ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​ព្រមាន​អំពី​បាវ​ដាក់​សព​បន្ថែម បើ​ត្រាំ​មិន​…

313
ចែករម្លែក

​នៅពេល​អាម៉េរិក​មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ច្រើន​ជាង​គេ​នៅលើ​លោក គឺ​ជាង​៤១៩.០០០​នាក់ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​(WHO) លោកតេ​ដ្រូ​ស អា​ដា​ណូម ហ្គេ​ប្រេ​យេស៊ូ​ស បាន​អំពាវនាវ​​អោយ​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ ឈប់​យក​រឿង​ជំងឺឆ្លង​នេះ​ធ្វើ​ជា​រឿង​នយោបាយ​។​

​លោក​ប្រធាន​WHO​បាន​ប្រាប់​សន្និសីទកាសែត​មួយ​នៅ​ក្រុង​ហ្សឺ​ណែវ​ថា «​ភាគី​នយោបាយ​ទាំងអស់​គួរ​ផ្តោត​លើ​ការសង្គ្រោះ​អាយុជីវិត​ប្រជាជន​របស់​គេ​។​បើ​អ្នក​ចង់​ឃើញ​បាវ​ដាក់​សាកសព​បន្ថែមទៀត​ ចូរ​ធ្វើ​វា​ទៅ​។​តែ​បើ​មិន​ចង់បាន​បាវ​ដាក់​សព​ច្រើន​ទៀត​ទេ នោះ​គួរ​ឈប់​យក​វា​ធ្វើ​ជា​រឿង​នយោបាយ​»​។​

​លោកតេ​ដ្រូ​ស អា​ដា​ណូម ហ្គេ​ប្រេ​យេស៊ូ​ស បាន​កត់សំគាល់ថា អាម៉េរិក​និង​ចិន​គួរ​រួមគ្នា ហើយ​«​ប្រយុទ្ធ​ទល់នឹង​សត្រូវ​ដ៏​គ្រោះថ្នាក់​នេះ​»​។​

​ការលើកឡើង​របស់​លោក​កើត​ឡើង​តែ​មួយ​ថ្ងៃ​បន្ទាប់ពី​លោក​ត្រាំ​ពន្លះ​អង្គការ WHO​ថា​ផ្តល់ព័ត៌មាន​ខុស​និង​លម្អៀង​ទៅរក​ចិន​នៅក្នុង​ការដោះស្រាយ​ជំងឺ​កូវី​ដ​១៩​។​លោក​ត្រាំ បាន​ព្រមាន​ថា រដ្ឋា​ភិ​​បាន​អាម៉េរិក​អាច​បង្កក​មូលនិធិ​សំរាប់​អង្គការ​សុខភាព​របស់​អង្គការសហប្រជាជាតិ​នេះ និង​ថា​អង្គការ​នេះ​បាន​ខកខាន​មិន​បាន​ឆ្លើយតប​នឹង​ការរកឃើញ​វីរុស​នៅ​ដំណាក់កាល​ដំបូង​។​ត្រាំ​កាលពី់​​ថ្ងៃ​អង្គារ​ក៏​បាន​ចោទប្រកាន់​WHO​ថា​លម្អៀង​ទៅរក​ចិន​។​

​នៅ​ថ្ងៃ​ពុធ ត្រាំ​បាន​វាយប្រហារ WHO​ជាថ្មី ដោយ​លោក​បាន​និយាយថា អង្គការ​នេះ​ត្រូវតែកំណត់​អាទិភាព​របស់​ខ្លួន​អោយ​ត្រឹមត្រូវ ហើយ​អាម៉េរិក​នឹង​ធ្វើ​ការសិក្សា​មួយ​ដើម្បី​សំរេច​ថា​តើ​នឹង​បន្ត​​ផ្តល់​លុយ​ដល់​អង្គការ​នេះ​ទៀត​ឬ​យ៉ាងណា​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋមន្ត្រីការបរទេស​អាម៉េរិក បាន​និយាយថា រដ្ឋាភិបាល​អាម៉េរិក​នឹង​វាយ​តំលៃ​ឡើងវិញ​អំពី​ការផ្តល់​មូលនិធិ​ដល់​អង្គការ​WHO ។​

WHO ត្រូវ​ផ្តល់​មូលនិធិ​ដោយ​ប្រភព​ឯកជន​និង​បណ្តា​រដ្ឋាភិបាល ដោយ​អាម៉េរិក​ជា​អ្នក​ជួយ​ធំជាងគេ ។​កាលពី​ឆ្នាំ​មុន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ផ្តល់ប្រាក់​៥៨​លាន​ដុល្លារ​ដល់​អង្គការ​សុខភាព​ពិភព​​លោក​៕​ប្រែ​សម្រួល​៖​វាសនា​