ប្រព័ន្ធ​ផ្សព្វផ្សាយ​អាម៉េរិក​និយាយថា កូនប្រុស​របស់​ប៊ី​ន​ឡា​ដិ​ន ស្លាប់​ហើយ​

503
ចែករម្លែក

​បណ្តាញ​ផ្សព្វផ្សាយ​របស់​អាម៉េរិក​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី​៣១​កក្កដា ដោយ​ដកស្រង់​សម្តី​ក្រុមមន្ត្រី​អាម៉េរិក​ថា កូនប្រុស​របស់​អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន ឈ្មោះ​ហាំ​ហ្សា ដែល​គេ​ជ្រើសរើស​ជា​អ្នក​ស្នង​តំណែង​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា ត្រូវបាន​សម្លាប់​។​

​ទូរទស្សន៍ NBC បាន​និយាយថា មន្ត្រី​អាម៉េរិក ៣ នាក់​បាន​បញ្ជាក់ថា ពួកគេ​មាន​ព័ត៌មាន​អំពី​ការស្លាប់​របស់​ហាំ​ហ្សា ប៊ី​ន​ឡា​ដិ​ន (Hamza Bin Laden) ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ទីកន្លែង​ឬ​កាលបរិច្ឆេទ​នោះទេ​។​

​បន្ទាប់មក​កាសែត​ញូវយ៉ក​ថែម​ស៍បាន​ដកស្រង់​សម្តី​មន្ត្រី​អាម៉េរិក​ពីរ​នាក់​ដោយ​និយាយថា​ពួកគេ​បាន​បញ្ជាក់ថា​ហាំ​ហ្សា​ត្រូវបាន​សម្លាប់​ក្នុងអំឡុងពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នៅក្នុង​ប្រតិបត្តិការ​មួយ​ដែល​ពាក់ព័ន្ធ​នឹង​សហរដ្ឋ​អាម៉េរិក​។​

​សាកសួរ​ដោយ​អ្នកសារព័ត៌មាន​នៅ​ការិយាល័យ​ពងក្រពើ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​មិនបាន​បញ្ជាក់​ឬ​បដិសេធ​របាយការណ៍រ​បស់​ទូរទស្សន៍ NBC ឡើយ​។​

​លោក​បាន​មានប្រសាសន៍ថា “​ខ្ញុំ​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​លើ​រឿងនេះ​ទេ​”​។​

​របាយការណ៍​ទាំងពីរ​បានលើកឡើង​ថា​ហាំ​ហ្សា ប៊ី​ន​ឡា​ដិ​ន​ប្រហែលជា​ត្រូវបាន​សម្លាប់​រួចទៅហើយ មុនពេល​ដែល​ក្រសួងការបរទេស​អាម៉េរិក​ប្រកាស​ផ្តល់ប្រាក់​តម្លៃ​ក្បាល​ចំនួន ១ លាន​ដុល្លារ​នៅ​ខែកុម្ភៈ​ឆ្នាំ ២០១៩ ទៅទៀត​។​

​ក្រសួងការបរទេស​បាន​និយាយ​នៅក្នុង​ការប្រកាស​អំពី​ប្រាក់​តម្លៃ​ក្បាល​នោះ​ថា “​ជា​កូន​ទី ១៥ របស់​អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន​ក្នុងចំណោម​កូន​ទាំង​២០​នាក់​និង​ជា​កូនប្រុស​របស់​ប្រពន្ធ​ទី ៣ របស់គាត់ ហាំ​ហ្សា ដែល​គិតថា​មាន​អាយុ​ប្រហែល ៣០ ឆ្នាំ​ប្រហែលជា​មេដឹកនាំ​នៅក្នុង​ក្រុម​អាល់​កៃ​ដា​”​។​

​ក្រសួង​បាន​និយាយថា ដោយ​ពេលខ្លះ​ត្រូវគេ​ហៅថា “​ព្រះអង្គម្ចាស់​ជី​ហាត​” ហាំ​ហ្សា​បាន​ផ្ញើ​សារ​ជា​សំឡេង​និង​វីដេអូ​ដោយ​អំពាវនាវ​ឱ្យមាន​ការវាយប្រហារ​ទៅលើ​សហរដ្ឋ​អាម៉េរិក​និង​ប្រទេស​ដទៃទៀត ដើម្បី​សងសឹក​ចំពោះ​ការសម្លាប់​ឪពុក​របស់ខ្លួន​ដោយ​កងទ័ព​អាម៉េរិក​នៅ​ប៉ា​គី​ស្ថាន​កាលពី​ខែឧសភា​ឆ្នាំ ២០១១៕ ដោយ៖ កញ្ញាដាលីស

ហាំ​ហ្សា ប៊ី​ន​ឡា​ដិ​ន