ប្រធានាធិបតី​កូរ៉េខាងត្បូង​អំពាវនាវ​ឱ្យមាន​”​ការសម្រេចចិត្ត​មោះមុត​” នៅមុន​ជួប​ជាមួយ គីម ជុង អ៊ុន

812
ចែករម្លែក

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃអង្គារទី១១ខែកញ្ញា បានជំរុញឱ្យកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកធ្វើ “ការសម្រេចចិត្តដ៏មោះមុត” ដើម្បីបំបែកភាពជាប់គាំងផ្នែកការទូត ជុំវិញមហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយនិយាយថា លោកនឹងបន្តធ្វើជាអ្នកសម្របសម្រួល។

ការអត្ថាធិប្បាយរបស់ លោក មូន ជែ អ៊ីន បានធ្វើឡើងប៉ុន្មានថ្ងៃនៅមុនពេល លោកជួបជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន ជាលើកទី៣នៅឆ្នាំនេះ ដើម្បីពិភាក្សាអំពីថាតើត្រូវធ្វើយ៉ាងណាដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរនិងធ្វើឱ្យមានសន្តិភាពនៅឧបទ្វីបកូរ៉េនេះ។

លោក មូន ជែ អ៊ីន បាននិយាយថា កិច្ចជំនួបកំពូល ត្រូវតែឈានទៅដល់”ជំហានធំមួយទៀត”ឆ្ពោះទៅរកការលុបបំបាត់នុយក្លេអ៊ែរ។

កិច្ចជំនួបពិភាក្សានេះ កើតឡើងចំពេលដ៏សំខាន់មួយក្នុងការទូតជាទូទៅ ដែលបច្ចុប្បន្នត្រូវបានជាប់គាំងបន្ទាប់ពីមានការចោទប្រកាន់និងស្តីបន្ទោសទៅវិញទៅមក រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងព្យុងយ៉ាង អំពីថាតើត្រូវគោរពនិងអនុវត្តយ៉ាងណាចំពោះការសន្យាដែលបានធ្វើនៅកិច្ចជំនួបកំពូលរវាង លោក គីម ជុង អ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីឱ្យកូរ៉េខាងជើងលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ខ្លួននោះ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារនេះ លោក មូន ជែ អ៊ីន បាននិយាយថាលោក គីម ជុង អ៊ុន និង លោក ដូណាល់ ត្រាំ ត្រូវគិតយ៉ាងទូលំទូលាយដោយច្បាស់លាស់និងធ្វើការសំរេចចិត្តដ៏អង់អាចដើម្បីជំរុញការទូតទៅមុខ ហើយធ្វើឱ្យកូរ៉េខាងជើងរំលាយចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន៕

បេសកជនពិសេសអាមេរិក លោក Stephen Biegun (រូបស្តាំ)និង លោក Lee Do-hoonបេសកជនពិសេសកូរ៉េខាងត្បូងចាប់ដៃស្វាគមន៍ក្នុងអំឡុងជំនួបមួយនៅទីក្រុងសេអ៊ូលនៅថ្ងៃអង្គារទី១១ខែកញ្ញា