ប្រធានាធិបតី​ស្រីលង្ការ​តែងតាំង​លោក វិក​ក្រេ​ម​ស៊ី​ង​ជា​នាយករដ្ឋមន្ត្រី​ឡើងវិញ​

1105
ចែករម្លែក

ប្រធានាធិបតីស្រីលង្ការ បានតែងតាំងលោករ៉ានីល វិកក្រេមស៊ីង អោយធ្វើជានាយករដ្ឋមន្រ្តីឡើងវិញ នៅពេលជិត២ខែក្រោយលោកបានបណ្តេញគាត់និងបង្កភាពជាប់គាំងនយោបាយអស់ពេលរាប់សប្តាហ៍។

គណបក្សជាតិឯកភាពរបស់លោកវិកក្រេមស៊ីងនិយាយថា លោកវិកក្រេមស៊ីងបានស្បថចូលកាន់តំណែងនៅចំពោះមុខប្រធានាធិបតីកាលពីថ្ងៃអាទិត្យទី១៦ធ្នូ។

ចំណាត់ការនេះមុនជាបន្ធូរបន្ថយភាពតានតឹងនយោបាយអស់ពេល៥០ថ្ងៃ តែអាចជាការចាប់ផ្តើមនៃការរស់នៅជាមួយគ្នាដ៏លំបាករវាងមេដឹកនាំ២រូប នៅក្នុងក្រុមប្រជែងគ្នា។

សូមបញ្ជាក់ថា លោកប្រធានាធិបតី ស៊ីរិសេណាបានបណ្តេញលោកវិកក្រេមស៊ីងចេញពីតំណែងភ្លាមៗកាលពីថ្ងៃ២៦តុលានិងបានតែងតាំងអតីតជនខ្លាំង ម៉ាហ៊ិនដា រ៉ាចាប៉ាសេ ចូលកាន់តំណែងនាយករដ្ឋមន្រ្តីជំនួស។ទោះជាយ៉ាងណាលោកវិកក្រេមស៊ីងតែងតែអះអាងថាការបណ្តេញរូបលោកខុសច្បាប់ ហើយលោករ៉ាចាប៉ាសេមិនអាចទទួលបានការអនុម័តពីសភា។

នៅទីបំផុត តុលាការកំពូលកាលពីសប្តាហ៍មុនបានបន្តការព្យួរតំណែងលោករ៉ាចាប៉ាសេ ជាហេតុនាំអោយលោកបង្ខំចិត្តលាចេញពីតំណែងកាលពីថ្ងៃសៅរិ៍៕

លោករ៉ានីល វិកក្រេមស៊ីង វិលចូលមកកាន់តំណែងនាយករដ្ឋមន្រ្តីស្រីលង្ការវិញ