ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល​សុធា​រិ​ទ្ធ​បែក​ចាន​ត្រូវ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ចេញ​លិខិត​ព្រមាន​ជា​ផ្លូវការ​

127
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​កណ្តាល​៖​នៅ​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០​នេះ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ចេញ​លិខិត​ព្រមាន​ជា​ផ្លូវការ​ចំពោះ​លោក​វេជ្ជបណ្ឌិត​គូរ​គឹម​ហៀក​ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល​សុធា​រិ​ទ្ធ​បែក​ចាន​និង​លោក​វេជ្ជបណ្ឌិត​ស្រស់​សុ​ភ័​ក្ត្រា​ម្ចាស់ទុន​មន្ទីរ​សម្រាក​ព្យាបាល​សុធា​រិ​ទ្ធ​បែក​ចាន​ចំពោះ​កំហុស​ចំនួន​២​ករណី​។​មន្ទីរ​សម្រាក​ព្យាបាល​សុធា​រិ​ទ្ធ​បែក​ចាន មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៤០ ផ្លូវ​លេខ​៤ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សូម​ព្រមាន​ចំពោះ​លោក​វេជ្ជបណ្ឌិត​គូរ​គឹម​ហៀក​និង​លោក​វេជ្ជបណ្ឌិត​ស្រស់​សុ​ភ័​ក្ត្រា​ទៅលើ​ករណី​ដែល​បាន​យក​រថយន្ត​គិលានសង្គ្រោះ​ទៅ​ដឹក​អ្នករងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មក​ព្យាបាល​នៅក្នុង​មន្ទីរ​សម្រាក​ព្យាបាល​របស់ខ្លួន​ខុស​ទៅនឹង​ចរាចរ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។​

ដែល​ករណីនេះ​កើតឡើង​នៅ​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០២០​និង​ការយក​តម្លៃ​សេវា​ព្យាបាល​ច្រើន​លើសពី​ប្រក្រតី​ដែល​មិនមាន​តារាង​តម្លៃ​ច្បាស់លាស់​ដាក់​នៅក្នុង​មន្ទីរ​សម្រាក​ព្យាបាល​សម្រាប់​ឱ្យ​អតិថិជន ឬ អ្នកជំងឺ​បានដឹង​ជាមុន​ទៅតាម​ការ​ណែ នាំ​របស់​ក្រសួងសុខាភិបាល ។

​បន្ថែម​លើ​ការព្រមាន​នេះ​ក្រសួង​បានធ្វើការ​ផាកពិន័យ​ស្របតាម​ច្បាប់​ដែលមាន​ជា​ធរមាន​។​ជាមួយគ្នានេះ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​សង្កត់ធ្ងន់​ថា​ក្នុងករណី​មិន​គោរព​តាម​ការណែនាំ​ក្រសួងសុខាភិបាល​នឹង​បិទ​មន្ទីរ​សម្រាក​ព្យាបាល​សុធា​រិ​ទ្ធ​បែក​ចាន​ព្រមទាំង​លោក​វេជ្ជបណ្ឌិត​គូរ​គឹម​ហៀក​និង​លោក​វេជ្ជបណ្ឌិត​ស្រស់​សុ​ភ័​ក្ត្រា​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​

​សូមបញ្ជាក់ថា​ជនរងគ្រោះ​បាន​ចូលទៅ​ព្យាបាល​កាលពី​យប់​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០២០​ស្ថិតនៅ​គ្លី​នី​ក​ឯកជន​ឈ្មោះ​«​សុធា​រិ​ទ្ធ​បែក​ចាន​»​ភូមិ​ស្វាយជ្រុំ​ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។​ប៉ុន្តែ​ក្រុមគ្រូពេទ្យ​ទាំងនោះ​បន្ទាប់ពី​ព្យាបាល​រួច បាន​សរសេរ​នៅក្នុង​វិកយបត្រ​ថា​ជនរងគ្រោះ​ទាំង​២​នាក់​ប្តី ប្រពន្ធ បាក់ដៃ និង​បាក់ជើង​ព្យាបាល​លាង​របួស បន្តោង​សេរ៉ូម​ម្នាក់​១​កំប្លោក រួច​រុំ​ដៃ រុំ​ជើង និង រួច​ទារលុយ​ចំនួន​៧៥០​ដុល្លារ​។​

​ក្រុមគ្រូពេទ្យ​បាន​បង្ខំ​ឱ្យ​ជនរងគ្រោះ​យកលុយ​មក​បង់ថ្លៃ​ពេទ្យ​ជាបន្ទាន់​បើ​ដោះស្រាយ​មិនទាន់​ត្រូវ​ទុក​ម៉ូតូ​នៅ​ទីនោះ​ចាំ​យកលុយ​មក​គ្រប់​ចំនួន​ចាំ​ដោះស្រាយ​គ្នា​។​នេះ​បើតាម​ការបញ្ជាក់​ពី​ជនរងគ្រោះ​នៅ​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០​នេះ​។​ពួកគាត់​បាន​អះអាងថា​គាត់​របួស​រលាត់ស្បែក​ប​ន្តិ​ច​បន្តួច​តែប៉ុណ្ណោះ​។​

​មិនបាន​បាក់ដៃ​បាក់ជើង​ដូច​គ្រូពេទ្យ​និយាយ​នោះទេ​ហេតុអ្វី​គ្រូពេទ្យ​សរសេរថា​គាត់​២​នាក់​ប្តី​ប្រពន្ធ​បាក់ដៃ​និង​បាក់ជើង​ទៅវិញ​រួច​ទារលុយ​ជិត​១.០០០​ដុល្លារ​។​គាត់​អ្នកក្រីក្រ​មាន​លុយ​ឯណា​ទៅ​បើ​ច្រើន​ម្លឹ​ងៗ​។​ពួកគាត់​បាន​សំណូមពរ​ដល់​ក្រសួងសុខាភិបាល​មេត្តា​ចុះ​ត្រួត​ពិនិត្យមើល​គ្លី​នី​កមួយ​នេះ​ផង​។​ជុំវិញ​បញ្ហា​នេះដែរ បាន​ទំនាក់ទំនង​ទៅ​គ្លីនិក​សុធា​រិ​ទ្ធ​បែក​ចាន ដែរ​តែ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន​៕S/​