ប្រវត្តិ​និង​អត្ថន័យ​នៃ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​

174
ចែករម្លែក

​ភ្នំពេញៈ ពិធី​ច្រត់ព្រះនង្គ័ល ជា​ព្រះ​រាជពិធី​មួយ​ក្នុងចំណោម​ព្រះ​រាជពិធី​ទ្វាទសមាស (​ព្រះរាជ​ពិធី បុណ្យ​ដែល​ធ្វើ​ក្នុង​មួយខែ​ម្តង​តាម​រាជ​បវេណី​)​។ តាម​ធម្មតា​ព្រះរាជ​ពិធី នេះ​ត្រូវបានធ្វើ​នៅ ខែ​ពិសាខ (​ឧសភា​) ជា​ពេល​ដើមរដូវ​បង្កបង្កើនផល​កសិកម្ម ហើយ​ជាទូទៅ​ត្រូវបាន​ប្រារព្ធ​នៅ លើ​ទីលាន វាល​ព្រះមេរុ ខាងជើង ព្រះបរមរាជវាំង ឬ ព្រះ​ស្រែ ណាមួយ​។ ពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំនេះ​ត្រូវធ្វើ​នៅ​ថ្ងៃទី​១០ ខែឧសភា ត្រូវ​នឹង​ថ្ងៃ​៤ រោច ខែ​ពិសាខ ប៉ុន្តែ​ដោយសារ​ស្ថានភាព ជំងឺ​កូ​វីដ​១៩ មិនទាន់​អំណោយផល ទើប​ព្រះ​រាជពិធី​នេះ ត្រូវបាន​លុបចោល ទោះយ៉ាងណា អត្ថន័យ​ឬ​ខ្លឹមសារ និង​សាវតារ ព្រះរាជ​ពិធី​ដ៏​ប្រពៃ​នេះ​គួរ​នៅតែ​ត្រូវបាន​យកចិត្តទុកដាក់​។​
​ ​
​រ​បៀ​ប្រារព្ធៈ​
​តាមពិតទៅ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ច្រើនតែ​ធ្វើ​នៅ​ថ្ងៃ​១​រោច ២​រោច និង ៣​រោច ខែ​ពិសាខ (​ប៉ុន្តែ​ឆ្នាំនេះ​ត្រូវចំ​ថ្ងៃ​៤​រោច គឺជា​ការ​អនុ​លោ​កម​ទៅតាម​ប្រតិទិន​ចន្ទគតិ​) ដោយ​ចាត់​ឱ្យមាន ព្រាហ្មណ៍​៥​នាក់​ធ្វើ​ហោម ពិធី​បូជា​ទេវតា​៥​កន្លែង​នៅ​ទី​ព្រះ​ស្រែ​។ ពេលខ្លះ​ព្រះរាជា​យាង​ច្រត់ ព្រះ​នង្គ័ល​ដោយផ្ទាល់​។ ប៉ុន្តែ​ពេលខ្លះ​តំណាង ព្រះរាជា ជា​អ្នក​ច្រត់ ព្រះ​នង្គ័ល​។ ថ្ងៃ​៤​រោច ខែ​ពិសាខ គេ​ចាប់ផ្តើម​ហែរ​មន្ត្រី​អ្នក​ច្រត់ព្រះនង្គ័ល តំណាង​ព្រះរាជា ហៅថា ស្តេច​មាឃ និង​ភរិយា​ព្រះ​មេ​ហួរ តំណាង​ព្រះ​អគ្គមហេសី​ចេញពី​ព្រះបរមរាជវាំង ទៅកាន់​ទី​ព្រះ​ស្រែ​ដោយ នៅ​ទីនោះ​មាន​គោ​៣​នឹម​ទឹម​រួចជាស្រេច​សម្រាប់​ច្រត់ព្រះនង្គ័ល​។ អ្នកចូលរួម​ទាំងប្រុស​ទាំងស្រី ស្លៀកពាក់​តាម​លក្ខណៈ​ប្រពៃណី​ខ្មែរ​យ៉ាង​ល្អ​ឆើតឆាយ​។​
​ ​
​គោ​នឹម​ទី​១ ដែល​ទឹម​សម្រាប់ ច្រត់ព្រះនង្គ័ល នោះគេ​ហៅថា “ ព្រះ​គោ “ ឬ “ គោ​ឧសភរាជ “ ( គោ​ឈ្មោល​របស់​ព្រះរាជា )​។ តាម​រាជ​បវេណី “ ព្រះ​គោ “ ឬ “ គោ​ឧសភរាជ “ នេះ​មានកំណត់ លក្ខណៈ​ច្បាស់លាស់ គឺ​សម្បុរ​ខ្មៅ ស្នែង​រាង​ចំពាស់​ឈ្នក់ ឬ​ប្រក់​នាគ​គឺ​រាង​ខុប​ទៅមុខ​បន្ដិច ហើយ​វាត់​ចុង​ទៅលើ​បន្ដិច​។
​ ​
​គោ​នឹម​ទី​២ ដែល​ប្រើ​សម្រាប់​ហែរ​មុខ​ហែរ​ក្រោយ ដូចជា​មិនទាន់​ឃើញថា​មានកំណត់​លក្ខណៈ នៅឡើយ​។ ទោះយ៉ាងណា​តាម​ដែល​ធ្លាប់ប្រើ​មកហើយ​ឃើញ​ច្រើនតែ សម្បុរ​ក្រហម​។ រីឯ​ព្រះ នង្គ័ល ទាំង​៣​នោះគេ​លាបថ្នាំ​ពណ៌​ខ្មៅ​កាត់​ខ្សែ​ក្រហម​ដោយ​អន្លើៗ ឯ​ចន្ទោល​ព្រះ​នង្គ័ល សម្រាប់​អ្នកតំណាង ព្រះរាជា មាន​លក្ខណៈពិសេស​ជាងគេ គឺ​ធ្វើ ជា​រូប​នាគ លាបថ្នាំ​ពណ៌​មាស នៅត្រង់ ក​នាគ និង​មាន​ភូ (​សរសៃ​រំយោល​) ធ្វើ​ពី​រោមសត្វ​។​
​ ​
​គោលបំណង​សំខាន់បំផុត នៃ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល គឺធ្វើឡើង​ដើម្បី​ជាការ​ព្យាករណ៍ ឬ​ទស្សន៍ទាយ អំពី​ផលដំណាំ​កសិកម្ម និង​ហេតុភេទ​ដែល​អាច​នឹង​កើត មានឡើង​នៅក្នុង​រយៈពេល ពេញ​មួយឆ្នាំ​តាមរយៈ​ទង្វើ​របស់​គោ​នៅក្នុង​ព្រះរាជ​ពិធី​នោះ​។ ព្រះរាជា ឬ​ស្តេច​មាឃ​ដែលជា តំណាង​ឲ្យ ព្រះមហាក្សត្រ ជា​អ្នក​ភ្ជួរ​ព្រះមេរុ រីឯ​មហាក្សត្រិយានី ឬ​ដែល​តំណាង​ដោយ ព្រះ​មេ​ហួរ ជា​អ្នក​ព្រោះ​គ្រាប់ពូជ​ពីក្រោយ​។ វាល​ព្រះមេរុ​ត្រូវបាន​ភ្ជួរ​ចំនួន​បី​ជុំ​នៅក្នុង​ពិធី​នោះ​។
​ ​
​សូមបញ្ជាក់ថា នៅក្នុង​បរិវេណ​ទីលាន​ព្រះ​ស្រែ ឬ​វាល​ព្រះមេរុ នោះ​មាន​សង់ ព្រះ​ពន្លា គឺ​រោង ដ៏​ស្រស់ស្អាត ហើយ​នៅមុខ​ព្រះ​ពន្លា​នោះ​មាន តុ​ចំនួន​៧ ហើយ​នៅលើ​តុ​នីមួយៗ​មាន​តម្កល់​ទៅ ដោយ​របស់​មួយ​មុខ​គឺ​គ្រាប់ស្រូវ​១​តុ គ្រាប់សណ្ដែក​១​តុ គ្រាប់ពោត​១​តុ គ្រាប់ល្ង​១​តុ ស្មៅ​ស្រស់​១​តុ ទឹក​១​តុ និង ស្រា​១​តុ​។​
​ ​
​នៅក្នុង ព្រះរាជ​ពិធី នេះ​បន្ទាប់ពី​បាន​ភ្ជួរ​ដូច​បាន​រៀបរាប់​ខាងលើ​មក​គឺជា ពិធី​ផ្សង​គោ​ឧសភ​រាជ្យ​។ ពិធី​ផ្សង គោ​ឧសភ​រាជ្យ ព្រាហ្មណ៍ ដែលជា ព្រះរាជ​គ្រូ សូត្រ​ពាក្យ អធិដ្ឋាន​ផ្សង​គោ ដែល​ទឹម ច្រត់ព្រះនង្គ័ល​នោះ​ឱ្យ​បរិភោគ​អាហារ​៧​យ៉ាង​ខាងលើនេះ​។ កាល​ព្រះ​គោ​បរិភោគ​អ្វីមួយ ព្រាហ្មណ៍ ក៍​ព្យាករណ៍​នូវ​ព្រឹត្តិការណ៍ ឬ ទស្សន៍ទាយ​តាម​ប្រ ផ្នូល​នោះ​សម្រាប់​រយៈពេល ពេញ​មួយ​ឆ្នាំនេះ​ដូចជា ជំងឺ​រាតត្បាត ទឹកជំនន់ ទិន្នផល​ល្អ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ឬ​តិច ជាដើម​។​
​ ​
​សាវតា​រៈ​
​ពួក​បុរាណ​វិទូ​បាន​អះអាងថា ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នេះ​ត្រូវបាន​ព្រះរាជា​ខ្មែរ ប្រារព្ធ​ជា បវេណី​យ៉ាងហោចណាស់​ក៍​តាំងពី សម័យ​ចេនឡា (​សតវត្សរ៍​ទី​៦ ដល់​ដើម សតវត្សរ៍​ទី​៩) ដែល​ដោយ​ពួកគេ​បាន​រកឃើញ​រូបចម្លាក់​ជាច្រើន​បញ្ជាក់​ពី វត្ត​មាននៃ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នេះ​។ ចំពោះ​ស្នាដៃ អក្សរសិល្ប៍​វិញ គឺ​គេ​អាច​ឃើញ​មាន វត្តមាន ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅក្នុង​រឿង​រ៉ា​ម៉ា​យ​ណៈ របស់​ឥណ្ឌា និង រឿង​រាមកេរ្តិ៍​របស់​ខ្មែរ​។
​ ​
​នៅក្នុង​រឿង​រាមកេរ្តិ៍ របស់​ខ្មែរ​មាន​តំណាល​ថា ព្រះ​នាង​សីតា បានចាប់កំណើត​ក្នុងពេលដែល ព្រះបាទ​ជនក កំពុង​ធ្វើ​ពិធី ច្រត់ព្រះនង្គ័ល ហើយក៍​លេចចេញ ព្រះ​នាង ពី​ដី​អាចម៍​ដំណាស់ ដែល​ព្រះអង្គ​កំពុង​ភ្ជួរ​ក្នុង ព្រះរាជ​ពិធី នោះ​។​
​ ​
​នៅក្នុង ពុទ្ធប្បវត្តិ ក៍មាន​ឃើញ​រឿងនេះ​ដែរ​គឺ​នៅពេលដែល ព្រះបាទ​សិ​ទ្ធោ​ទ​ន​(​បិតា​របស់​ព្រះពុទ្ធ​) កំពុង​យាង​ច្រត់ព្រះនង្គ័ល​នោះ ព្រះរាជ​កុមារ សិទ្ធត្ថ បាន​ក្រោក​អង្គុយ​ធ្វើ​សមាធិ​ក​ក្រោម​ដើម ឈើ​បានសម្រេច​ធម៌​ដ៏​សំខាន់​មួយ​។​
​ ​
​សន្និដ្ឋាន​តាម​រូបភាព​ការ ប្រារព្ធ​ពិធី​ច្រត់ព្រះនង្គ័ល នេះ​គ្រាន់តែ​ជា​និមិត្តរូប​ប៉ុណ្ណោះ​ហើយក៍​គ្មាន ទទួលបាន​ភោគផល​អ្វី​ពិតប្រាកដ​ដែល​ដ្បិត​ការ​ភ្ជួរ និង​សាបព្រោះ​ក្នុង​ព្រះ​រាជពិធី នេះ​គ្រាន់ តែ​ជា​តំណាង​ពោល គឺ​ពុំមែន​ជាការ​បង្កបង្កើនផល​ពិតប្រាកដ​ឡើយ​។ ប៉ុន្តែ​ពិធី​នេះ​បង្កប់​ទៅដោយ អត្ថន័យ​ដ៏​សំខាន់ គឺ​បញ្ជាក់ថា ព្រះរាជា ( ឬ ប្រមុខ និង​ថ្នាក់ ដឹកនាំ​ប្រទេស​) យក​ព្រះទ័យ និង​យកចិត្តទុកដាក់​លើ វិស័យ​កសិកម្ម ឬ ការ​បង្កបង្កើនផល ដ្បិត​កម្ពុជា​គឺជា​ប្រទេស​ដែល​ពឹង លើ​វិស័យ​កសិកម្ម​ជា​ចម្បង​។​
​ ​
​មួយវិញទៀត​តាមរយៈ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នេះ​គឺជា​ការ​ក្រើនរំឭក​ដល់​ប្រជានុរាស្ត្រ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ថា “ រដូវ​បង្កបង្កើនផល​បាន​ចូលមក​ដល់​ហើយ​គប្បី​ប្រុងប្រៀប​រៀបចំ កាយ​ចិត្ត និង​ឧបករណ៍​សម្រាប់​ប្រឡូក​ក្នុង​ការដាំដុះ “​។​
​ ​
​ក្នុងន័យនេះ​បើទោះជា​ឆ្នាំនេះ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ត្រូវបាន​លុបចោល​ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល ជំងឺ​កូ​វីដ​១៩ ក្តី​ក៍​អត្ថន័យ​ខាងលើនេះ​គប្បី​នៅតែ​ត្រូវបាន​យកចិត្តទុកដាក់ ហើយ កាន់តែ​យកចិត្តទុកដាក់​ជាពិសេស​ទៀតផង​ព្រោះថា ការ​រាតត្បាត​របស់ ជំងឺ​កូ​វីដ​១៩​បាន​បណ្តាល ឱ្យ​ពិភពលោក​ខ្វះ​ស្បៀងអាហារ​។ ហេតុនេះ​វិស័យ​កសិកម្ម​ពិតជា​កំពុង​ក្លាយជា​មុខសញ្ញា​ដ៏​ចាំ បាច់​បំផុត​មួយ​។ ហេតុនេះ​ទើប​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន​ក្រើនរំឭក​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​គិតគូរ​យកចិត្តទុកដាក់​ជំរុញ​វិស័យ​កសិកម្ម ឱ្យ​ខ្លាំងក្លា​ឡើង​៕ ដោយៈ មេសា​

ទិដ្ឋភាព នៃ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល
ទិដ្ឋភាព នៃ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល
ទិដ្ឋភាព នៃ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល