ប្រមុខ​អត្តពលកម្ម យកប្រាក់​ផ្ទាល់ខ្លួន លើកទឹកចិត្ត​កីឡាការិនី ដែល​បាន​មេដាយ​សំរឹទ្ធ នៅ “Thailand Open “

1086
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ លោក អ៊ុក សិទ្ធិ​ជាតិ ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត បាន​ជួប​សំណេះសំណាល និង​ផ្តល់​ប្រាក់រង្វាន់ លើកទឹកចិត្ត ចំនួន ២ លាន​រៀល ជូន​ជ័យលាភី ដល់​កីឡាការិនី​អត្តពលកម្ម​កម្ពុជា ប៊ូ សំណាង ទទួលបាន​មេដាយ សំរឹទ្ធ មួយ គ្រឿង នៃ​ព្រឹត្តិការណ៍​ការប្រកួត “Thailand Open track and field 2019” លើ​វិញ្ញាសារ​រត់​ចម្ងាយ ៣.០០០ ម៉ែត្រ អាយុ​ក្រោម ១៨ ឆ្នាំ ( U18) នៅ​ប្រទេស​ថៃ​។​

​ទិដ្ឋភាព​ប្រគល់​រង្វាន់​

​លោក អ៊ុក សិទ្ធិ​ជាតិ បាន​មានប្រសាសន៍ថា ថវិកា​ចំនួន ២ លាន​រៀល ផ្តល់ជូន​ដល់​កីឡាការិនី អត្តពលកម្ម​កម្ពុជា ប៊ូ សំណាង ទទួលបាន​មេដាយ​សំរឹទ្ធ មួយគ្រឿង ជា​ថវិកា​ផ្ទាល់​របស់លោក ក្នុងនាម​លោក ជា​ប្រធាន​សហព័ន្ធ ។ លោក​បាន​បន្តថា សូម​ឲ្យ​កីឡាករ​-​កីឡាការិនី​ដទៃ ដែល​មិន​ទទួលបាន​មេដាយ ត្រូវខិតខំ​ប្រឹងប្រែង ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ទទួល​គុណ​ផល​ល្អ នាពេល​ខាងមុខនេះ​។​

​លោក បូរ ពុធ​រាត្រី ជា​អគ្គលេខាធិការរង នៃ​សហព័ន្ធ​ខ្មែរ អត្តពលកម្ម​ស្ម័គ្រចិត្ត បាន​រាយការណ៍​ថា សហព័ន្ធ បាន​បញ្ជូន​កីឡាករ​- កីឡាការិនី ចំនួន ៦ នាក់ និង​គ្រូបង្វឹក ២ នាក់ ចូលរួម​ព្រឹត្តិការណ៍ “Thailand Open ” នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ​ការប្រកួត បាន​ប្រព្រឹត្ត ចាប់​ថ្ងៃទី​១៦ រហូតដល់​ថ្ងៃទី​២២ ខែឧសភា កន្លងមក ។​

​សម្រាប់​កីឡាករ​- កីឡាការិនី ចំនួន ៦ នាក់ រួមមាន កីឡាករ សឹម សាម​ឌី ប្រកួត​លើ​វិញ្ញាសា​ចោលដុំដែក កីឡាករ ទត សា​លីន ប្រកួត​លើ​វិញ្ញាសា​រត់ ចម្ងាយ ១០០ ម៉ែត្រ និង ២០០ ម៉ែត្រ កីឡាករ ផាត សុ​ភុ​ត កីឡាករ យ៉ា​ត​ពិ​ទូ ចាន់​ទិវា ប្រកួត​លើ វិញ្ញាសា​រត់​ចម្ងាយ ២០០ ម៉ែត្រ និង ៤០០ ម៉ែត្រ កីឡាការិនី ប៊ូ សំណាង និង​កីឡាការិនី ថន ថា​រី​រតនា​។​

​គ្រូបង្វឹក ២ រូប ដែល​ទៅ​ចូលរួម​ដែរនោះ មាន​លោក បូរ ពុធ​រាត្រី និង​លោក គៀង សាម៉ន​។ ចំពោះ​កីឡាករ -​កីឡាការិនី ចំនួន ៦ នាក់ សុទ្ធសឹង​ជា​កីឡាករ​- កីឡាការិនី​ថ្នាល​ទាំងអស់ របស់​សហព័ន្ធ ដែល​ជំរុញ​ឲ្យ​ពួកគេ​ចេញ​ប្រកួត ដើម្បី​ស្ទាបស្ទង់​សមត្ថភាព និង​បច្ចេកទេស ក្នុងការ​ហ្វឹកហាត់ កន្លងមក ព្រមទាំង​ចង់​ឲ្យ​ពួកគេ បញ្ចេញ សមត្ថភាព​ទៀតផង​៕v