ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន ៖ ការសម្លាប់ ការពង្រីក​ការតាំង​ទីលំនៅ និង​ការបំផ្លាញ មិនមែនជា​ការនាំ​ឱ្យមាន​សន្តិភាព​និង​សន្តិសុខ​ទេ

2866
ចែករម្លែក

ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាសមូដ អាប៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា “ការសម្លាប់ ការពង្រីកការតាំងទីលំនៅ ការបំផ្លិចបំផ្លាញនិង ការបណ្តេញចេញពលរដ្ឋប៉ាឡេស្ទីននឹងមិននាំមកសន្តិភាពឬសន្តិសុខនៅក្នុងតំបន់ទេ” ។

លោក ម៉ាសមូដ អាប៉ាស បានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយនៅការិយាល័យរបស់លោក ជាមួយប្រតិភូដែលតំណាងសមាជិកសភាអ៊ីស្រាអែល​ ​។ នេះបើយោងតាមសារព័ត៌មានWAFA ។

លោក ម៉ាសមូដ អាប៉ាស បានពិនិត្យឡើងវិញនូវការវិវត្តន៍នយោបាយចុងក្រោយបំផុតនិងការជាប់គាំងធ្ងន់ធ្ងរដែលកំពុងប្រឈមនិងដំណើរការនយោបាយដោយសារគោលនយោបាយរបស់រដ្ឋាភិបាលអ៊ីស្រាអែលនិងការគាំទ្រដែលលម្អៀងរបស់សហរដ្ឋអាមេរិក។

លោក ម៉ាសមូដ អាប៉ាស​បាននិយាយថា ” គោលនយោបាយរបស់រដ្ឋាភិបាលអ៊ីស្រាអែលនិងការសំរេចចិត្តដែលលម្អៀងរបស់សហរដ្ឋអាមេរិកគឺផ្ទុយទៅនឹងដំណោះស្រាយអន្ដរជាតិហើយ កំពុងធ្វើឱ្យប៉ះពាល់ដល់ឱកាសស្វែងរកសន្តិភាព ដែលផ្អែកលើដំណោះស្រាយរដ្ឋ២នៅតាមបណ្តោយព្រំដែនឆ្នាំ១៩៦៧ “។

សារព័ត៌មានWAFA បានរាយការណ៍ថា ” គណៈប្រតិភូអ៊ីស្រាអែលបានសម្តែងការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ លោក ម៉ាសមូដ អាប៉ាស ក្នុងការចង់សម្រេចឱ្យមានសន្តិភាពវាងប្រជាជនប៉ាឡេស្ទីននិងប្រជាជនអ៊ីស្រាអែល។

លោក ម៉ាសមូដ អាប៉ាស​ បាននិងកំពុងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយក្រុមឥស្សរជនអ៊ីស្រាអែលដែលមកពីភាគីផ្សេងៗ ទោះបីជាគ្មានកិច្ចចរចាសន្តិភាពជាផ្លូវការរវាងភាគីទាំង២ក៏ដោយ ដោយសារតែកិច្ចចរចាសន្តិភាពដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិកបានបញ្ឈប់ ចាប់តាំងពីឆ្នាំ២០១៤៕ដោយ៖សុខា/sn

លោក ម៉ាសមូដ អាប៉ាស (រូបកណ្តាលខាងមុខ) បាននិយាយកាលពីថ្ងៃអាទិត្យថា “ការសម្លាប់ ការពង្រីកការតាំងទីលំនៅ ការបំផ្លិចបំផ្លាញនិង ការបណ្តេញចេញពលរដ្ឋប៉ាឡេស្ទីននឹងមិននាំមកសន្តិភាពឬសន្តិសុខនៅក្នុងតំបន់ទេ”