ​សន្តិសុខ​របស់​ប្រជាជន​វេ​ណេ​ស៊ុយអេ​ឡា​។​

​លោក​បាន​បន្តថា​” ខ្ញុំ​ថ្កោលទោស​ក្រុម​ទាំងឡាយ ដែល​ទទួលបាន​ហិរញ្ញវត្ថុ​ពី​ប្រទេស​កូឡុំប៊ី​និង​សហរដ្ឋអាម៉េរិក​ដែល​ព្យាយាម​ប្រើ​អំពើហិង្សា​ដើម្បី​បំផ្លាញ​ស្ថិរភាព​នៃ​ប្រទេស​កំណើត​របស់​យើង​”​។​

​ការកត់សម្គាល់​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​លោក​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ទីក្រុង​កា​រ៉ា​កាស​កាលពី​ព្រឹក​ថ្ងៃ​សៅ​រ៍ថា ក្រុម​ទាំងនេះ ជឿថា​”​ពួកគេ​អាច​ទាញយក​ផលប្រយោជន៍​ពី​ជំងឺ​​រាតត្បាត​កូវី​ដ​១៩​និង​ការ​ដាក់​នៅ​ដោយឡែក ដើម្បី​ធ្វើ​សកម្មភាព​ភេរវកម្ម​និង​ធ្វើ​រដ្ឋប្រហារ​”​។​

​លោក​បាន​បន្ថែមទៀតថា លោក​បាន​ប្រកាស​អំពី​ការប្រមូល​កាំភ្លើង​ធំ​នៅក្នុង​ក្របខ័ណ្ឌ​នៃ​សមយុទ្ធ Bolivarian Shield ឆ្នាំ ២០២០ ដែល​បាន​ចាប់ផ្តើម​នៅ​ពាក់កណ្តាល ខែ​កុម្ភៈ​ដើម្បី​ត្រៀម​​ប្រយុទ្ធ​សម្រាប់​សន្តិភាព​” ៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក នី​កូឡាស់ ម៉ា​ឌូ​រ៉ូ លើ​ដៃ​សញ្ញា​ជោគជ័យ នៅ​អំឡុង​ជួបជុំ​កងទ័ព​នៅ​ទីក្រុង​កា​រ៉ា​កាស