ប្រមុខកងទ័ពជើងទឹកអាម៉េរិកលាលែងពីតំណែងរឿងចាត់ចែងកិច្ចការមិនបានល្អជុំវិញការផ្ទុះកូវីដ១៩លើនាវាផ្ទុកយន្តហោះ

147
ចែករម្លែក

រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិក លោក ម៉ាក អេស្ពើ បានប្រកាសថា រដ្ឋមន្ត្រីស្តីទីនៃ កងទ័ពជើងទឹក លោកថូម៉ាស ម៉ូដលី បានប្រកាសលាឈប់ពីថ្ងៃអង្គារទី៧មេសា ដោយសារការដោះស្រាយមិនបានត្រឹមត្រូវរបស់គាត់ចំពោះការផ្ទុះកូវីដ១៩លើនាវាផ្ទុកយន្តហោះ USS Theodore Roosevelt។

លោកម៉ូដលីបានលាឈប់ពីតំណែង ៥ ថ្ងៃ បន្ទាប់ពីបានដកតំណែងកាពីទែនរបស់ នាវា USS Theodore Roosevelt លោក ប្រេត ក្រូសៀ ចំពោះការសរសេរលិខិតមួយ ដែលបែកធ្លាយដល់ដៃប្រព័ន្ធផ្សព្វផ្សាយ ដោយពណ៌នាអំពីស្ថានភាពដ៏អាក្រក់ របស់នាវាដែលរងការវាយប្រហារដោយវីរុស និង ចោទប្រកាន់ថា មន្ទីរបញ្ចកោណ មិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះនាវានេះ។

ការដកលោកក្រូសៀ ដែលទទួលបានការគោរពនៅក្នុងជួរយោធានិងមាន ប្រជាប្រិយភាពជាមួយក្រុមនាវិករបស់គាត់ ត្រូវបានគេមើលឃើញថា ជាចំណាត់ការធ្ងន់ធ្ងរនិងជាការសម្រេចចិត្តលឿនពេក មុនពេលការស៊ើបអង្កេត ត្រូវបានធ្វើឡើង។

លោកម៉ូដលី បានផ្ទុះកំហឹងកាលពីថ្ងៃចន្ទបន្ទាប់ពីគាត់បានហោះពីវ៉ាស៊ីនតោន ទៅកោះក្វាម កន្លែងដែលនាវានេះកំពុងចត ដើម្បីនិយាយការពារចំណាត់ការ របស់គាត់ចំពោះពួកនាវិក។

នៅក្នុងសុន្ទរកថាពោរពេញដោយពាក្យសម្តីអាក្រក់ៗបែបសម្លុតគំរាម លោកម៉ូដលីបានចោទប្រកាន់លោកក្រូសៀថា “ក្បត់” ហៅគាត់ថា “ល្ងង់ខ្លៅពេកឬឆ្កួតពេក” ហើយលើកឡើងថាពួកនាវិកផ្តល់ការស្រឡាញ់ខុស ចំពោះលោកក្រូសៀ។

ប៉ុន្មានម៉ោងក្រោយមកពេលត្រឡប់មកដល់ទីក្រុងវ៉ាស៊ីនតោនវិញ លោកម៉ូដលី បានចេញលិខិតសុំទោស ប៉ុន្តែប្រធានាធិបតីដូណាល់ ត្រាំបានចោទជាមន្ទិលជា សាធារណៈអំពីការប្រព្រឹត្តដាក់លោកក្រូសៀ ហើយនិយាយថាគាត់នឹង ចូលរួមក្នុងរឿងនេះដោយផ្ទាល់។

លោកអេស្ពើនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកម៉ូដលី “បានលាលែងពីតំណែងដោយខ្លួនឯង ដោយដាក់កងទ័ពជើងទឹកនិងនាវិកនៅលើ ប្រយោជន៍ផ្ទាល់ខ្លួនជានិច្ច ដូច្នេះនាវា USS Theodore Roosevelt និងកងទ័ពជើងទឹកដែលជាស្ថាប័នមួយ នឹងអាចបោះជំហានឆ្ពោះទៅមុខទៀត”។

លោកអេស្ពើនិយាយថា អ្នកជំនួសលោកម៉ូដលី ជារដ្ឋមន្ត្រីស្តីទីកងទ័ពជើងទឹក និងជាឧបការីកងទ័ពជើងទឹកបច្ចុប្បន្ន គឺ លោក ជីម ម៉ាកភៀសុន ដែលជាឧត្តមនាវីឯក​ចូលនិវត្តន៍៕ ដោយ៖ កញ្ញាដាលីស/Ha

រដ្ឋមន្ត្រីស្តីទីនៃកងទ័ពជើងទឹកលោកថូម៉ាស ម៉ូដលី លាលែងពីតំណែងកាលពីថ្ងៃអង្គារ