ប្រវត្តិ និង​អត្ថន័យ រឿងនិទាន នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​

251
ចែករម្លែក

​ភ្នំពេញៈ ការសិក្សា​ទៅក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ ពី​បុរាណ​ខ្លះ គេ​អាច​ដឹងថា គិត​ត្រឹម​សម័យ មហានគរ ខ្មែរ ប្រើប្រាស់​ប្រតិទិន​ចន្ទគតិ ទើប​កំណត់​យក​ខែ មិគសិរ​សម្រាប់​ប្រារព្ធ​ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ​របស់ខ្លួន អំឡុងពេល​ដាច់​ខែធ្នូ នៃ​ប្រតិទិន​សុរិយគតិ គឺ​នៅ​អំឡុងពេល ប្រហាក់ប្រហែល​នឹង​បុណ្យ ចូលឆ្នាំថ្មី​សកល នាពេល​បច្ចុប្បន្ននេះ ។

​ប៉ុន្តែ​ដោយសារ​ភូមិសាស្ត្រ នៃ​ប្រទេស​ខ្មែរ គឺជា​ប្រទេស​ដែលមាន​រដូវ​កាល​តែ​ចំនួន ២ ធំៗ គឺ​រដូវប្រាំង និង​រដូវវស្សា ថែមទាំង​ជា​ភូមិសាស្ត្រ​ដែល​ដី មាន​ជីជាតិ​ល្អ អំណោយ ផល​ផ្នែក​កសិកម្ម ហើ​ប្រជារាស្ត្រ ភាគច្រើន ជា​អ្នក​ប្រកប​រប​កសិកម្ម​រដូវ​វស្សា ទើប​អំឡុង​ខែ មិគសិរ ឬ​ដំណាច់​ខែធ្នូ ជា​ពេលដែល​ប្រជារាស្ត្រ ភាគច្រើន កំពុង​មមាញឹក ក្នុងការ​ប្រមូល​ភោគផល​ដំណាំ ជាពិសេស ផល​ស្រូវវស្សា​របស់ខ្លួន ។​

​ហេតុ​នោះ ព្រះរាជា និង​បុ​រា​ណា​ចា​រ្យ​ខ្មែរ បាន​ប្តូរ​មក​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី នៅ​អំឡុង​ខែចេត្រ គឺ​ពី​ចន្លោះ​ថ្ងៃទី ១៣ ឬ​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា​វិញ ព្រោះ​ពេលនេះ​ជា​ពេលដែល​ប្រជា ពលរដ្ឋ​ខ្មែរ ប្រមូល​ភោគផល រួចរាល់ ស័ក្តិសម​នឹង​ពេល​សប្បាយរីករាយ ។​
​ ​
​ព្រេង​និទាន​នាំឱ្យមាន​បុណ្យចូលឆ្នាំ​
​នៅក្នុង​គម្ពីរ​ព្រះពុទ្ធសាសនា មាន​តំណាល​ថា នៅ​ដើម​ភទ្ទកប្ប​នេះ ព្រះ​បរម​ពោធិសត្វ (​សត្វ ដែល​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ ពោលគឺ​ព្រះ​ពុទ្ធកាល​កើត ក្នុង​កំណើត​ផ្សេងៗ​កាល​មិនទាន់បាន ត្រាស់ដឹង​ជា​ព្រះពុទ្ធ​) បាន​យោនយកកំណើត ឈ្មោះ ធម្មបាល​កុមារ ជា​បុត្រ​របស់​សេដ្ឋី​ម្នាក់​។ ធម្មបាល​កុមារ មាន​ប្រាជ្ញា​លើស​អស់​មនុស្ស​ទាំងពួង សិក្សា​ចេះ​ចប់​ត្រៃវេទ (​គម្ពីរ​ពិសិដ្ឋ​របស់ ព្រហ្មញ្ញសាសនា ដូចជា​គម្ពីរ​ព្រះ​ត្រៃបិដក ក្នុង​ព្រះពុទ្ធសាសនា គម្ពីរ បាយ​ប​ល នៃ​គ្រិស្តសាសនា ឬ​គម្ពីរ​កូ​រ៉ា​អាន់ នៃ​អ៊ិ​ស្លាម​សាសនា​) តាំងពី​អាយុ ៧ ឆ្នាំ​។ ធម្មបាល​កុមារ ចេះ​ស្តាប់​ទាំង​ភាសា​បក្សី និង​ភាសាសត្វ​នានា​។ សេដ្ឋី​ជា​បិតា បាន​សាង​ប្រាសាទ​មួយ​នៅ​ទៀប​នឹង​ដើម​ជ្រៃ​ធំ​មួយ​ដើម ដែល​ជាទី​ស្នាក់នៅ នៃ​បក្សាបក្សី​ទាំងឡាយ សម្រាប់​ឱ្យ​ធម្មបាល​កុមារ រស់នៅ​ហើយ​ប្រាសាទ នោះ ក៏​ជាទី​ដែល​ធម្មបាល​កុមារ ដោះស្រាយ​នូវ​រាល់​ប្រស្នា​បញ្ហា​ទាំងឡាយ​និង​បង្រៀន​ប្រៀន ប្រដៅ​ដល់​ជនានុជន​អំពី​ហេតុដែល​នាំឱ្យ​បាន​សុខ ឬ ទុក្ខ​ផងដែរ ។​
​ ​
​កិត្តិនាម​របស់​ធម្មបាល​កុមារ កាន់តែ​រន្ទឺ​ខ្លាំង​ទៅៗ សូម្បីតែ​ទេវតា ក៏​ពោល​សរសើរ​ដល់​ប្រាជ្ញា ធម្មបាល​កុមា​រដែរ ។​
​ ​
​អស់​រាប់ពាន់​ឆ្នាំ​មកហើយ មនុស្ស និង​ទេវតា តែងតែ​គោរពបូជា តែ​កបិល​មហាព្រហ្ម​មួយអង្គ ប៉ុណ្ណោះ​។ ប៉ុន្តែ​ពេលនេះ បែរ​ជាមាន​មនុស្ស និង​ទេវតា ច្រើន​ទៅៗ ងាក​ទៅ​គោរព​ធម្មបាល កុមារ​ទៅវិញ ។ ប្រការនេះ ធ្វើឱ្យ​កបិល​មហាព្រហ្ម កើត​ទោមនស្ស យ៉ាង​ក្រៃលែង ក៏​គិតថា “ ត្រូវតែ​បង្ក្រាប ឬ​បំបាក់​ធម្មបាល​កុមារ​នេះ ឱ្យបាន ទើប​មនុស្ស និង​ទេវតា​ងាក​មក​គោរ​បូជា​អាត្មា អញ្ញ ( កបិល​មហាព្រហ្ម ) វិញ “ ។​
​ ​
​ថ្ងៃមួយ កបិល​មហាព្រហ្ម ក៏បាន​ប្រកាស​ចុះទៅ​ភ្នាល់​ប្រាជ្ញា ជាមួយ​ធម្មបាល​កុមារ​ដោយ​ដាក់ ប្រស្នា ដល់​ធម្មបាល​កុមា​រថា “ តើ​សិរី ៣ ប្រការ ឋិត​នៅត្រង់ណា “ ដោយ​ទុក​ពេលវេលា ៧ ថ្ងៃ ឱ្យ​ធម្មបាល​កុមារ សម្រាប់​ស្វែងរក​ចម្លើយ ។​
​ ​
​ជាមួយនឹង​សំណួរ​ដែល​មនុស្ស និង​ទេវតា មិនដែល​ធ្លាប់​បានដឹង ឬឮ ពីមុន​មកនេះ​កបិល​មហា ព្រហ្ម ក៏បាន​ភ្នាល់​ផងដែរ​ថា “ ប្រសិនបើ​ធម្មបាល​កុមារ ឆ្លើយ​នឹង​សំណួរ​នេះ មិន​រួច​ទេនោះ នឹងត្រូវ​ប្រគល់​ក្បាល (​របស់​ធម្មបាល​កុមារ​) ទៅឱ្យ​កបិល​មហាព្រហ្ម​។ ផ្ទុយទៅវិញ បើ​ធម្មបាល កុមារ អាច​ដោះប្រស្នា​នេះ​រួច​នោះ កបិល​មហាព្រហ្ម នឹង​កាត់​សិរសា ( ក្បាល ) របស់ខ្លួន ប្រគល់​ទៅឱ្យ​ធម្មបាល​កុមារ​វិញ “ ។​
​ ​
​ធម្មបាល​កុមារ មិន​ចង់​ភ្នាល់​ដ៏​ធំ​បែបនេះ ជាមួយ​កបិល​មហាព្រហ្ម​ដ៏​មហិមា ដែល​មនុស្ស និង​ទេវតា សូម្បីតែ​ធម្មបាល​កុមារ​ខ្លួនឯង ក៏​គោរព​កោតសរសើរ​ដែរ ដូច្នេះ​ឡើយ ប៉ុន្តែ​បញ្ជា របស់​កបិល​មហាព្រហ្ម ពិតជា​មិនអាច​ប្រកែក​បានឡើយ ទើប​ទទួលយក​ការ​ភ្នាល់​នេះ ទាំង​ទើសទាល់ ។
​ ​
​ចាប់តាំងពី​ពេលនោះ​មក ធម្មបាល​កុមារ​តែងតែ​ត​ខិតខំ​ប្រឹងប្រែង​គិតពិចារណា​យ៉ាង​អស់ ពី​លទ្ធភាព អស់​រយៈពេល ៦ យប់ ៦ ថ្ងៃ ក៏​នៅតែ​រក​មិនឃើញ​ពន្លឺ នៃ​ចម្លើយ​ចំពោះ​ប្រស្នា​របស់ កបិល​មហាព្រហ្ម ។​
​ ​
​នៅ​ពេលយប់​ស្ងាត់ នៃ​រាត្រី​ថ្ងៃទី​៦ ធម្មបាល​កុមារ នៅតែ​មិនអាច​រក​ចម្លើយ ចំពោះ​ប្រស្នា​នោះ បាន​ទៀត ដែល​បានសេចក្តីថា សេចក្តីស្លាប់ កំពុង​រង់ចាំ​ធម្មបាល​កុមារ នៅ​ព្រឹកស្អែក​នេះហើយ ។​
​ ​
​នៅ​រាត្រី​នោះ ធម្ម​កុមារ​កុមារ បរម​ពោធិសត្វ បាន​ចុះ​ចាក​ប្រាសាទ ទៅ​អង្គុយ​ក្រោម​ដើមត្នោត (​ឯកសារ​ជាទូទៅ​និយាយថា ធម្មបាល​កុមារ អស់សង្ឃឹម ទើប​ចង់ទៅ​សម្លាប់ខ្លួន ឬ​នឹង​រត់ចោល ប្រាសាទ សុខចិត្ត​ទៅ​ស្លាប់ ឱ្យ​ផុតពី​ភ្នែក​គេ កុំឱ្យ​មហាព្រហ្ម​សម្លាប់ នាំ​ខ្មាស​គេ ។ ប៉ុន្តែ​ខ្ញុំ​យល់ថា នេះ​គឺជា​ការបរិយាយ​មួយ​មិន​សមរម្យ​ចំពោះ​សារជាតិ នៃ​ព្រះ​ពោធិសត្វ​ទាំងឡាយ​ឡើយ ) ទៅ​សញ្ជប់សញ្ជឹង រំពឹងគិត អំពី​ចម្លើយ​ចំពោះ​ប្រស្នា​របស់​មហាព្រហ្ម ។​
​ ​
​ពេលនោះ មាន​សត្វ​ឥន្ទ្រី​យ៍ ញី ឈ្មោល មួយគូ សន្ទនា​គ្នា អំពី​អត្ថន័យ នៃ​សិរី​សួស្តី ៣ ប្រកា​រថា ៖ ទី​១. ពេលព្រឹក​សិរី​សួស្តី ឋិត​នៅលើ​មុខ ( ទើប​មនុស្ស​យក​ទឹក​លាងមុខ​) , ទី ២. ពេល​ថ្ងៃ សិរី​សួស្តី ឋិត​នៅ​ទ្រូង (​ទើប​មនុស្ស​យក​ទឹក​លាង​ទ្រូង​) ចំណែក​ទី​៣. ពេល​ល្ងាច​សិរី​សួស្តី ឋិត​នៅត្រង់​ជើង ( ទើប​មនុស្ស​យក​ទឹក​លាង​ជើង ) ។​
​ ​
​ពេល​បានដឹង​ចម្លើយ​ដូច្នេះហើយ ធម្មបាល​កុមារ ក៏បាន​ត្រឡប់​ទៅ​ប្រាសាទ​របស់ខ្លួន​វិញ ។ លុះ​ស្អែក​ឡើង ក៏​យក​ចម្លើយ​ដែល​ខ្លួន បាន​ចេះ​កាលពី​យប់ ទៅ​ឆ្លើយ​ប្រាប់​កបិល​មហាព្រហ្ម​។ កបិល​មហាព្រហ្ម ក៏​សុខចិត្ត​ព្រម​ចុះចាញ់ ធម្មបាល​កុមារ មហាពោធិ​សត្វ ហើយ​បាន​ធ្វើតាម ការសន្យា គឺ​បាន​កាត់​ព្រះ​សិរសា (​ក្បាល​) របស់ខ្លួន​ប្រគល់​ទៅឱ្យ​ធម្មបាល ។​
​ ​
​ប៉ុន្តែ​ធម្មបាល​កុមារ ក៏បាន​ប្រគល់​សិរសា​កបិល​មហាព្រហ្ម ទៅឱ្យ​បុត្រី​ទាំង ១២​របស់​កបិល មហាព្រហ្ម​វិញ ព្រោះថា ប្រសិនបើ​រក្សាទុក នៅ​ឋានមនុស្ស នឹង​បោះចោល​ទៅក្នុង​ចក្រ​វា​ឡ នឹង​បោះ​ទៅក្នុង​មហាសមុទ្ទ ឬ​កប់​ក្នុង​ដី​ជាដើម​នោះ ទី​ឬ​ឋាន​ទាំងនោះ នឹង​ដល់​នូវ​ក្តី​វិនាស​អន្តរាយ ព្រោះតែ​កម្ដៅ​កើតចេញពី​ព្រះ​សិរសា កបិល​មហាព្រហ្ម​នោះឯង ។​
​ ​
​ដោយហេតុនេះ ព្រះ​បុត្រី​ទាំង ១២ អង្គ​របស់​កបិល​មហា​ព្រហ្ម ក៏បាន​ទទួលយក​ព្រះ​សិរសា របស់​កបិល​មហាព្រហ្ម ទៅ​ដា​ក់លើ​ជើងពាន​មាស តម្កល់ទុក​នៅឯ​ភ្នំ​កៃលាស​ដោយ​ផ្លាស់​វេន​គ្នា យាម ការពារ​មួយអង្គ មួយអន្លើ ដោយ​ពពួក​ទេពតា រាប់​កោដិ​អង្គ ក្នុង​មួយឆ្នាំ​ម្តង​វិលជុំ ។​

​ក្នុងពេលដែល​ទេពធីតា ផ្លាស់​វេន​គ្នា ក្នុងការ​មើលថែ​ព្រះ​សិរសា កបិល​មហាព្រហ្ម​នោះឯង គឺជា​ពេល​ឆ្លង​ឆ្នាំ​ចាស់ ផ្លាស់​ចូលឆ្នាំថ្មី ឬ ថា​ជា​ពេល​ចូលឆ្នាំថ្មី នោះឯង​ហោង ។
​ ​
​ធម្មបាល​កុមារ លុះ​ក្រោយមក​បានក្លាយ​ជា ព្រះសម្មាសម្ពុទ្ធ សមណៈ​គោត្ត​ម បរម​សាស្តា នៃ​យើង​នេះ​ហោង ។​
​ ​
​ពិភាក្សា​បន្ថែម​
​នៅក្នុង​សាច់រឿង​ដូច ដែល​លើកឡើង ខាងលើ​មកនេះ គឺ​និយាយថា ធម្មបាល​កុមារ​ព្រះមហា ពោធិសត្វ មាន​ប្រាជ្ញា​ដ៏​អស្ចារ្យ សូម្បីតែ​ទេវតា ក៏​កោតសរសើរ​ដែរ ។ ប៉ុន្តែ​នៅពេលដែល​ត្រូវ ទទួល ការ​ភ្នាល់ ដាក់​ក្បាល​របស់ខ្លួន ជាមួយ​កបិល​មហាព្រហ្ម បែរជា​រក​ចម្លើយ​មិនឃើញ ហើយក៏​ស្រាប់តែ​ទៅ​ចេះ ដោយសារ​ការសន្ទនា​គ្នា រវាង​សត្វ​ឥន្ទ្រី​យ៍ ញី និង​ឈ្មោល​មួយគូ ទៅវិញ​។ ចំណុច​នេះ​បានសេចក្តីថា ព្រះ​បរម​ពោធិសត្វ​មួយអង្គ បែរជា​កំសាក​ខ្លាច​ស្លាប់ ហើយ​ប្រាជ្ញា​អន់​ជាង​ឥន្ទ្រី​យ៍ ដែលជា​សត្វ​តិរច្ឆាន​ទៅវិញ ។​
​ ​
​តាមពិត មិនមែន​ដូច្នោះ​ទេ​! លោកអ្នក​ប្រាជ្ញា បាន​ពន្យល់​ចំណុច​នេះ​ថា ឥន្ទ្រី​មួយគូ នៅពេលនេះ មិនមែនជា​សត្វ​ឥន្ទ្រី​យ៍ មែនទែន​ឡើយ គឺ​គ្រាន់តែ​ជាការ​ប្រៀបធៀប​ប៉ុណ្ណោះ ។ ឥន្ទ្រី​យ៍​ញី លោក​ប្រៀបដូចជា សេចក្តី​ព្យាយាម របស់​ព្រះ​ធម្មបាល​កុមារ បរម​ពោធិសត្វ (​វិ​រិ​យិ​ន្ទ្រិ​យ​= ឥន្ទ្រី​យ៍ គឺ​សេចក្តី​ព្យាយាម​) ចំ​ណែ​ឥន្ទ្រី​យ៍ ឈ្មោល គឺជា​បញ្ញា​របស់​ព្រះ​ធម្មបាល​កុមារ មហាពោធិ​សត្វ (​ប​ញ្ញិ​ន្ទ្រី​យ​= ឥន្ទ្រី​យ៍ គឺ​ប្រាជ្ញា​) ។ ជា​សរុបទៅ ការរកឃើញ​ចម្លើយ​ចំពោះ​សិរី​សួស្តី​ទាំង ៣ ប្រការ​នោះ គឺ​មិនមែន​ធម្មបាល​កុមារ ចេះ​ពីស​ត្វ​ឥន្ទ្រី​យ៍​ទេ ប៉ុន្តែ​បាន​ចេះដឹង​ដោយសារ “ ការព្យាយាម និង​ប្រាជ្ញា “ របស់​ព្រះ​ពោធស​ត្វ ផ្ទាល់​តែម្តង ។​
​ ​
​ទោះយ៉ាងណា នៅក្នុង​សាច់រឿង ខាងលើនេះ គឺ​រំលេច​ថា ព្រះ​ពោធិសត្វ ស្តាប់​ការសន្ទនា របស់​សត្វ​ឥន្ទ្រី​យ៍​ញី​ឈ្មោល​មួយគូ ។ ចំណុច​នេះ លោកអ្នក​និពន្ធ​ចង់​ប្រៀនប្រដៅ​ដល់​ជន​នា​នុ​ជន ឱ្យ​ចេះ​ស្តាប់​អ្នកដទៃ​ផង បើទោះជា​ខ្លួនឯង ជា​អ្នក​កំពូល​លើ​មនុស្ស​ទាំងពួង​ដោយ​ប្រាជ្ញា ( ឬ ដោយ​អ្វី​ផ្សេងទៀត​ក៏ដោយ )​។​

​ចំណុច​ដែល​ធម្មបាល​កុមារ ខំប្រឹង​ស្រាវជ្រាវ​រក​ចម្លើយ ចំពោះ​ប្រស្នា​នោះ បានសេចក្តីថា ទោះជា​ខ្លួនឯង សិក្សា​រៀន​សូ​ត្រូ ចេះដឹង​ច្រើន​លើស​មនុស្ស​ទាំងពួង ហើយ​ក្តី​ក៏​ត្រូវតែ​សិក្សា​ថ្មីៗ បន្ថែមទៀត គឺ​សិក្សា​ទាំងពី​មនុស្ស ទាំងពី​សាស្ត្រា​នានា ទាំងពី​ធម្មជាតិ (​សត្វ​ឥន្ទ្រី​យ៍ ក៏​សំដៅ​ដល់ ថា ធម្មជាតិ ផងដែរ ) ។​
​ ​
​ព្រះ​សិរសា​កបិល​មហាព្រហ្ម​
​នៅមាន​ចំណុច​ខ្លះទៀត ដែល​គួរ​ត្រូវបាន​ពិចារណា​ផងដែរ ដូចជា ព្រះ​ស​រិ​សា កបិល​មហាព្រហ្ម កាត់​ប្រគល់​ទៅ ធម្មបាល​កុមារ និង​មូល​អត្ថន័យ នៃ​ការយក​ព្រះ​សិរិ​សា​នោះ​ទៅ​តម្កល់​នៅ​នា​ភ្នំ កៃលាស ជាដើម ។​

​ចំពោះ ព្រះ​សិរសា កបិល​មហាព្រហ្ម ដែល​កាត់​ប្រគល់​ទៅ ធម្មបាល​កុមារ​ត្រូវបាន​លោកអ្នក​ប្រាជ្ញ ទាំងឡាយ បកស្រាយ កបិល​មហាព្រហ្ម បាន​សេចក្តី ព្រះ​ហ្ម​ញ្ញ​សាសនា ចំណែក​ធម្មបាល ពោធិសត្វ តំណាងឱ្យ​ព្រះពុទ្ធសាសនា ។ ដូច្នេះ​រឿងនិទាន​នោះ ជាការ​ប្រៀបធៀប​នូវ​ទំនោរ ឬ​ឥទ្ធិពល​នៅក្នុង​សង្គម​ខ្មែរ នា​សម័យ​កាលណោះ គឺ​ដើមឡើយ ព្រហ្មញ្ញសាសនា​មាន​ឥទ្ធិពល ខ្លាំង ក្នុងសង្គម​ខ្មែរ ហើយ​ក្រោយមក ព្រះពុទ្ធសាសនា មាន​ឥទ្ធិពល​ជាង​ទើប​ភាពជា​អ្នក​នាំ មុខ​ផ្នែក​សាសនា​ក្នុង​នគរ ត្រូវ​ធ្លាក់​ទៅខាង​ព្រះពុទ្ធសាសនា​វិញ​ម្តង ។​

​រីឯ​មូល​ហេតុដែល ព្រះ​រិ​សា កបិល​មហាព្រហ្ម​ប្រសិនបើ​គេ​យកទៅ​ចោល​នៅ​ទីឋាន​ណា ធ្វើឱ្យ​ទីឋាន​នោះ ដល់​នូវ​ក្តី​ក្តៅក្រហាយ ឆេះ​អន្តរាយ លុះត្រាតែ​យកទៅ​តម្កល់ នៅ​ទី​ភ្នំ​កៃលាស ទើប​មិន​កើតក្តី​វិនាស បង្កប់​អត្ថន័យ​ថា ប្រសិនបើ​យក​ព្រះ​សិរសា កបិល​មា​ហ​ព្រហ្ម​ទៅ​ចោល ផ្តេសផ្តាស បានសេចក្តីថា អ្នក​កាន់​ព្រះពុទ្ធសាសនា ឬ​អ្នកជំនាន់ក្រោយ បោះបង់ចោល​អ្នក​ចាស់ មិន​គោរព​អ្នក​ចាស់ អ្នក​ជំនាន់​មុន ឬ បុព្វបុរស​របស់ខ្លួន នឹង​នាំឱ្យមាន​ជម្លោះ​រវាង​អ្នក​អ​ភ​រិ​ក្ស​និយម និង​ក្រុម​នវ ឬ​ក្រុម​ទំនើបនិយម នាំឱ្យ​កើត​ក្តៅក្រហាយ​វឹកវរ​ក្នុងសង្គម ។ ដ្បិតថា​តាំងពី​កបិល មហាព្រហ្ម កាត់​សិរសា​របស់ខ្លួន ប្រគល់​ទៅ​ធម្មបាល​កុមារ​មក បានសេចក្តីថា​វប្បធម៌​ព្រហ្មញ្ញ សាសនា ឬ​ព្រា​ហ្ម​និយម បានក្លាយ​ទៅជា​រឿង​អតីតកាល ឬ ក្លាយទៅជា​ប្រវត្តិសាស្ត្រ និង​ជា ប្រពៃណី ទំនៀមទម្លាប់​បុរាណ ហើយក៏​បានសេចក្តីថា ជា​បុព្វបុរស​របស់​សង្គម ឬ​ប្រជាជាតិ មួយ​ដែរ ។​
​ ​
​ការណ៍​ដែល​យក​ព្រះ​សិរសា​កបិល​មហាព្រហ្ម ទៅ​តម្កល់​នៅ​ភ្នំ​កៃលាស​បានសេចក្តីថា ប្រពៃណី​វប្បធម៌ ប្រវត្តិសាស្ត្រ និង​បុព្វបុរស ត្រូវបាន​គិតគូរ​យក​ចិត្ត​ទុកដាក់ អភិរក្ស​តម្កល់​តម្កើង ឬ​និយាយ​ម្យ៉ាង​ទៀតថា ប្រពៃណី​វប្បធម៌ ប្រវត្តិសាស្ត្រ ឬ​បុព្វបុរស គេ​ត្រូវតែ​ចងចាំ និង​សិក្សា ស្វែងយល់​ឱ្យបាន​ច្បាស់លាស់ ស៊ីជម្រៅ និង​ទូលំទូលាយ​ដើម្បី​ស្ថាបនា​ផ្លូវត្រូវ​ផ្លូវ​ចម្រើន សម្រាប់​បច្ចុប្បន្ន និង ទៅ​អនាគត ។​

​ជា​សរុបទៅ បានសេចក្តីថា ត្រូវ​រស់នៅ និង​ប្រ​ត្តិ​ប​ត្តិ​តាម​របៀបរបប​ថ្មី បង្កើត​ទស្សនៈ​និង​ច្នៃ ប្រឌិត​ថ្មី ស្រាវជ្រាវ​រាវរក​វិធី​ថ្មីៗ ប៉ុន្តែ​រឿង​ចាស់ ឬ ប្រវត្តិសាស្ត្រ គេ​មិនត្រូវ​បំភ្លេចចោល គេ​មិនត្រូវ​បោះបង់ ត្រូវ​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ និង ប្រពៃណី​វប្បធម៌​របស់ខ្លួន​ផង ។​

​ចំពោះ​អត្ថន័យ សេរី ៣ ប្រការ ស្តាប់ទៅ ហាក់ដូចជា សាមញ្ញ​ណាស់ មិន​សមជា​បញ្ហា​ធំដុំ រហូត​យក​ជា​រឿង​ភ្នាល់​ដាក់ ក្បាល​បែបនេះ​ឡើយ ។ តាមពិត ៣ ប្រការ គឺ លាងមុខ លាង​ទ្រូង និង លាង​ជើង​នោះ គ្រាន់តែ​ជាការ​ប្រៀបធៀប​ប៉ុណ្ណោះ ។ សេចក្តី​នៃ​សេរី ៣ ប្រការនេះ​ត្រូវបាន លោកអ្នក​ប្រាជ្ញា បកស្រាយ​ដោយ​ជ្រាលជ្រៅ ទូលំ ទូលាយ​ណាស់​ដែល​សូម​មិនទាន់​លើក​មក បរិយាយ នៅទីនេះ​ឡើយ ៕ ដោយៈ មេសា​

គំនូរ​បរិយាយ​អំពី​រឿង​ធម្មបាល​កុមារ ទទួល​ការ​ភ្នាល់​គ្នា​ជាមួយ​កបិល​មហាព្រហ្ម ( ចូលឆ្នាំ​ខ្មែរ​)